កីឡាជាតិ
ជាតិ
បណ្ដាលក្លិបនៅលីគកំពូលកម្ពុជា៖ រដូវកាល ២០២៣-២៤ នឹងក្លាយជាការប្រជែងដ៏អស្ចារ្យ
02, Jul 2023 , 8:20 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងណាហ្គាវើលដ៍ ពានរង្វាន់ លីគខាប់ រូបពី CPL
ការប្រកួតរវាងភ្នំពេញក្រោន និងណាហ្គាវើលដ៍ ពានរង្វាន់ លីគខាប់ រូបពី CPL
ថ្នាក់ដឹកនាំក្លិបនៃលីគកីឡាបាល់ទាត់កំពូលកម្ពុជា Cambodian Premier League មើលឃើញថា គ្រប់ក្រុមទាំងអស់សុទ្ធតែមានកម្រិតខ្លាំង ដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តនៅរដូវកាលថ្មី ព្រោះដោយសារក្លិបបាននាំយកសមាសភាពកីឡាករបរទេស ដែលមានគុណភាពទៅពង្រឹងក្រុម។



នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodian Premier League (CPL) បានចាប់ឆ្នោតដំណើរការប្រកួតរដូវកាល ២០២៣-២០២៤។ បន្ទាប់ពីការចាប់ឆ្នោតនោះរួច ថ្នាក់ដឹកនាំក្លិបមួយចំនួន ជឿថាឆ្នាំនេះ គ្រប់ក្រុមទាំងអស់មានកម្រិតខ្លាំង ដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត។
 
លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជាច្រើនក្នុងលីគកំពូល បាននាំយកកីឡាករអាស៊ានចូលរួម។ ការប្រកួតរដូវកាលនេះ នឹងទាក់ទាញជាងឆ្នាំមុនៗ ព្រោះកម្រិតលេងកាន់តែខ្លាំង។ «ខ្ញុំគិតថាឆ្នាំនេះ ការប្រកួតប្រជែង នឹងមានកម្រិតខ្ពស់ជាងឆ្នាំកន្លងទៅ ព្រោះវត្តមានក្លិប ក្នុងលីគសុទ្ធតែខ្លាំង ហើយពួកគេបានត្រៀមខ្លួនយ៉ាងល្អ»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។
 
ដូចគ្នានេះដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការក្លិបអង្គរថាយហ្គឺរ យល់ថា នេះ គឺជារដូវកាលដែលប្រកួតប្រជែងកាន់តែខ្លាំងរបស់ក្លិបលោក ដូច្នេះហើយក្លិប មានទីតាំងនៅសៀមរាបនេះ គឺត្រូវត្រៀមលក្ខណៈឲ្យបានច្រើន ដោយក្នុងនោះ មានទាំងការនាំយកកីឡាករ ដែលមានសមត្ថភាពខ្ពស់ និងការសាងសងកីឡដ្ឋានថ្មីផ្ទាល់ខ្លួនមួយ។ អគ្គលេខាធិការក្លិបរូបនេះ និយាយដូច្នេះថា៖«ខ្ញុំ ជឿថាពួកគាត់ នឹងអាចជួយក្លិបបានច្រើន ហើយកីឡាករបរទេសទាំងនោះ នឹងល្អជាងឆ្នាំមុនទៀត។»។
 
ដោយឡែក លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ បង្ហាញពីអារម្មណ៍សប្បាយ ដោយឃើញក្រុមបាល់ទាត់ទាំងអស់បានត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ជាពិសេសទៀតនោះ គឺក្លិបព្រៃវែង និង អាយ អេស អាយ ដង្កោសែនជ័យ ដែលមកពីលីគ២ បានចូលរួមលីគកំពូលក្នុងឆ្នាំនេះ។ គ្រូបង្វឹករូបនេះ ក៏បានបញ្ជាក់ថា ក្រុមណាហ្គាវើលដ៍ បានត្រៀមលក្ខណៈរួចរាល់ហើយ ព្រោះតាមរយៈការប្រកួតកន្លងមក ដូចជាលីគខាប់ ទាំងអស់នេះ បានបង្ហាញពីលក្ខណៈ នៃការត្រៀមខ្លួនរបស់ក្រុមលោក។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League 2023-2024 នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីការចាប់ឆ្នោតសម្រាប់ដំណើរការប្រកួតរដូវកាលនេះ វិសាខា ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ ចំណែក ព្រៃងវែង ត្រូវប៉ះជាមួយ ណាហ្គាវើលដ៍។ លុះចូលមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ ត្រូវជួបជាមួយ ព្រះខ័ន្ធរាជ ស្វាយរៀង។ ចំណែក ម្ចាស់ជើងឯកលីគកំពូលរដូវកាល ឆ្នាំ២០២២  ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ក្លិបបឹងកេត។ ក្នុងថ្ងៃជាមួយគ្នានោះដែរ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ អង្គរថាយហ្គឺរ។

Tag:
 (បាល់ទាត់)
© រក្សាសិទ្ធិដោយ thmeythmey.com