ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ ប្រាប់ស្ថាបនិកដែលសុំបង្កើតបក្សកម្លាំងជាតិ ឲ្យបំពេញចំណុចខ្វះខាតសិន
01, Jul 2023 , 6:00 pm        
រូបភាព
ដោយ៖ ទេពញាណ

ក្រុមស្ថាបនិក មិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ក្នុងការបង្កើតគណបក្សកម្លាំងជាតិឡើយ ព្រោះក្រោយពិនិត្យលើសំណើសុំបង្កើតគណបក្សថ្មីនេះ ក្រសួងមហាផ្ទៃ រកឃើញចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែម។


 
តាមរយៈលិខិតដែលផ្ញើទៅលោក ស៊ុន ចន្ធី តំណាងស្ថាបនិកគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឲ្យស្ថាបនិកគណបក្សនេះ បំពេញលក្ខខណ្ឌ២ គឺទី១ ត្រូវបំពេញតាមមាត្រា៩នៃច្បាប់គណបក្សនយោបាយ និងទី២ ត្រូវរៀបចំឡើងវិញនូវសញ្ញាគណបក្ស ទៅតាមមាត្រា១១ថ្មីនៃច្បាប់គណបក្សនយោបាយ។ 
 
លោក ស៊ុន ចន្ធី បានដាក់សំណើទៅក្រសួងមហាផ្ទៃ ក្នុងអំឡុងខែមិថុនា ដើម្បីសុំបង្កើតគណបក្សកម្លាំងជាតិ បន្ទាប់ពីលោក ចាកចេញពីគណបក្សភ្លើងទៀន។ កាលនៅក្នុងគណបក្សភ្លើងទៀន លោក ជាអគ្គលេខាធិការរង ហើយក៏ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណ​បក្សផងដែរ។ យោងតាមសំណើ ទីស្នាក់កាលកណ្តាលរបស់គណបក្សកម្លាំងជាតិ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕ 
 

Tag:
 (ស៊ុន ចន្ធី
  បក្សកម្លាំងជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com