ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន អះអាងថា កេរ្តិ៍ឈ្មោះខ្លួនល្បីលើឆាកអន្តរជាតិ ទោះមិនបានចូលប្រកួត
06, Jul 2023 , 6:29 pm        
រូបភាព
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសដល់សារព័ត៌មាន AFP នៅស្នាក់ការគណបក្ស កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសដល់សារព័ត៌មាន AFP នៅស្នាក់ការគណបក្ស កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)។
ដោយ៖ ទេពញាណ
ទោះគ្មានវត្តមានក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនឹងគេ តែគណបក្សភ្លើងទៀន បានបង្ហាញសកម្មភាពនានារបស់ខ្លួននៅលើបណ្តាញសង្គម ដោយក្នុងនោះ ក៏មានកិច្ចសម្ភាសរវាងថ្នាក់ដឹកនាំខ្លួន ជាមួយសារព័ត៌មានអន្តរជាតិល្បីៗមួយចំនួនផងដែរ។ ប្រហែលដោយសារមានអ្នកកាសែតពីសារព័ត៌មានអន្តរជាតិទៅសម្ភាសដល់ទីស្នាក់ការបែបនេះហើយ ទើបគណបក្សជំទាស់មួយនេះ អះអាងថា ខ្លួនល្បីលើឆាកអន្តរជាតិ។

 
ភ្ជាប់ជាមួយរូបភាពអំពីកិច្ចសម្ភាសរវាងថ្នាក់ដឹកនាំខ្លួន ជាមួយអ្នកកាសែតនៃសារព័ត៌មានរ៉យទរ (Reuters) ជាសារព័ត៌មានលំដាប់អន្តរជាតិមួយ គណបក្សភ្លើងទៀន សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«មិនបានចូលរួមការបោះឆ្នោត ប៉ុន្តែកេរ្តិ៍ឈ្មោះគណបក្សភ្លើងទៀន ល្បីល្បាញលើឆាកអន្តរជាតិ»។ 
 
អ្នកដែលផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Reuters គឺលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។ ក្រៅពីសារព័ត៌មាន Reuters នៅមានសារព័ត៌មានអន្តរជាតិទៀត ដែលទៅសម្ភាសថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ នាពេលថ្មីៗនេះ លោក គីមសួរ ភីរិទ្ធ ទើបនឹងបានផ្តល់បទសម្ភាសដល់សារព័ត៌មានវីអូអេខ្មែរ (VOA Khmer) ហើយលោក រ៉ុង ឈុន ជាអនុប្រធានគណបក្សភ្លើងទៀន បានផ្តល់បទសម្ភាសដល់សារព័ត៌មាន អាហ្វេបប៉េ (AFP)។ 
 

 លោក គីមសួរ ភីរិទ្ធ ផ្តល់បទសម្ភាសដល់សារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ (រូបពីគណបក្សភ្លើងទៀន)។
 
បើតាមសំណេរលើទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន កិច្ចសម្ភាសទាំងនេះ ជាទូទៅ ផ្តោតលើដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតឆ្នាំ២០២៣ ដោយមិនមានវត្តមានគណបក្សជំទាស់។ គណបក្សភ្លើងទៀន លើកឡើងថា ថ្នាក់ដឹកនាំខ្លួន បានផ្ដល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានអន្តរជាតិជាបន្តបន្ទាប់។
 
គណបក្សនានា កំពុងនាំគ្នាធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយគ្មានគណបក្សភ្លើងទៀន។ ដំណើការឃោសនានេះ ចាប់ផ្តើមដំបូង នៅថ្ងៃ១កក្កដា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃ២១កក្កដា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងប្រព្រឹត្តទៅនៅថ្ងៃ២៣កក្កដា។ គណបក្សភ្លើងទៀន មិនត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត ដោយសារបាត់ឯកសារដើមស្តីពីការចុះបញ្ជីគណបក្ស ដែលចេញដោយក្រសួងមហាផ្ទៃ។ 
 
លោក រ៉ុង ឈុន ប្រាប់សារព័ត៌មានថ្មីៗថា ទោះគ្មានវត្តមានក្នុងពេលឃោសនា និងមិនបានចូលរួមប្រកួតក្នុងការបោះឆ្នោត តែថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅតែបន្តធ្វើសកម្មភាព ដោយចុះជួបសកម្មជន អ្នកគាំទ្រ និងថ្នាក់ដឹកនាំតាមមូលដ្ឋាន ដើម្បីលើកទឹចិត្តពួកគេ និងពង្រឹងកម្លាំង សម្រាប់ត្រៀមប្រកួតនៅពេលក្រោយ៕   
 

Tag:
 បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com