ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល រំពឹងការប្រមូលចំណូលពន្ធដារនឹងលើសផែនការ ៥ភាគរយ ក្នុងឆ្នាំនេះ
14, Jul 2023 , 9:59 am        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបានចំនួន ៨ ៣៩៣,១៧ពាន់លានរៀល(ប្រមាណ ២ ០៧២,៣៩លានដុល្លារ) នៅក្នុងឆមាសទីមួយ។ ចំណូលដែលសម្រេចបាននេះ គឺស្មើនឹង៥៨,០២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។​ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

 
លទ្ធផលនេះបានធ្វើឱ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការប្រមូលចំណូលពន្ធដារប្រចាំឆ្នាំ២០២៣ ​នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ។ ដើម្បីសម្រេចបាននូវទំហំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការគ្រប់គ្រងចំណូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈ  ផលិតផលថ្នាំជក់ និងបារី ដោយធានាឱ្យបាននូវនិរន្តភាពចំណូលពន្ធ ដែលជាគុណប្រយោជន៍នៃថវិកាជាតិ។ 
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បន្តអនុវត្តវិធានការទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ជាពិសេស គឺយកចិត្តទុកដាក់ចំពោះការស្នើសុំបិទសហគ្រាសជាស្ថាពរ ​ និងពង្រឹងលើកការងារសវនកម្មសម្រាប់សហគ្រាសស្នើសុំបិទ។​
 
លោក គង់ វិបុល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្ណោះអាសន្ន ឬស្នើសុំបើកដំណើរឡើងវិញ និង/ឬ ព្យួរទុក ឬ បើកដំណើរការវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម​ រួមទាំងអនុវត្តវិធានផ្សេងៗទៀតឱ្យមានប្រសិទ្ធភាព ក្នុងគោលដៅប្រមូលចំណូលពន្ធដារចូលជាតិ។​ 
 
សូមរំលឹកថា កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជិត ២ ៧៨២លានដុល្លារ។ ចំណូលដែលជាតិទទួលបាននេះ គឺ​លើសផែនការរហូតដល់ ២៤,០២ភាគរយ។ ការសម្រេចបាននូវសមិទ្ធផលនេះ ត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងថាជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធ​របស់អគ្គនាយកដ្ឋានពន្ធដារ​៕
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com