ជាតិ
សមត្ថកិច្ចរកឃើញគ្រឿងញៀនជាង១០០គីឡូដោយចៃដន្យក្នុងរថយន្តស្លាកលេខឡាវ ពេលជួបគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ
10, Jul 2023 , 12:59 pm        
រូបភាព
គ្រឿញៀនប្រភេទម៉ាទឹកកកជាង១០០គីឡូក្រាម ដែលសមត្ថកិច្ចរកឃើញក្នុងរថយន្តស្លាកលេខប្រទេសឡាវ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ (រូបពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ)។
គ្រឿញៀនប្រភេទម៉ាទឹកកកជាង១០០គីឡូក្រាម ដែលសមត្ថកិច្ចរកឃើញក្នុងរថយន្តស្លាកលេខប្រទេសឡាវ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ (រូបពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ)។
ដោយ៖ ទេពញាណ 

កម្លាំងសមត្ថកិច្ច បានរកឃើញគ្រឿងញៀនក្នុងរថយន្ត១គ្រឿង ដែលពាក់ស្លាកលេខប្រទេសឡាវ ក្នុងពេលរថយន្តនោះ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារបើកទៅបុកខឿនផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហោះព័ត៌មាននេះលើទំព័រហ្វេសប៊ុករបស់ខ្លួន។ 

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ អះអាងថា គ្រឿងញៀនទាំងនោះ មាន១០៣កញ្ចប់ ដែលស្មើនឹង១០៣គីឡូក្រាម។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបង្កគ្រោះថ្នាក់ដល់អ្នកណាឡើយ ហើយជនសង្ស័យក្នុងរថយន្តស្លាកលេខឡាវនោះ បានរត់គេចខ្លួនបាត់។
 
លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១០កក្កដានេះថា គ្រឿងញៀន១០៣គីឡូក្រាមនេះ គឺជាប្រភេទម៉ាទឹកកកទាំងអស់។ លោក បន្តថា កម្លាំងសមត្ថកិច្ច កំពុងតាមរកជនសង្ស័យក្នុងករណីលួចដឹកគ្រឿងញៀនតាមរថយន្តស្លាកលេខឡាវនេះ។ លោកអធិការ បញ្ជាក់ដូច្នេះថា៖«គ្រឿងញៀន យើងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ»៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com