ជាតិ
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ ម្នាក់ៗចង់បានសេវាទូរសព្ទល្អ តែមិនសហការ
06, Jul 2023 , 4:59 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានថ្លែងសន្ទរកថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយពី«គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា» នៅថ្ងៃទី ៦ ខែកក្កដា។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានថ្លែងសន្ទរកថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយពី«គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា» នៅថ្ងៃទី ៦ ខែកក្កដា។
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងសាងសង់បង្គោលអង់តែនជាច្រើន  ដើម្បីដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត នៅតាមបុរី និងនៅរាជធានីភ្នំពេញ ។ ទន្ទឹមនោះ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ក៏បានត្អូញត្អែរពីផលលំបាកនៃការសាងសង់បង្គោលអង់តែន ព្រោះពលរដ្ឋ និងស្ថាប័នរដ្ឋខ្លះ មិនសហការជាមួយក្រសួង តែចង់បានសេវាទូរសព្ទល្អ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 



ក្នុងសិក្ខាសាលាផ្សព្វផ្សាយពី«គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ» នៅថ្ងៃទី ៦ ខែកក្កដា លោក ជា វ៉ាន់ដេត បានថ្លែងថា បច្ចុប្បន្នក្រសួងប្រៃសណីយ៍ បានកំណត់បុរីចំនួន៦៨ ក្នុងរាជធានីភ្នំពេញ  សាង់សងបង្គោលអង់តែន ដើម្បីដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត។ បច្ចុប្បន្ន ក្រសួង បានសាង់សងបង្គោលអង់តែន បានចំនួន៧២បង្គោលហើយ តែសល់ចំនួន១៦បង្គោលទៀត ព្រោះពលរដ្ឋខ្លះមិនឱ្យសង់ និងមកពីមូលហេតុផ្សេងៗទៀត។ 
 
មិនត្រឹមតែនៅតាមបុរីប៉ុណ្ណោះទេ ក្រសួងប្រៃសណីយ៍ ក៏នឹងសាងសង់បង្គោលអង់តែន នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន១២០០បង្គោល ដើម្បីពង្រឹងសេវាទូរសព្ទចល័ត។ នេះបើតាម លោក ជា វ៉ាន់ដេត ដែលបានបន្ថែមថា ការងារដោះស្រាយបញ្ហាសេវាទូរសព្ទនេះ ជារឿងលំបាកមួយ ព្រោះពលរដ្ឋ និងស្ថាបនរដ្ឋខ្លះមិនសហការជាមួយក្រសួង។ 
 
លោក ជា វ៉ាន់ដេត បានលើកឡើងថា៖« វាជាការងារលំបាកណាស់ និយាយស្រួល និន្ទាស្រួលណាស់ ដល់ពេលទៅដល់កន្លែងរកបង្គោលវិញបានលំបាក ។​ ផ្ទះខ្ពស់គេអត់ឱ្យឡើង  ផ្ទះខ្លះសុខចិត្តជួលឱ្យក្រុមហ៊ុន ប៉ុន្តែអ្នកជិតខាងអត់ឱ្យជួល កន្លែងខ្លះអត់មានដី អត់មានកន្លែងសាងសង់ ។ កន្លែងសារធារណៈបើយើងសង គេជេយើងទៀត។ អ៊ីចឹងរយៈពេល៥ខែនេះ  យើងធ្វើការអស់រយៈពេលជាង១ឆ្នាំ ដើម្បីកំណត់ ទីតាំងសង់បង្គោលអង់តែន គឺយើងទើបតែរកបង្គោលបាន​ប្រហែលបាន៣០០បង្គោល។ ទៅដល់កន្លែងណាក៏ប៉ះពាល់ដែរ សូម្បីតែស្ថាប័នរដ្ឋមួយចំនួន ក៏មានគំនិតចង្អៀតចង្អល់ដែរ មិនមែនតែឯកជនទេ។ ប៉ុន្តែម្នាក់ៗ ចង់បានសេវាល្អ សេវាទូរសព្ទអត់ល្អ និន្ទាក្រសួង» ។
 
ទន្ទឹមនឹងការជំរុញសេវាទូរសព្ទចល័តនៅរាជធានីភ្នំពេញ រដ្ឋមន្រ្តីរូបនេះ បានឱ្យដឹងថា  ក្រសួងប្រៃសណីយ ក៏បានវាស់ស្ទង់សេវាទូរសព្ទនៅតាមបណ្ដាខេត្ត ដោយនឹងសាងសង់បង្គោលអង់តែនថែមទៀត ដើម្បីពង្រឹងសេវាទូរសព្ទទូទាំងប្រទេស។ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត រំពឹងថា ការសាង់សងបង្គោលអង់តែន នៅតាមបណ្ដាលខេត្ត​អាចនឹងមិនជួបផលលំបាកដូចនៅភ្នំពេញទេ ព្រោះមានដីទំនេរច្រើន ថ្លៃជួលតម្លៃទាប ហើយពលរដ្ឋអាចសហការជាមួយក្រសួងច្រើន៕ 
 

Tag:
 សេវាទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com