ជាតិ
៦ខែ កម្ពុជាទទួលបានទេសចរបរទេសជាង ២លាននាក់
08, Jul 2023 , 11:29 am        
រូបភាព
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរសរុបចំនួន ១១,១ លាននាក់ ក្នុងនោះ ទេសចរអន្តរជាតិមានប្រមាណ ២,៥៧នាក់។ ចំនួនទេសចរអន្តរជាតិ ដែលកម្ពុជាទទួលបាននេះ បានកើនឡើង ៤០៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

គិតចាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២៣នេះ  កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ ៥៧៩ ៨៧១នាក់ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ១១,១លាននាក់។ ដោយឡែក ទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមផ្លូវអាកាសមានប្រមាណ ៩១ម៉ឺននាក់ កើនឡើង ២៧៩ភាគរយ។ រីឯ ទេសចរធ្វើដំណើរយាមផ្លូវគោកមានប្រមាណ ១,៦៣លាននាក់ កើនឡើង ៥២៦ភាគរយ និងភ្ញៀវបរទេស មកតាមផ្លូវទឹកមានប្រមាណ ៣ម៉ឺននាក់ កើនឡើង ៥៨៦ភាគរយ។
 
ជាមួយគ្នានេះ ជើងហោះហើរអន្តរជាតិ ដែលធ្វើដំណើរចូលកម្ពុជាមានចំនួន​ ១០, ៦៣៥ជើង ដោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៧,៩៥៣ជើង ឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានចំនួន ២,៤២៧ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (តាមច្រកកងកេង)មានចំនួន ២៥៥ជើង។
 
សម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្ពុជាច្រើនជាងគេ គឺពីប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងប្រទេសអូស្រ្ដាលី។ យ៉ាងណាមិញ កម្ពុជាបានរំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤,៥លាននាក់ និងទេសចរផ្ទៃក្នុងជាង ១៦លាននាក់ និងទាក់ទាញទេសចរបរទេសមកកម្សាន្តនៅកម្ពុជាឱ្យបាន ៧លាននាក់ ក្នុងឆ្នាំ២០២៦ផងដែរ៕
 

Tag:
 ThmeyThmey25
  ទេសចរណ៍
  ទេសចរបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com