កីឡាជាតិ
ជាតិ
ក្រោយឈ្នះមេដាយស៊ីហ្គេមលើកដំបូង កង់ភ្នំកម្ពុជាត្រៀមប្រជែងមេដាយនៅថៃ ម៉ាឡេស៊ី និងសិង្ហបុរី
04, Jul 2023 , 10:00 pm        
រូបភាព
ក្រុមអត្តពលិកកីឡាកង់ភ្នំំកម្ពុជា
ក្រុមអត្តពលិកកីឡាកង់ភ្នំំកម្ពុជា
ដោយ:
លោក អ៊ុច វិបុល គ្រូបង្វឹកកីឡាកង់ភ្នំកម្ពុជា រំភើបចិត្តជាខ្លាំងដែលអត្តពលិកកីឡាកង់ភ្នំកម្ពុជា​អាចដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ១ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលពេលវេលានេះគឺរង់ចាំរយៈពេល ២០ឆ្នាំមកហើយ។ សម្រាប់គោលដៅបន្ត លោក វិបុល ថាសហព័ន្ធនឹងបន្តប្រឹងប្រែងបន្ថែមទៀតនាស៊ីហ្គេម២០២៥ នៅប្រទេសថៃ។

 
ថ្លែងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ ពីទឹកដីខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុច វិបុល គ្រូបង្វឹកកីឡាកង់ភ្នំកម្ពុជាលើកឡើងថា ការទទួលបានមេដាយ២ ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តស៊ីហ្គេម២០២៣ នៅកម្ពុជា គឺជាអ្វីដែលសហព័ន្ធកីឡាទោចក្រយានចង់បានចង់ឃើញ ពីមុនមក។
 


លោក អ៊ុច វិបុល និយាយថា៖«សម្រាប់កីឡាកង់ភ្នំយើងទទួលបានមេដាយ២ ជាប្រវត្តិសាស្រ្ត ដែលយើងអាចនិយាយបានថាសម្រាប់ ២០ឆ្នាំយើងមិនដែលទទួលទេ»។ គ្រូបង្វឹកកីឡាកង់ភ្នំកម្ពុជា បន្ថែមថា ការឈ្នះមេដាយស៊ីហ្គេមនេះជារឿងរីករាយ និងអស្ចារ្យណាស់សម្រាប់មន្រ្តីសហព័ន្ធថ្នាក់ដឹកនាំ និងអត្តពលិកដែលរួមគ្នាធ្វើរហូតសម្រេចបាននូវលទ្ធផលផ្លែផ្កាដ៏គាប់ប្រសើរ។
 
ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា មន្រ្តីសហព័ន្ធដដែលបង្ហើបថា សម្រាប់កីឡាកង់ភ្នំនឹងមិនសម្រាកយូរនោះទេ អត្តពលិក ក៏ដូចជាគ្រូបង្វឹកនឹងចាប់ផ្តើមចូលជំរំហ្វឹកហាត់ឡើងវិញនៅពាក់កណ្តាលខែកក្កដា នេះដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ និងការប្រកួតផ្សេងៗទៀត។ 
 
«ចប់ស៊ីហ្គេមឥឡូវនេះយើងនឹងបន្តផែនការ៦ឆ្នាំបន្ទាប់ទៀតសម្រាប់ការត្រៀមខ្លួនព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥នៅប្រទេសថៃ ២០២៧ នៅប្រទេសម៉ាឡេស៊ី និង២០២៩ នៅប្រទេសសិង្ហបុរី»។ លោក អ៊ុច វិបុល បញ្ជាក់ដូច្នេះ។
 
គួរំលឹកផងដែរ សម្រាប់កីឡាកង់ភ្នំកម្ពុជា ទទួលបានមេដាយសរុប២ ក្នុងនោះមេដាយប្រាក់១ និងសំរឹទ្ធ១ ដែលធ្វើបានដោយកីឡាករ ឃឹម ម៉េងឡុង។ សម្រាប់ទីតាំងហ្វឹកហាត់បន្តបន្ទាប់សហព័ន្ធកីឡាទោចក្រយានកម្ពុជា យកទីលានបន្ទាយស្រី(ជើងភ្នំគូលែង) ជាកន្លែងហាត់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ៕

Tag:
 (កីឡាទោចក្រយាន
 អ៊ុច វិបុល)
© រក្សាសិទ្ធិដោយ thmeythmey.com