ជាតិ
សេដ្ឋកិច្ច
កម្ពុជា សហការជាមួយសិង្ហបុរី​បង្កើតFTC ដើម្បីសម្រួលពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែន
12, Jul 2023 , 3:59 pm        
រូបភាព
ធនាគារជាតិនៃកម្ពុជា(NBC) ​ចាប់ដៃជាមួយអា​ជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី​ (MAS) អភិវឌ្ឍច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ ​(FTC)​ ក្នុងគោលដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលមួយ ​ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែន សម្រាប់សហគ្រានធុនតូច និងមធ្យមរវាងកម្ពុជា-សិង្ហបុរី។ ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់NBC។ ​

 
NBC និង MAS បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​សហការ​លើ​គំនិត​ផ្តួចផ្តើម​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ (Financial Transparency Corridor/ FTC) នៅថ្ងៃទី១១កក្កដា ឆ្នាំ២០២៣។​ ក្រោម​ការអភិវឌ្ឍ​គម្រោង FTCនេះ គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​សិង្ហ​បុរី អាចវាយតម្លៃ​ហិរញ្ញប្បទាន​លើ​អាជីវកម្ម​ឆ្លងដែន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​សិង្ហ​បុរី ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដោយ​ប្រើប្រាស់ព័ត៌មាន​ទទួលបាន​ពី​គ្រឹះស្ថាន​ហិរញ្ញ​​វត្ថុ​នៅ​កម្ពុជា ​​។​
 
​​លំហូរ​ព័ត៌មាន​តាមរយៈ FTC​ អាចជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​សិង្ហ​បុរី និង​កម្ពុជា​ ​ពង្រីក​បណ្តាញ​ពាណិជ្ជកម្ម​ឌីជីថល​កាន់​​តែ​ទូលំទូលាយ ដូចជា​បណ្តាញ Business Sans Border Proxtera ទូទាំង​ពិភពលោក និង​ផ្តល់ឱកាស​ភ្ជាប់​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ ​នៅក្នុង​តំបន់​អាស៊ាន និង​តំបន់​ផ្សេងៗ​ទៀត​។​
 
​អគ្គនាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ហិរញ្ញ​​វត្ថុ​នៃ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី លោក Sorendu Mohanty បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់NBC ថា គំនិត​បង្កើត​FTC​ នេះ នឹង​ផ្តល់​ការគាំទ្រ​ថែម​ទៀត ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម រវាង​ប្រជាជាតិ​អាស៊ាន​ទាំងពីរក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​
 
​លោក​ថ្លែងថា​៖ «​យើង​មាន​ក្តី​រីករាយ​ដែល​បាន​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​លើ​ការអភិវឌ្ឍ​គម្រោងFTC ដែលជា​គំនិត​ផ្ដួចផ្ដើម​នៅ​តំបន់​អាស៊ី​។ FTC នឹង​គាំទ្រ​ដល់​លំហូរ​ពាណិជ្ជកម្ម​បើកចំហ​សម្រាប់​អាជីវកម្ម ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​ការពង្រឹង​គុណភាព​ទិន្នន័យ ទំនុកចិត្ត​ហិរញ្ញវត្ថុ​សម្រាប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ​និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​​ច្នៃប្រឌិត និង​កំណើន​កាន់តែ​រឹងមាំ​រួមគ្នា​សម្រាប់​សេដ្ឋកិច្ច​របស់​យើង​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​សកល​»​។​
 
ជាមួយគ្នានេះ លោកស្រី ជា សិរី ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បានរំលឹកថា​ ប្រទេស​សិង្ហ​បុរី និង​កម្ពុជា​ បាន​សហការ​លើ​ការចែករំលែក​ព័ត៌មាន​ឥណទាន​របស់​អតិថិជន​ឆ្លង​ដែន ដែល​ជួយ​ឱ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ ​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ កាលពី​ខែមីនា កន្លងមក​។
​លោកស្រី​បន្តនិយាយយ៉ាងដូច្នេះ ​៖ «​យើង​ក៏មាន​សេចក្តីសោមនស្ស​ក្នុងការ​ចូលរួម​អភិ​វ​ឌ្ឍ​គម្រោង FTC ដែល​ធ្វើឱ្យ​ការចែក​​រំលែក​ព័ត៌មាន​ឆ្លងដែន​របស់​ប្រទេស​ទាំង​ ២​ កាន់​តែមាន​ភាពទូលំទូលាយ សម្រាប់​ពាណិជ្ជកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​។ សហគ្រាស​ធុន​តូច និង​មធ្យម ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចកម្ពុជា និង​សិង្ហ​បុរី ហើយ​លទ្ធភាព​ក្នុង​ការទទួល​​បាន​ហិរញ្ញប្បទាន​ឆ្លងដែន​របស់​សហ​​គ្រាស​នឹង​ជួយ​ដល់​ប្រតិបត្តិការ​របស់​អាជីវ​កម្ម និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរឱ្យ​កាន់តែ​រីកចម្រើន ​ផងដែរ​»​។​
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដែល​គាំទ្រ​ក្រោម​គំនិត​ផ្តួចផ្តើម FTC មាន​គោល​​បំណង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ផ្អែកលើ​ការយល់ព្រម​ ដើម្បី​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងប្រទេស​ទាំង​ពីរ៕
 

Tag:
 ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com