ជាតិ
លោក យ៉ង់ សាំងកុមារ ប្រាប់មន្រ្តី​នៅ​មូលដ្ឋាន ឱ្យ​ខិតខំ​​ប្រែ​ក្លាយ​កសិកម្មឃុំ-​ស្រុក​ទៅបែប​ទំនើប​
03, Jul 2023 , 8:00 pm        
រូបភាព
Front លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួង_កសិកម្ម។ រូបភាពពី_លោក យ៉ង់ សាំងកុមារ
Front លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួង_កសិកម្ម។ រូបភាពពី_លោក យ៉ង់ សាំងកុមារ
ភ្នំពេញ៖ លោក យ៉ង់ សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បាន​លើក​ឡើង​នូវ​គំនិត​ចំនួន ៧​ចំណុច ដល់​មន្រ្តី​កសិកម្ម​នៅតាម​មូលដ្ឋាន ដើម្បីចូលរួម​អភវិឌ្ឍន៍​កសិកម្ម​ឱ្យ​រីក​ចម្រើន។ បើតាម​បណ្ឌិត​កសិកម្ម​រូបនេះ មន្រ្តី​កសិកម្ម​ ​ត្រូវខិតខំ​ប្រែក្លាយកសិកម្មឃុំ និងស្រុកឱ្យទៅជាកសិកម្មទំនើប និង​បន្ត​​លើក​កម្ពស់​គុណ​ភាព និងសុវត្ថិភាព នៃផលិតផលកសិកម្ម។



នា​ពេលកម្មវិធីចែករំ​​លែកលទ្ធផលការងារកសិកម្មឃុំរយៈពេល៦ខែ កាលពី​ថ្ងៃ​៣០ មិថុនា នៅ​ខេត្ត​កំពង់​​ចាម លោក យ៉ង់ សាំង​កុមារ បាន​មើល​ឃើញ​ពី​ភាព​ល្អប្រសើររបស់​មន្រ្តីកសិកម្មឃុំចំនួន ១០ ដែល​ជួយ​សម្រប​សម្រួលបច្ចេកទេស ដល់​កសិករ​ក្នុង​ស្រុក​គោល​ដៅ។ រដ្ឋលេខាធិការរូបនេះ រីករាយ​ដែល​កសិករ​ចូលរួម​សហការ​យក​បច្ចេក​ទេស​កសិកម្ម​ថ្មី​ លើ​ការងារ​ផលិតកម្ម​ស្រូវ  ពិសេស​​ផ្នែក​ស្រាវ​ជ្រាវ​អភិវឌ្ឍន៍​​ពូជ។​
  

រូបភាពពី លោក យ៉ង់ សាំងកុមារ

តាម​រយៈ​លទ្ធផល​វិជ្ជមាននេះ លោក យ៉ង់ សាំង​កុមារ បន្ត​ណែនាំ​គំនិតចំនួន ៧ ចំណុច​ដល់​មន្រ្តី​កសិកម្ម​ និង​អាជ្ញាធរ​មូល​ដ្ឋាន ត្រូវ​​ខិតខំ​ប្រែ​ក្លាយ​កសិកម្ម​ឃុំ-ស្រុកឱ្យទៅជាកសិកម្មទំនើប ដែល​ធន់​នឹង​ការ​ប្រែ​ប្រួល​ឤកាសធាតុ។ ជាមួយ​គ្នានេះ មន្រ្តី​កសិកម្ម ត្រូវ​បន្ត​លើក​កម្ពស់​ការ​ចូល​រួមរបស់​​វិនិយោគិន​​ឯកជន​គ្រប់​ខ្សែច​ង្វាក់​តមៃ្ល​កសិកម្ម​ ដើម្បី​សម្រេច​គោលដៅផ្សារភ្ជាប់ទីផ្សារ។​
 
បើតាម​រដ្ឋលេខាធិការរូបនេះ មន្រ្តី​កសិកម្ម​ ​ត្រូវ​ជំរុញ​លើក​កម្ពស់​គុណភាព​ និងសុវត្ថិភាព នៃ​ផលិត​ផល​កសិកម្ម ដើម្បី​កាត់បន្ថយការប្រើធាតុគីមីខ្ពស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ដី និង​ខូច​ទីផ្សារ។​ បន្ថែម​លើនេះ លោក​បណ្ឌិត ចង់​ឱ្យ​មន្រ្តី​កសិកម្ម បន្ត​​​ជំរុញ​ការសហការ និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មីៗ​  ដើម្បី​បង្កើ​នផលិត​ភាព និងគុណភាពផលិតផលកសិកម្ម។
  

រូបភាពពី លោក យ៉ង់ សាំងកុមារ

នៅ​ចំពោះមុខ​កសិករ​នៅ​សាលា​ស្រុក​ជើង​ព្រៃ បណ្ឌិត​កសិកម្ម​ យ៉ង់ សាំង​កុមារ ក៏​លើកពី​ការ​​ពង្រឹង និងពង្រីកប្រព័ន្ធស្រោចស្រពស្រែចម្ការផងដែរ។ ចំណុចនេះ លោក ផ្ដោត​លើ​ការ​សហការ​រវាង​មន្ទីរ​កសិកម្ម​ ជាមួយមន្ទីរធនធានទឹក និងឤជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ធានា​ផ្តល់​ទឹកគ្រប់គ្រាន់បម្រើឱ្យកសិករ។
 
ដើម្បី​ឱ្យ​ផលិត​កម្ម​កសិកម្ម​ផ្សារ​ភ្ជាប់​នឹង​ទី​ផ្សារ មន្រ្តី​កសិកម្ម​ ត្រូវ​បន្ត​ជំរុញ​ចង​ក្រង​ និង​ពង្រឹង​សហគមន៍​កសិករ​  ដែល​មាន​សក្តានុពលក្នុងទីផ្សារ ដើម្បីបង្កើន​ការចរចារតម្លៃ និង​ពង្រីកទីផ្សារកសិកម្មរបស់កម្ពុជា។ ក្រៅ​នេះ មន្រ្តី​កសិកម្ម ក៏​ត្រូវ​​តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលការណ៍ ស៤ តាមរយៈការពង្រឹង និងពង្រីកការងារដាំដើមព្រៃឈើឱ្យបានកាន់តែទូលំទូលាយ។ នេះ​បើតាមលោក យ៉ង់ សាំង​កុមារ នា​កម្មវិធីចែករំលែកលទ្ធផលការងារកសិកម្មឃុំរយៈពេល៦ខែ និង​ចែក​ពូជ​ស្រូវ​គ្រឹះ​ដល់​កសិករ​គោលដៅ៕ 

Tag:
 កសិកម្ម​
  យ៉ង់ សាំង​កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com