ជាតិ
មន្ត្រីសុខភាពសត្វ ដកហូតបាន​ពងមាន់​៦ម៉ឺន​គ្រាប់​ដែលនាំ​ចូលខុសច្បាប់ពីវៀតណាម
30, Jun 2023 , 11:00 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ
មន្ត្រីជំនាញ នៃអគ្គនាយក​ដ្ឋានសុខភាពសត្វ បានឃាត់​រថយន្ត​២គ្រឿង​ ដែល​​ដឹក​ស៊ុត​មាន់សរុប ៦ម៉ឺន​គ្រាប់​ពី​​វៀតណាម ចូលមក​កម្ពុជា​ដោយគ្មានលិខិតអនុញ្ញាត។



បើតាម​គណនី​ហ្វេសប៊ុក លោក​ ហ៊ុន សារ៉ាត់​ អនុ​ប្រធាន​នាយក​ដ្ឋាន​សុខ​​ភាព​សត្វ ​ការបង្ក្រាបនេះ ធ្វើឡើងនៅយប់​ថ្ងៃទី​ ២៨ មិថុនា នៅ២ទីតាំងខុសគ្នា គឺរថយន្តមួយគ្រឿង ​​ត្រូវបានសមត្ថកិច្ចឃាត់នៅចំណុចស្តុបផ្សារអង្គតាសោម ក្នុង​ស្រុកត្រាំកក់ ខេត្តតាកែវ​។ រថយន្ត​ដឹក​​ស៊ុតមាន់ចំនួន ៣ម៉ឺន​គ្រាប់ ចេញពីវៀតណាម ចូល​មកកម្ពុជាតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បម្រុង​ឆ្ពោះទៅ​ចែកចាយ​នៅ​ខេត្តព្រះសីហនុ។
  


ចំណែករថយន្តមួយគ្រឿងទៀត ត្រូវសមត្ថកិច្ចឃាត់នៅចំណុច​ភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្តនេះ ក៏បាន​ដឹក​ស៊ុត​មាន់ ៣ម៉ឺនគ្រាប់ ពីវៀតណាម​ ចូលមក​កម្ពុជា តាម​ច្រ​ក​ភ្នំដិនដែរ ហើយបម្រុងយកស៊ុតទាំងនោះ​ទៅ​លក់​​នៅ​ខេត្ត​កំពង់​ស្ពឺ​។ 
 
វត្ថុ​តាង​ដែលឃាត់បាន ត្រូវបាន​យកទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិត​កម្មសត្វ ដើម្បីបន្តនីតិវិធីតាមច្បាប់។ នេះ​បើតាម​​ហ្វេសប៊ុក ​​លោក ហ៊ុន សារ៉ាត់ ដដែល៕
 

Tag:
 កសិកម្ម
  ពង​មាន់​
© រក្សាសិទ្ធិដោយ thmeythmey.com