ជាតិ
ឈ្លូស មានសមត្ថភាពបន្លឺសំឡេងរហូតដល់ ១គីឡូម៉ែត្រ
03, Jul 2023 , 8:00 am        
រូបភាព
រូបភាព៖ WWF Cambodia
រូបភាព៖ WWF Cambodia
ភ្នំពេញ៖ ឈ្លូស (Red muntjac) បានចាត់ទុកជាប្រភេទសត្វមានចំនួនបង្គួរនៅលើពិភពលោក។ សត្វព្រៃមួយប្រភេទនេះ ឆ្លើយតបគ្នារហូតដល់រយៈពេល ១ ម៉ោង ក្នុងករណីជួបគ្រោះអាសន្ន ដោយបន្លឺសំឡេងរហូតដល់ ១ គីឡូម៉ែត្រ។ សត្វឈ្លូល ងាយគ្រោះថ្នាក់ដោយសារការបរបាញ់ និងពពួកស៊ីសាច់ឆៅ។



សត្វឈ្លូសដែលជម្រុះស្នែង ជាប្រភេទសត្វដែលមានមាឌតូច មានស្នែងខ្លីប្រវែងពី ១០-១៥ សង់ទីម៉ែត្រ ដោយខ្នែងបែកចេញពីស្នែងមានប្រវែងត្រឹម ៥ សង់ទីម៉ែត្រ។ ឈ្លូសញីគ្មានស្នែងដូចឈ្លូសឈ្មោលនោះទេ គ្រាន់តែលេចចេញជាដុំពកឆ្អឹងតូចនៅពីលើក្បាល ជាមួយរោមកញ្ចុំប៉ុណ្ណោះ។ ឈ្លូសញី និងឈ្មោលមានចង្កូមដូចគ្នា ប៉ុន្តែឈ្មោលមានលក្ខណៈវែងជាង ដែលប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយគូប្រជែង នៅពេលដណ្តើមញីនៅរដូវបន្តពូជ។ 
 
ឈ្លូស មានរោមពណ៌ត្នោត លឿង ហើយមានភាពស្រគាំនៅផ្នែកខាងលើ និងព្រលែតនៅផ្នែកខាងក្រោម។ ទម្រង់ផ្ទៃមុខ បង្ហាញនូវខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំងពីរ លើកន្ទុយមានពណ៌ក្រហម និងខាងក្រោមមានពណ៌ស។


 WCS Cambodia

សត្វមួយប្រភេទនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅក្នុងព្រៃគ្រប់ប្រភេទ វាមានសមត្ថភាពបន្លឺសំឡេងខ្លាំង រហូតដល់ ១ គីឡូម៉ែត្រ។ 
 
ចំណីរបស់វា មានដូចជាមែកឈើតូចៗ ស្លឹករុក្ខជាតិ ផ្លែឈើ និងកូនឈើ។ ជាទូទៅ ឈ្លូស ចេញរកចំណីពេលថ្ងៃ ប៉ុន្តែវាក៏ចេញរកចំណីពេលយប់ ក្នុងករណីមានការវាយប្រហារណាមួយ។ សម្រាប់ការបន្តពូជ ចាប់ផ្តើមនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។
 
សត្វឈ្លូស ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ បើទោះមិនមានទិន្នន័យច្បាស់លាស់ តែអ្នកជំនាញថា ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ ដោយឡែក ប្រទេសកម្ពុជា សត្វឈ្លូសសម្បូរស្ទើរគ្រប់ទីកន្លែង តែមិនមានអាចប៉ាន់ស្មានដឹង ចំនួនពិតប្រាកដឡើយ៕ 
 
ប្រភពពី៖ក្រសួងបរិស្ថាន
 

Tag:
 ThmeyThmey
  ឈ្លូស
© រក្សាសិទ្ធិដោយ thmeythmey.com