អន្តរជាតិ
សម្ព័ន្ធមិត្តអូតង់កំពុងពិចារណាពន្លឿនសមាជិកភាពរបស់អ៊ុយក្រែន
07, Jul 2023 , 8:30 am        
រូបភាព
 ប្រធានាធិបតី Volodymyr Zelenskyy (កណ្តាល) កាន់បង្ហាញពាក្យដាក់របស់អ៊ុយក្រែនសុំពន្លឿនចូលសមាជិកភាពអង្គការអូតង់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតី Volodymyr Zelenskyy (កណ្តាល) កាន់បង្ហាញពាក្យដាក់របស់អ៊ុយក្រែនសុំពន្លឿនចូលសមាជិកភាពអង្គការអូតង់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ដោយ: VOA
ការបន្តការគាំទ្រខាងយោធាដល់ប្រទេសអ៊ុយក្រែន នឹងស្ថិតនៅលើគេក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការអូតង់ (NATO) រយៈពេល២ថ្ងៃពីថ្ងៃទី១១ដល់១២ ខែកក្កដា នៅទីក្រុងវិលនីញូស ប្រទេសលីទុយអានី។ រដ្ឋាភិបាលក្រុងកៀវ កំពុងជំរុញសម្ព័ន្តមិត្តអូតង់ ឲ្យពន្លឿនសំណើសុំចូលជាសមាជិករបស់អ៊ុយក្រែនក្នុងកិច្ចប្រជុំនោះ។

 
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងពន្យារអាណត្តិរបស់លោកមួយឆ្នាំទៀត នៅពេលដែលបស្ចិមប្រទេសស្វះស្វែងរក្សាសាមគ្គីភាពក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ី។
 
អ៊ុយក្រែន បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការអូតង់ជាផ្លូវការកាលពីខែកញ្ញាឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់រុស្ស៊ីកាត់ខ្វៀលដែនដីដែលរុស្ស៊ីបានឈ្លានពាននៅប៉ែកខាងកើតប្រទេស។
 
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឲ្យអង្គការអូតង់ផ្តល់សមាជិកភាពដល់ខ្លួនឲ្យបានច្បាស់លាស់និងឆាប់រហ័ស។
 
លោក Zelenskyy បាននិយាយក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក្នុងទីក្រុងកៀវកាលពីថ្ងៃទី១ខែកក្កដាថា៖ «ក្នុងកិច្ចប្រជុំនៅទីក្រុង វិលនីញូស យើងត្រូវការសញ្ញាយ៉ាងច្បាស់និងប្រាកដប្រជាថា អ៊ុយក្រែនអាចនិងមានសិទ្ធិក្លាយជាសមាជិកស្មើភាពរបស់សម្ព័ន្ធអូតង់ ក្រោយពីសង្គ្រាម»។
 
ការទាមទាររបស់អ៊ុយក្រែន ទទួលបានការគាំទ្រពីសមាជិកជាច្រើនរបស់អូតង់រួមទាំងអង់គ្លេស ប៉ូឡូញ និងបណ្តារដ្ឋក្នុងតំបន់ Balticផង។ ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅទីក្រុងវិលនីញូស គឺប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda និយាយថា ការផ្តល់សញ្ញាច្បាស់លាស់ពីសម្ព័ន្ធមិត្តអូតង់ដល់រដ្ឋាភិបាលក្រុងកៀវ មានសារៈសំខាន់។
 
លោក Nauseda បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៣ខែកក្កដាថា៖ «យើងទាំងអស់គ្នាយល់ថាពេលនេះ ចំពេលដែលមានសង្គ្រាម អ៊ុយក្រែនមិនអាចចូលអូតង់ភ្លាមៗបានទេ។ យើងយល់ថាពលរដ្ឋអ៊ុយក្រែនក៏យល់ដែរ។ តែនេះគ្រាន់តែបើកផ្លូវឲ្យបន្តនីតិវិធី បើសង្គ្រាមចប់និងពេលស្ថានការណ៍អំណោយផលប៉ុណ្ណោះ»។
 
ប៉ុន្តែប្រទេសក្នុងសម្ព័ន្ធមិត្តអូតង់ខ្លះ ជាពិសេសសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ មិនទាន់យល់ស្របចំពោះការពន្លឿនសមាជិកភាពរបស់អ៊ុយក្រែននៅឡើយទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com