ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងជាង៣០០គ្រឿង ដឹកពលរដ្ឋទៅបោះឆ្នោត
11, Jul 2023 , 4:58 pm        
រូបភាព
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ចេញរថយន្តក្រុងជាង៣០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃទី២៣ កក្កដា។



តាមរយៈសារសំឡេងពិសេស ៧ នាទី នាល្ងាចថ្ងៃទី១១ កក្កដានេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តចន្លោះពី៣០០ ទៅ៣៥០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅតាមខេត្តនីមួយៗ ដោយឥតគិតថ្លៃ ទាំងទៅនិងមក ដើម្បីសម្រួលការចំណាយរបស់ពួកគេ នាអំឡុងពេលបោះឆ្នោតនេះ។
 
ចំពោះការដឹកជញ្ជូននេះទៀតសោត ប្រមុខរដ្ឋាភិបាល ក៏ហាមមិនឱ្យមានការរើសអើងពលរដ្ឋ ពាក់ព័ន្ធនឹងនិន្នាការនយោបាយឡើយ ពោលគឺត្រូវដឹកជញ្ជូនប្រកបដោយការទទួលខុសត្រូវ និងធានាសុវត្ថិភាពជូនពលរដ្ឋគ្រប់រូប។ 
 
«ការដឹកជញ្ជូននេះ ធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។ យើងដឹកគ្រប់និន្នាការនយោបាយ ហើយយើងក៏មិនដឹងថា អ្នកណាបោះឆ្នោតឱ្យអ្នកណានោះឡើយ ។ យើងដឹកដោយគ្មានការរើសអើងនោះទេ ដូច្នេះវាមិនមែនជាការសូកប៉ាន់ និងដោះដូរជាមួយសន្លឹកឆ្នោតនោះទេ»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ការដឹកជញ្ជូនពលរដ្ឋនេះ ចាប់ពីថ្ងៃទី២២ ដល់២៤ កក្កដា។
 
ប្រមុខរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ថា អាជ្ញាធរ និងអ្នកបើកបររថយន្ត ហាមសួរពលរដ្ឋបោះឆ្នោតឱ្យអ្នកណា នៅអំឡុងពេលដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតនេះ។ 
 
រដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក៣ថ្ងៃជាប់គ្នា ដើម្បីមានពេលទៅចូលរួមបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការឈប់សម្រាកនេះ ចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ពោលគឺ មុនបោះឆ្នោត១ថ្ងៃ ចំថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។

Tag:
 ហ៊ុន សែន
  នយោបាយ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com