ជាតិ
ឃ្លាំងស្ដុក​ស្រូវចំណីចំណុះ ១០០តោននៅ​ស្រុកតំបែរ នឹងជួយ​​បង្កើនតម្លៃដល់​អ្នក​ផលិត និង​កែច្នៃ​
06, Jul 2023 , 10:29 am        
រូបភាព
 រូបភាពពី​ហ្វេសប៊ុក​ក្រសួង​កសិកម្ម
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​កសិកម្ម
ភ្នំពេញ៖ ឃ្លាំងស្ដុកស្រូវចំណីចំណុះ ១០០តោន និងជាឃ្លាំងស្តុកស្រូវដំបូងបង្អស់ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ កាលពីថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។ ឃ្លាំងនេះស្ថិតនៅភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ​ ​គឺជាកម្មសិទ្ធិរបស់សហគមន៍កសិកម្មតំបែររុងរឿង។វា ត្រូវបានសាងសង់ឡើងក្រោមគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ក្នុងពិធីសម្ពោធឃ្លាំងស្តុកស្រូវនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើង​ថា វត្តមានឃ្លាំង​ថ្មីនេះ នឹងអនុញ្ញាតឱ្យកសិករលក់ស្រូវស្ងួតដែលមានតម្លៃខ្ពស់ ហើយក៏ជួយបង្កើនចំណូលដល់អ្នកផលិត និងកែច្នៃផងដែរ។ តាមរយៈទំព័រហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ក៏ជឿជាក់​ថា ឃ្លាំងស្ដុកស្រូវនេះនឹងជួយជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ ទីផ្សារ និងទំនុកចិត្តពីអ្នកទិញបន្ថែមដែរ។ 
 
ជុំវិញសមិទ្ធផលថ្មីរបស់សហគមន៍កសិកម្មតំបែររុងរឿង​នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានប្រាប់ Thmey Thmey 25 តាមទូរសព្ទថា វានឹងជួយបង្កើតមុខរបរ និងបង្កើនចំណូលដល់សហគមន៍ តាមរយៈការកែច្នៃ។ 
 
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​កសិកម្ម

បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ឃ្លាំងស្ដុកស្រូវចំណី នឹងជះផលវិជ្ជមានដល់សមាជិកសហគមន៍ ១៥០នាក់។ «កសិផល បានពីដើមពីចម្ការមកឡើងឡាន។ យើងមិនបានកែច្នៃសោះ បើបានកែច្នៃខ្លះ គឺល្អ ដែលគាត់មិនបាច់ទិញអង្ករពីស្រុកដទៃទេ»។ នេះជាការលើកឡើងរបស់លោក ហេង ពិសិដ្ឋ ដោយលោកសង្ឃឹមថា សមាជិកសហគមន៍នឹងប្រឹងប្រែង ដើម្បីឱ្យជីវភាព និងសហគមន៍រីកចម្រើន៕ 

  
រូបភាពពី​ហ្វេសប៊ុក​ក្រសួង​កសិកម្ម
 
 

Tag:
 ឃ្លាំងស្តុកស្រូវ
  ស្រូវ
  តំបែរ
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com