ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន បានត្រឹមមើលគេ
04, Jul 2023 , 5:40 pm        
រូបភាព
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បើកកិច្ចប្រជុំនាពេលកន្លងមក (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បើកកិច្ចប្រជុំនាពេលកន្លងមក (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
ដោយ៖ ទេពញាណ
 
គ្មានឡើយ ក្បួនឃោសនារបស់គណបក្សភ្លើងទៀន នៅលើដងផ្លូវ។ គណបក្សជំទាស់លេចធ្លោមួយនេះ ស្ថិតក្នុងសភាពស្ងៀមស្ងាត់ ខណៈគណបក្សនានា កំពុងចេញឃោសនាយ៉ាងសប្បាយរីករាយ និងចាក់សំឡេងតាមឧគ្ឃោសនសព្ទនៅតាមបណ្តាទីស្នាក់ការរបស់ខ្លួនយ៉ាងកងរំពង។


 
លោក រ៉ុន ឈុន អនុប្រធានគណបក្សភ្លើងទៀន មិនបង្ហាញអារម្មរណ៍សោកស្តាយអ្វីឡើយ ពេលមិនមានគណបក្សភ្លើងទៀន ក្នុងអំឡុងឃោសនានេះនឹងគេ។ មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនរូបនេះ និយាយជាមួយសារព័ត៌មានថ្មីៗ ថា លោក មានអារម្មណ៍ធម្មតា។ 
 
លោក បន្តថា ទោះគណបក្សភ្លើងទៀន មិនបានចូលរូមប្រកួតក្នុងការបោះឆ្នោត តែថ្នាក់ដឹកនាំគណបក្ស នៅតែចុះជួបសកម្មជន អ្នកគាំទ្រ និងថ្នាក់ដឹកនាំតាមមូលដ្ឋាន ដើម្បីលើកទឹចិត្តពួកគេ និងពង្រឹងកម្លាំង សម្រាប់ត្រៀមប្រកួតនៅពេលក្រោយ។ អ្នកនយោបាយ ដែលមានប្រវត្តិចេញពីសហជីពនិងគ្រូបង្រៀនរូបនេះ បញ្ជាក់ដូច្នេះថា៖«យើង នឹងមានកម្មវិធីចុះតាមបណ្តាលខេត្ត-រាជធានី ទៅតាមគម្រោងរបស់គណបក្ស។ យើង អត់បានប្រកាសថា ផ្អាកសកម្មភាពទេ»។
 
គណបក្សភ្លើងទៀន តែងបង្ហោះរូបភាពនិងព័ត៌មានអំពីសកម្មភាពនយោបាយនានារបស់ខ្លួនលើទំព័រហ្វេសប៊ុក។ យ៉ាងណាក៏ដោយចុះ គេ ខានឃើញគណបក្សនេះ បង្ហោះរូបភាពនិងព័ត៌មានពីជំនួបរវាងថ្នាក់ដឹកនាំ និងអ្នកនៅមូលដ្ឋានអស់៤-៥ថ្ងៃហើយ ពោលគឺ ចាប់តាំងថ្ងៃឃោសនាចាប់ផ្តើមមក។ 
 
រាប់ទាំងថ្ងៃទី៤ ខែកក្កដានេះផង យុទ្ធនាការឃោសនារកសំឡេងឆ្នោត មានរយៈពេល៤ថ្ងៃហើយ ហើយនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រំលង១ថ្ងៃ ដល់ថ្ងៃ២៣កក្កដា គឺជាថ្ងៃបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ការឃោសនា ដែលចាប់ផ្តើមពីថ្ងៃដំបូងមក ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ និងគ្មានហិង្សានោះទេ។  
 
គេ ដឹងគ្រប់គ្នាហើយថា គណបក្សភ្លើងទៀន ត្រូវអាជ្ញាកណ្តាល មិនចុះឈ្មោះក្នុងបញ្ជីប្រកួតប្រជែង ដោយសារគណបក្សនេះ បាត់ឯកសារដើមស្តីពីការចុះបញ្ជីបញ្ជីគណបក្ស ដែលចេញដោយក្រសួងមហាផ្ទៃ៕ 

Tag:
 (គណបក្សភ្លើងទៀន
  រ៉ុង ឈុន
  ឃោសនា)
© រក្សាសិទ្ធិដោយ thmeythmey.com