ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញកសិកម្ម ចង់ឃើញគណបក្សឈ្នះឆ្នោតអាណត្តថ្មី គិតគូរឱ្យខ្លាំងដល់កសិករ
13, Jul 2023 , 8:59 pm        
រូបភាព
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់។ គណបក្សមួយចំនួន កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន ដោយភ្ជាប់ជាមួយគោលនយោបាយពិសេសៗ។ យ៉ាងណា ក្នុងអាណត្តិថ្មីនេះ អ្នកជំនាញកសិកម្ម ចង់ឃើញគណបក្សឈ្នះឆ្នោតគិតគូរដល់កសិករ ជាពិសេស ដោះស្រាយបញ្ហាតម្លៃទីផ្សារ ធាតុចូលកសិកម្ម ប្រព័ន្ធធារាស្រ្ត និងបន្ធូរបន្ថយតម្លៃអគ្គិសនី ជាដើម។

 
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានលើកឡើងថា ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ លោកចង់ឃើញគណបក្សនីមួយៗដាក់ចេញគោលនយោបាយលើកស្ទួយវិស័យកសិកម្មឱ្យបានច្រើន ជាពិសេសលើកកម្ពស់សិទ្ធកសិករដែលជាម្ចាស់ឆ្នោត។ 
 
លោក ថេង សាវឿន យល់ថា បក្សឈ្នះឆ្នោត គួរតែកំណែទម្រង់វិស័យកសិកម្មឱ្យប្រសើជាងនេះ ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងស្ថានភាពប្រែប្រួលនៃវិស័យដ៏សំខាន់មួយនេះ។ លោក សាវឿន បន្តថា ដើម្បីឱ្យវិស័យកសិកម្មរីកចម្រើន អ្នកពាក់ព័ន្ធ ត្រូវរៀបចំឱ្យមានប្រព័ន្ធខ្សែច្រវាក់ទីផ្សារនាំចេញ, ដើមទុន, ការធានារ៉ាប់រង, បច្ចេកទេសវេចខ្ចប់ ព្រមទាំងគោលការណ៍ឧបត្ថម្ភ និងជំរុញនូវការកែច្នៃ ផងដែរ។ 
 
ការបណ្ដុះបណ្ដាលធនធានមនុស្ស និងបច្ចេកទេសថ្មីៗ តម្រូវការចាំបាច់របស់ពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងក៏ត្រូវរៀបចំប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធស្រោចស្រព ដើម្បីបំពេញលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់កំណើននៃការដាំដុះរបស់កសិករជាសកល។ 
 

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC)។ រូបភាពពីហ្វេសប៊ុករបស់លោក

លោក ថេង សាវឿន ចង់បានដូច្នេះ៖«គោលនយោបាយត្រូវគិតគូរពីវិស័យកសិកម្ម ជាពិសេស លើកកម្ពស់សិទ្ធម្ចាស់ឆ្នោតដែលជាកសិករខ្នាតតូច ធ្វើយ៉ាងម៉េចរៀបចំឱ្យគាត់មានខ្សែច្រវាក់ទីផ្សារ, ដើមទុន, ការធានារ៉ាប់រង, បច្ចេកទេសវេចខ្ចប់ និងគោលការឧបត្ថម្ភជំរុញការកែច្នៃរបស់គាត់ផងដែរ»។ 
 
កសិកម្ម ត្រូវបានគេចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ប៉ុន្តែ វិស័យនេះ នៅទន់ខ្សោយនៅឡើយ ហើយជារើយៗកសិករតែងតែប្រឈមនឹងបញ្ហាគ្មានទីផ្សារ និងតម្លៃថោក។ ជុំវិញបញ្ហានេះ លោក ថេង សាវឿន លើកឡើងថា នេះគឺជារឿងមួយដែលបក្សឈ្នះឆ្នោតត្រូវគិតគូរខ្លាំងបំផុត ដើម្បីឱ្យខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបទីផ្សារ។ 
 
 
លោក ថេង សាវឿន ប្រាប់ដូច្នេះ៖«កម្ពុជាយើងនៅមានចំណុចខ្វះខាតច្រើន ហើយត្រូវការបំពេញបន្ថែម។ ទាំងការវេចខ្ចប់, ការស្រាវជ្រាវ រួមទាំងការរៀបចំបណ្ដុះបណ្ដាលកសិករធ្វើ និងទីផ្សារ នៅមានកម្រិតនៅឡើយ។ កាលណាយើងរៀបចំទីផ្សារគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីកសិករ យើងនឹងធ្វើឱ្យកំណើននាំចេញកើនឡើង។ ពលរដ្ឋលក់បានតម្លៃសមរម្យ ឬថ្លៃ គឺជាចំណុចមួយដែលគាត់ចង់បាន»។ 
 
ចំណែក លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក បានលើកឡើងដែរថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលថ្មីនេះ លោកចង់ឱ្យគណបក្សដែលឈ្នះឆ្នោតជ្រោមជ្រែងវិស័យកសិកម្មឱ្យខ្លាំងជាងនេះ ជាពិសេស ពង្រឹងប្រព័ន្ធធារាសាស្រ្ត និងបន្ធូរបន្ថយតម្លៃអគ្គិសនី និងពន្ធ ដើម្បីជំរុញឱ្យកសិករបានប្រាក់ចំណេញ។ 
 
លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក។ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ 

ការលើកកម្ពស់ផលិតផល និងកសិផលរបស់ខ្មែរ ក៏ជាការជំរុញទឹកចិត្តដល់កសិករឱ្យមានកម្លាំងចិត្តបន្តការងារផលិតបន្ថែមទៀតដែរ។ ប្រធានសហគមន៍រូបនេះ បន្ថែមថា សព្វថ្ងៃ វិស័យកសិកម្ម ទទួលបានការយកចិត្តទុកតិចតួចណាស់ ដូច្នេះ ប្រសិនបើ គណបក្សឈ្នះឆ្នោត ចាប់អាម្មណ៍លើវិស័យកសិកម្មខ្លាំងជាងនេះ កសិករនឹងប្រឹងប្រែងផលិត។ 
 
កម្ពុជា មានអ្នកប្រកបរបរកសិកម្មរហូតដល់៨០ភាគរយ។ ដូច្នេះ ប្រសិនបើ រដ្ឋាភិបាលថ្មី អាចជួយឱ្យផលិតផលកសិកម្មមានទីផ្សារ និងតម្លៃល្អ លោក តេន ទុំ ជឿជាក់ថា វិស័យមួយនេះនឹងរីកចម្រើន ហើយកសិករក៏រីករាយដែរ។ យ៉ាងណា លោក តេន ទុំ មើលឃើញថា បច្ចុប្បន្ន វិស័យកសិកម្មនៅតែមានភាពតូចចង្អៀតនៅឡើយ។ តម្លៃរបស់កសិផល ឡើងចុះរហូតនាពេលប្រមូលផល។ ការណ៍នេះ នាំឱ្យកសិករធ្វើកសិកម្មទាំងប្រថុយ។
 
លោក តេន ទុំ ប្រាប់ដូច្នេះ៖« បច្ចុប្បន្ន យើងនៅខ្វះខាតច្រើន ដូចខ្ញុំលើកឡើងអ៊ីចឹង ដូចជាតម្លៃអគ្គិសនី គឺថ្លៃ ធៀបនឹងថៃ ឬវៀតណាម។ ការដឹកជញ្ជូន និងធាតុចូលកសិកម្ម ដែលចូលមកស្រុកយើងនេះ គឺមានតម្លៃថ្លៃទ្វេគុណ។ ដល់ពេល អ៊ីចឹង ក្នុងការផលិតកសិផលនីមួយៗ ត្រូវចំណាយទុនច្រើន ដែលធ្វើឱ្យការផលិតរបស់យើងមិនសូវចំណេញ»។ 
 
ប្រសិនបើ រៀបចំគោលនយោបាយកសិកម្មបានល្អ កម្ពុជានឹងក្លាយជាឃ្លាំងនៃប្រព័ន្ធស្បៀងអាហាររបស់ពិភពលោក ហើយផលចំណេញទាំងអស់នឹងត្រូវធ្លាក់មកលើប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ អ្នកជំនាញខាងលើ ណែនាំឱ្យមានការលើកតម្លៃឱ្យបានសមរម្យចំពោះដំណាំសំខាន់ៗមួយចំនួន ដែល អាចឱ្យកសិករទទួលយកបាន៕ 
 

Tag:
 កសិកម្ម
  បោះឆ្នោត
  ថេង សាវឿន
  តេន ទុំ
© រក្សាសិទ្ធិដោយ thmeythmey.com