ជាតិ
សេដ្ឋកិច្ច
៦ខែ កម្ពុជានាំចេញ​កសិផលទៅក្រៅប្រទេស​ ធ្លាក់​ចុះ២២ភាគរយ ដោយសារ​វិបត្តិសេដ្ឋកិច្ចសកល​
06, Jul 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ច​សកលលោក, ការប្រែប្រួល​អាកាសធាតុ, ការនាំចេញ​ដោយ​គ្មាន​ការ​ស្នើ​សុំវិញ្ញាបនបត្រភូតគាមអនាម័យ​ និង​កំណើន​នៃ​ការ​ស្រូ​ប​ទាញ​យក​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ដើម្បី​ផលិត​ចំណី​សត្វ បាន​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា ថយចុះ២២,៥២ភាគរយ ​ក្នុង​ឆមាសទី១ ឆ្នាំ​២០២៣។ នេះបើតាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ចេញ​ផ្សាយ​ថ្ងៃទី​៣០ មិថុនា។​

ក្នុង​រយៈពេល ៦ខែ ឆ្នាំ​២០២៣នេះ បរិមាណ​នាំចេញ​កសិផល​ទៅ​កាន់​ប្រទេស ៦៧ មានជិត ៤លានតោន ក្នុង​នោះ​អង្ករចំនួន ៣២៩ ៦៣៣តោន, ស្រូវ​ចំនួន ១ ២២៦ ៤០០តោន និង​កសិផល​ក្រៅពី​ស្រូវអង្ករ មាន​ចំនួន ២ ៣៤៥ ១៨០,៧៧តោន។ ទិន្នន័យនេះ ថយ​ចុះ​ចំនួន ២២,៥២ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២។​
  


របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បាន​បង្ហាញថា កសិផល​ដែលនាំចេញ​ថយចុះ មាន​ចំណិត​ដំឡូង​មីក្រៀម,​ ដំឡូង​មី​ស្រស់, ម្សៅ​ដំឡូង​មី, គ្រាប់​ស្វាយ​ចន្ទី, គ្រាប់​ពោត, គ្រាប់​សណ្ដែក​បាយ, គ្រាប់​សណ្ដែក​សៀង, ​ផ្លែ​ចេក​ស្រស់, ផ្លែ​ស្វាយ​ស្រស់ និង​ម្រេច។ ចំណែក​កសិផល​ ដែល​កើន​ឡើង​មាន​ដូចជា ស្រូវ, អង្ករ, កាក​សំណល់​ដំឡូង​មី, ដំណាប់​ស្វាយ, ផ្លែ​មៀន​ស្រស់, ដូង​ប្រេង, បន្លែ​ចម្រុះ​ និ​ងកសិផល​៧៥មុខ​ផ្សេងទៀត។​
 
ជុំ​វិញ​បញ្ហា​ការ​នាំចេញ​កសិផល​ថយចុះ​នេះ លោក ងិន ឆាយ អគ្គនាយកនៃ​អគ្គនាយកដ្ឋានកសិកម្ម បាន​បញ្ជាក់ក្នុង​របាយការណ៍ថា កើត​ឡើង​ដោយសារវិបត្តិសេដ្ឋកិច្ច​សកលលោក ដែល​បណ្ដាល​ឱ្យ​ការ​បញ្ជាទិញ​​ទំនិញ​គ្រប់​ប្រភេទ​ថយចុះ និង​បង្អាក់​ចរន្ត​ពាណិជ្ជកម្ម។ លោក បន្តថា​ កំណើន​នៃ​ការ​ស្រូប​ទាញ​យក​វត្ថុ​ធាតុ​​ដើម​ក្នុង​ស្រុក​ដើម្បី​ផលិត​ចំណី​សត្វ​ និង​ការ​កែច្នៃ​ក្នុង​ប្រទេស​បណ្ដាល​ឱ្យ​មាន​កំណើន​នៃ​ការ​ស្រូប​​យក​ផលិត​ផល​ស្រស់​មក​កែច្នៃ។ 
  
រូបភាពពីអគ្គនាយកដ្ឋាន​កសិកម្ម

ក្រៅ​ពី​ចំណុចទាំងនេះ នៅមាន​បញ្ហាចំពោះ​ដំណាំ​មួយចំនួន ដោយសារ​ស្ថានភាព​មិនច្បាស់​លាស់ខាង​ទីផ្សារ និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ទិន្នផល និង​គុណភាព​។ បើតាម​លោក ងិន ឆាយ បញ្ហា​ចុងក្រោយ គឺ​ការ​នាំ​ចេញ​ដោយ​គ្មាន​ការ​ស្នើ​សុំ​វិញ្ញាបន​បត្រ​ភូតគាម​អនាម័យ (​ការនាំ​ចេញ​ក្រៅផ្លូវការ​) តាម​ច្រក​របៀង​ទៅ​កាន់​វៀតណាម និង​ថៃមួយចំនួន មិន​មាន​ការ​កត់​ត្រា។ 
 
ទន្ទឹម​នឹង​ការ​លើក​ឡើង​ពី​បញ្ហា​ អគ្គ​នាយក​រូបនេះ ក៏​បង្ហាញ​ពី​ដំណោះស្រាយ ដោយ​ជំរុញ​​ឱ្យ​វិស័យ​ឯកជន​​ស្វែង​រក​ដៃ​គូ​បញ្ជា​ទិញ​ឱ្យ​បាន​ច្រើន​ជាង​ទីផ្សារ​ដែល​មាន​ស្រាប់។ លោក បន្ថែមថា ត្រូវ​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិឧស្សាហកម្ម​​ ដើម្បី​លើក​កម្ពស់​ផលិត​ភាព និង​ជំរុញ​ដល់​ការនាំចេញ​ផលិត​ផល​កែច្នៃផងដែរ។ 
  
លោក ងិន ឆាយ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កសិកម្ម។ រូបភាពពីអគ្គនាយកដ្ឋាន​កសិកម្ម

លោក ងិន ឆាយ ចង់​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​វេទិកា និងពិព័រណ៍​នានា ដើម្បីទាក់ទាញ​ការ​វិនិយោគ និង​ពង្រីកទីផ្សារ។ លើសពីនេះ ជំរុញ​ដល់​វិស័យ​ឯកជន ក្នុង​ការ​ចូលរួម​វិនិយោគ​លើ​ការ​ផលិត​ធាតុ​ចូល​កសិកម្ម​ក្នុង​ស្រុក​ ដើម្បី​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម។ 
 
​តាម​ការ​ប៉ាន់​ស្មានរបស់អគ្គនាយកដ្ឋានកសិកម្ម ​ការនាំចេញ​នេះ មាន​តម្លៃសរុប​ជាង ២ពាន់លានដុល្លារ។​ លោក ងិន ឆាយ អះអាងថា​ បើ​ទោះ​បី​ការ​នាំ​ចេញទៅ​ក្រៅ​ប្រទេស​​ថយចុះ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត ឬ​មាន​បញ្ហាចាល់លក់មិនអស់​នោះទេ៕ 
 
 

Tag:
 កសិកម្ម​
  នាំ​ចេញ​
  ស្រូវ
  អង្ករ
  កសិផល
© រក្សាសិទ្ធិដោយ thmeythmey.com