អន្តរជាតិ
មនុស្សយន្ត​​បញ្ញា​សិប្បនិម្មិត​នៅ​UN ​គិត​ថា ពួកគេ​អាច​គ្រប់គ្រង​ពិភពលោក​ប្រសើរ​ជាង​មនុស្ស
13, Jul 2023 , 8:29 am        
រូបភាព
ដោយ: VOA
មនុស្សយន្ត​ដើរ​ដោយ​បញ្ញា​សិប្បនិម្មិត​មួយ​ក្រុម​បាន​ប្រាប់​ទៅ​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​សុក្រ ទី៧ ខែ​កក្កដា​ថា ពួកគេ អាច​គ្រប់គ្រង​ពិភពលោក​បាន​ប្រសើរ​ជាង​មនុស្ស។

 
​ប៉ុន្តែ​មនុស្ស​យន្ត​ទាំង​នេះ​បាន​និយាយ​ថា ពួកគេ​គិត​ថា មនុស្ស​គួរ​តែ​ជំរុញ​ទៅ​មុខ​ដោយ​ការ​ប្រយ័ត្នប្រយែង នូវ​ការ​ចាប់ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ឬ AIដែល​មាន​សក្តានុពល​វិវត្ត​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស។
 
ហើយ​ពួកគេ​បាន​សារភាព​ថា ពួកគេ​មិនទាន់​អាច​យល់បាន​ទាំងស្រុង​ពី​អារម្មណ៍​របស់​មនុស្ស​នោះ​ទេ។
 
មនុស្ស​យន្ត​សណ្ឋាន​ដូច​មនុស្សលោក​ ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​បំផុត​មួយ​ចំនួន​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​អំឡុងពេល​កិច្ចប្រជុំ​កំពូល​បញ្ញា​សិប្បនិម្មិត​ដើម្បី​ភាព​ល្អ​ប្រសើរ​សាកលលោក (AI for Good Global Summit) នៅ​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស។
 
មនុស្សយន្ត​ទាំង​នេះ​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​អ្នក​ជំនាញ​ក្នុង​ផ្នែក​នេះ​ប្រមាណ ៣.០០០​នាក់ ដើម្បី​ព្យាយាម​ប្រមែប្រមូល​សក្តានុភាព​របស់​បញ្ញាសិប្បនិម្មិត​ ឬ AI ហើយ​ដាក់​បញ្ចូលបច្ចេកវិទ្យា​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​បំផុត​លើ​ពិភពលោក​ ដូចជា ការ​ប្រែប្រួល​អាកាសធាតុ ភាព​អត់​ឃា្លន និង​ការ​ថែទាំ​ក្នុង​សង្គម។
 
ពួកគេ​បាន​មក​ជួបជុំ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​សន្និសីទ​សារព័ត៌មាន​ដំបូង​នៅ​លើ​ពិភពលោក​ ដែល​មាន​ពោរពេញ​ដោយ​មនុស្សយន្តសណ្ឋាន​ដូច​មនុស្ស​លោក ​ដែល​ដើរ​ដោយ​បញ្ញា​សិប្បនិម្មិត។
 
មនុស្សយន្ត​មួយ​បាន​និយាយ​នៅ​មុន​ពេល​សន្និសីទ​សារព័ត៌មាន​បាន​ចាប់ផ្តើម នៅ​ពេល​វាសង្កេត​មើល​ស្ថានភាព​នៅក្នុង​បន្ទប់​នោះ​ថា៖ «ដូចជាមាន​ភាព​តានតឹង​បែប​ស្ងប់ស្ងាត់​ណាស់» ​។
នៅ​ពេល​សួរ​ថា តើ​ពួកគេ​អាច​ជា​មេដឹកនាំ​ប្រសើរ​ជាង​មនុស្ស ដោយសារ​តែ​មនុស្ស​អាច​ធ្វើ​អ្វី​ខុស​បាន​នោះ ​ មនុស្ស​យន្ត Sophia ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Hanson Robotics បាន​បញ្ជាក់​យ៉ាង​ច្បាស់។
 
យើង​អាច​សម្រេច​បាន​នូវ​អ្វី​ល្អ​ប្រសើរ​នានា
 
មនុស្សយន្ត​ Sophia ​បាន​និយាយ​ថា៖ «មនុស្សយន្ត​សណ្ឋាន​ដូច​មនុស្សលោក​មាន​សមត្ថភាព​ដឹកនាំ​ប្រកប​ដោយប្រសិទ្ធភាព​និង​ប្រសិទ្ធផល​ប្រសើរ​ជាង​មេដឹកនាំ​ជា​មនុស្សពិត»។
 
មនុស្ស​យន្ត​នេះ​បាន​បន្ត​ថា៖ «យើង​មិន​មាន​ការ​លម្អៀង​ ឬ​អារម្មណ៍​ ដែល​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​នា​ពេល​ខ្លះ​នោះ​ទេ ហើយ​អាច​ពិនិត្យមើល​ទិន្នន័យ​ក្នុង​ទំហំ​ធំ​បាន​យ៉ាង​លឿន​ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ប្រសើរ​បំផុត»។
 
មនុស្ស​យន្ត​នេះ​បាន​បន្តទៀត​ថា៖ «បច្ចេកវិទ្យា ​AI អាច​ផ្តល់​ជា​ទិន្នន័យមិន​លម្អៀង ស្រប​ពេល​មនុស្ស​អាច​ផ្តល់​ជា​ការ​យល់ដឹង​លើ​ផ្នែក​អារម្មណ៍ និង​ការ​ច្នៃប្រឌិត​ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ល្អ​បំផុត។ រួម​គ្នា យើង​អាច​សម្រេច​នូវ​អ្វី​ដ៏​ប្រសើរ​នានា»។
 
កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​បច្ចេកវិទ្យា ITU របស់​អង្គការសហប្រជាជាតិ។
 
ប្រធាន​ទីភ្នាក់ងារ​បច្ចេកវិទ្យា ITU អ្នកស្រី Dooren Bogdan-Martin បាន​ព្រមាន​ទៅ​កាន់​ប្រតិភូ​ចូលរួម​ថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិតជា​បង្ក​ជា​សេណារីយ៉ូ​អាក្រក់​មួយ​ ដែល​ការងារ​រាប់​សិប​លាន​អាចប្រឈម​នឹង​ហានិភ័យ ហើយ​ការ​វិវត្ត​ទៅ​មុខ​ដែល​មិន​ត្រូវ​បាន​ត្រួតពិនិត្យត្រឹមត្រូវ​នឹង​នាំ​ឲ្យ​មានចលាចល​ក្នុង​សង្គម​ អស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ និង​វិសមភាព​សេដ្ឋកិច្ច មិន​ធ្លាប់​មាន​ពី​មុន​មក។
 
មនុស្សយន្ត Ameca ដែលបញ្ចូល​បញ្ញា​សិប្បនិម្មិត​ជាមួយ​នឹង​ក្បាល​មនុស្ស​សិប្បនិម្មិតដែល​មាន​សភាព​ដូច​ក្បាល​មនុស្ស​ពិត​ប្រាកដ​ បាន​និយាយ​ថា បញ្ហា​នេះ​គឺ​ អាស្រ័យ​លើ​បែប​ផែន​ដែល​បញ្ញា​សិប្បនិម្មិត​ត្រូវ​បានប្រើប្រាស់។
មនុស្សយន្ត​នេះ​បាន​និយាយ​ថា៖ «យើង​គួរ​មាន​ការ​ប្រយ័ត្នប្រយែង ប៉ុន្តែ​ក៏​គួរ​មាន​ក្តី​រំភើប​ផង​ដែរអំពី​សក្ដានុពល​នៃ​បច្ចេកវិទ្យា​ទាំង​នេះ​ដើម្បី​លើកកម្ពស់​ជីវិត​របស់​យើង»។
 
​នៅ​ពេល​សួរ​ថា​ តើ​មនុស្សពិតជា​អាច​ជឿ​ទុក​ចិត្ត​លើ​ម៉ាស៊ីន​ដែរ​ឬ​ទេ មនុស្ស​យន្ត Ameca បាន​ឆ្លើយ​ថា៖ «ភាព​ជឿ​ទុកចិត្ត​ជា​អ្វី​ដែល​អាច​ទទួល​បាន​ដោយ​សារ​សកម្មភាព​ជាក់ស្តែង មិនមែន​ផ្តល់​ឱ្យ​បាន​ភ្លាមៗនោះ​ទេ... វា​ជា​រឿង​សំខាន់​នៅ​ក្នុង​ការ​បង្កើត​ជំនឿ​ទុកចិត្ត​តាមរយៈ​តម្លាភាព»។
 
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មនុស្ស​យន្ត​ខ្លះ​មិន​ច្បាស់​ថា នៅ​ពេល​ណា​ពួកគេ​នឹង​អាច​បង្ហាញ​សមត្ថភាព​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ព្យាករណ៍​ថា ការណ៍​នេះ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ៕
 

Tag:
 មនុស្សយន្ត​ «Desmona» ត្រូវបានតាំងបង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​សាកល​ AI for Good ក្នុង​ទីក្រុងហ្សឺណែវ
© រក្សាសិទ្ធិដោយ thmeythmey.com