ជាតិ
មនុស្ស១៤នាក់​ស្លាប់ និង២៧នាក់​របួស ដោយសារ​អគ្គិភ័យ​ក្នុង​ឆមាសទី១
07, Jul 2023 , 6:59 pm        
រូបភាព
រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ក្នុង​រយៈពេល៦ខែ​ ឆ្នាំ២០២៣នេះ គ្រោះ​អ​គ្កិ​ភ័យ​បាន​កើតឡើង​ចំនួន៣៣៧លើក នៅ​ទូទាំងប្រទេស និង​បណ្តាល​ឱ្យ​មនុស្ស ១៤នាក់​ស្លាប់ ​និង២៧នាក់​រងរបួស។ ​ទិន្នន័យរបស់​គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បង្ហាញថា ​រាជធានីភ្នំពេញ កើត​គ្រោះ​អគ្គិភ័យច្រើនជាងខេត្ត​ដទៃ។​

ក្នុង​ចំណោម​គ្រោះ​អគ្គិភ័យ ៣៣៧លើក​ នៅទូទាំង​ប្រទេស​ មានតែរាជធានីភ្នំពេញទេ ដែលកើតឡើងច្រើនជាងគេរហូតដល់​៦២លើក ខណៈខេត្តមណ្ឌលគិរី និងខេត្ត​កែប កើតឡើងតែ​១លើក​ប៉ុណ្ណោះ។ បើតាម​​ទិន្នន័យរបស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះ​អគ្គិភ័យ ៦ខែនេះ​ បាន​ធ្វើ​ឱ្យ​ខូចខាត​​ និង​បាត់បង់​ផ្ទះ​ ៣៧២ខ្នង, តូប ៥៩កន្លែង, ឃ្លាំងទំនិញ និង​រោងចក្រ ១៤កន្លែង, សាលារៀន និង​អគាររដ្ឋបាល ៧ កន្លែង​។​
  

រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

របាយការណ៍ដដែល បង្ហាញថា ​មនុស្ស​ ១៤នាក់ បាន​ស្លាប់ និង​២៧នាក់​រងរបួសធ្ងន់ស្រាល ក្នុង​គ្រោះ​អគ្គិភ័យ​។ ​តួលេខ​គ្រោះអគ្គិភ័យ ក្នុង​រយៈពេល ៦ខែ ឆ្នាំ​២០២៣នេះ មានការ​កើន​ឡើងជាងឆ្នាំ​២០២២។ ក្នុង​ឆមាសទី១ ឆ្នាំ​២០២២ គ្រោះ​អគ្គិភ័យ កើតឡើងចំនួន ២៥១លើក​ និង​បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ១១នាក់ប៉ុណ្ណោះ។ នេះ​បើតាម​ទិន្នន័យ​ដែល​ផ្ដល់​ដោយ​លោក សុទ្ធ គឹមកុលមុនី្ន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ៕ 
 

រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com