ជាតិ
ក្រុមយុវជនល្ខោនខោល បង្ហាត់ល្ខោនខោលឥតគិតថ្លៃ ដើម្បីបណ្តុះអ្នកបន្តវេន
02, Jul 2023 , 10:20 pm        
រូបភាព
រូបភាព៖ យុវជនល្ខោនខោលកម្ពុជា
រូបភាព៖ យុវជនល្ខោនខោលកម្ពុជា
ភ្នំពេញ៖ ក្រុមយុវជនល្ខោនខោលកម្ពុជា បានបើកវគ្គបង្ហាត់ល្ខោនខោល និងរបាំបុរាណ ឥតគិតថ្លៃដល់ក្មេងៗ និងយុវជនជំ​នាន់ក្រោយ។ លោក ខុន ច័ន្ទសិទ្ធិការ្យ​ ប្រធានយុវជនល្ខោនខោលកម្ពុជា បានលើកឡើងថា ការបង្ហាត់ល្ខោនខោល ដើម្បីបណ្តុះអ្នកបន្តវេន  បង្កើនធនធានមនុស្ស និងចូលរួមថែរក្សាសិល្បៈខ្មែរ។


ស្ទីឌីយ៉ូរបាំ យុវជនល្ខោនខោលកម្ពុជា ជាទីតាំងបង្ហាត់របាំបុរាណ ល្ខោនខោល រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៨ កន្លះ ដល់ម៉ោង ១០ កន្លះព្រឹក។ កុមារា កុមារី និងយុវជន ដែលមានបំណងហាត់ល្ខោនខោល របាំ អាចចូលហាត់រៀនដោយឥតគិតថ្លៃ ជាមួយគ្រូបង្ហាត់របាំមានបទពិសោធច្រើនឆ្នាំ។ ក្រៅពីរបាំបុរាណ និងល្ខោនខោល សិស្សក៏អាចរៀនគូរគំនូរផងដែរ។
  

លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានយុវជនល្ខោនខោលកម្ពុជា

លោក ខុន ច័ន្ទសិទ្ធិការ្យ បានប្រាប់សារព័ត៌មាន ThmeyThmey ថា បច្ចុប្បន្ន សិស្សដែលចូលហាត់រៀនមានជិត ៣០នាក់ ដោយចាប់ផ្តើមបង្ហាត់រយៈពេល ៤ខែកន្លងមក។ កុមារ និងយុវជនភាគច្រើន មកពីបណ្តាលសមាគមមួយចំនួន និងសិស្សដែលរស់នៅជិតទីតាំងហាត់សម។ 
 
ប្រធានយុវជនល្ខោនខោលកម្ពុជា បញ្ជាក់ដូច្នេះថា៖ «យើងចង់បង្កើតកន្លែងបង្ហាត់នេះ ឱ្យទៅជាសហគមន៍ដែលបណ្តុះបណ្តាលអ្នកបន្តវេនសិល្បៈខ្មែរផងដែរ។ ខ្ញុំចង់ឱ្យ យុវជនល្ខោនខោលកម្ពុជា ក្លាយជាចំណែកមួយក្នុងការបណ្តុះធនធាននាពេលអនាគត។ សម្រាប់អ្នកចង់ស្គាល់ និងយល់ដឹងពីល្ខោនខោល ឬរបាំបុរាណ ក៏អាចមកហាត់រៀនបានផងដែរ។ អ្វីដែលសំខាន់ គឺចង់ឱ្យពួកគាត់បានស្គាល់សិល្បៈខ្មែរឱ្យកាន់តែច្បាស់។»
 
លោក សិទ្ធិការ្យ រំពឹងថា បន្ទាប់ពីយុវជនបានហាត់រៀន ពួកគេនឹងយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃវប្បធម៌ខ្មែរ ជាពិសេសផលលំបាកអំឡុងពេលហាត់ មុននឹងអាចសម្តែងនៅលើឆាក បង្ហាញពីសិល្បៈខ្មែរទៅកាន់មនុស្សជុំវិញខ្លួន តាមរយៈសមត្ថភាពសិល្បករផងដែរ។
 
នាពេលកន្លងមក យុវជនល្ខោនខោលកម្ពុជា តែបង្ហាញវត្តមាននៅក្នុងកម្មវិធីសិល្បៈខ្មែរនានា។ ក្នុងនោះ ក្រុមយុវជនល្ខោនខោលកម្ពុជា ក៏ធ្លាប់បានបង្កើតកម្មវិធីទស្សនា ល្ខោនខោល ឥតគិតថ្លៃជាច្រើន ដោយមានអ្នកគាំទ្រយ៉ាងកុះករ ជាពិសេស ការបណ្តុះធនធានមនុស្សជាច្រើន ៕

Tag:
 ThmeyThmey
  យុវជនល្ខោនខោលកម្ពុជា
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com