ជាតិ
សេដ្ឋកិច្ច
កសិករ ​​បង្ហោះលក់សណ្តែកបាយលើហ្វេសប៊ុក ក្រោយឈ្មួញឈប់ទិញ
15, Jul 2023 , 2:29 pm        
រូបភាព
ភ្នំពេញ៖ កសិករបានត្អូញត្អែរថា ឆ្នាំនេះសណ្ដែកបាយពិបាកលក់ និងបានតម្លៃថោក ដោយសារតែទំហំនៃការផលិតច្រើន តែតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេសមានតិច នាំឱ្យចាល់។ ទិន្នន័យរបស់ក្រសួងកសិកម្ម ក៏បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញសណ្ដែកបាយធ្លាក់ចុះ៣៨ភាគរយ។

 
លោក នេត សាវឿន ជាកសិករដាំសណ្ដែកបាយម្នាក់​នៅខេត្តកំពត បានប្រាប់សារព័ត៌មាន​ThmeyThmey25 តាមទូរសព្ទថា ទើបតែឆ្នាំនេះទេទីផ្សារសណ្ដែកបាយធ្លាក់ចុះខ្លាំង រហូត​ដល់ឈ្មួញឈប់ទទួលទិញតែម្ដង។ លោក មិនដឹងមូលហេតុនាំឱ្យធ្លាក់ថ្លៃនោះទេ ប៉ុន្តែ ឈ្មួញកណ្ដាលបានបង្ហើបថា ការលក់ចេញរបស់ពួកគេក៏ពិបាកដែរ។ 
 
កសិកររូបនេះ ដាំសណ្ដែកបាយចំនួន២,៥ហិកតា នៅស្រុកជុំគិរី ខេត្តកំពត ដែលអាច​ប្រមូលផលបានក្នុងរង្វង់ ២តោន ដែលគិតជា ​ប្រាក់ចំណូលប្រហែល២ពាន់ដុល្លារ។  បច្ចុប្បន្ន កសិករូបនេះ នៅសល់គ្រាប់សណ្ដែកបាយជិត២តោនទៀត លក់មិនទាន់ចេញ។ ដោយ​ត្រូវការលុយភ្លាមៗ ដើម្បីសងគេ និងធ្វើដើមទុនសម្រាប់ដំណាំផ្សេងទៀត លោក បានសម្រេចចិត្ត បង្ហោះលក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ភ្ជាប់ដោយសារអំពាវនាវឱ្យ សារធារណជន​ជួយទិញ។ 
 
លោក បន្ថែមដូច្នេះថា៖ «ខ្ញុំអាចលក់ដល់ភ្ជុំក៏បានដែរ ប៉ុន្តែយើងដាំត្រូវការដើមទុន ព្រោះ​យើងត្រូវចំណាយលើការជួលគេធ្វើផង និងជំពាក់តម្លៃពូជគេមិនទាន់សងផង។ អ៊‍ីចឹង!​ខ្ញុំប្រញាប់លុយ ដើម្បីយកទៅសងគេ និងដំណាំផ្សេងទៀត»។ 
 
បើតាមលោក សាវឿន សណ្ដែកបាយ មានតម្លៃចន្លោះពី ២ពាន់រៀលទៅ ៤ពាន់រៀលក្នុង​មួយ​គីឡាក្រាម ធៀបនឹងឆ្នាំ២០២២ មានតម្លៃ៤៥០០រៀល ក្នុងមួយគីឡូក្រាម។ កសិករ​រូបនេះ រអ៊ូថា៖« ចោលទាំងអស់តែម្ដង! ឆ្នាំហ្នឹងដាក់តម្លៃ៤ពាន់រៀល ក៏គ្មានអ្នកមកទិញ​​ផង។ ទោះខ្ញុំដាក់តម្លៃក្រោមហ្នឹង ក៏គ្មានអ្នកយកដែរ ដោយសារគាត់(ឈ្មួញ) យកទៅបោះ​បន្ត ក៏គេលែងទទួលពីគាត់ដែរ»។
 
ចំណែកឯ លោក វ៉ា ចិត្រា ជាឈ្មួញកណ្ដាល និងជាអ្នកដាំសណ្ដែកបាយជាង៤ហិកតា នៅ​ខេត្តបាត់ដំបង។ ឈ្មួញកណ្ដាលរូបនេះ បានឱ្យដឹងថា ឆ្នាំនេះតម្លៃ​សណ្ដែកបាយ​ធ្លាក់ចុះខ្លាំង ដោយលោក ប្រមូលទិញពីកសិករទៅលក់បន្តក៏ពិបាកលក់ដែរ។ បញ្ហានេះ ទំនងមកពីទំហំផលិតច្រើនពេក ហើយតម្រូវទីផ្សារក្នុងស្រុក និងបរទេសក៏មានតិច។ 
 
នៅឆ្នាំ២០២២ លោក ចិត្រា អាចលក់គ្រាប់សណ្ដែកបាយបានប្រមាណ៥០តោន ប៉ុន្តែរយៈ​ពេល៦ខែឆ្នាំនេះ លោក វាយតម្លៃថា សន្ទុះនៃការលក់បានថយចុះប្រហែល៥០ភាគរយ។ លោក បន្ថែមដូច្នេះថា៖« រាល់ឆ្នាំស្រួលលក់ណាស់ ប៉ុន្តែឆ្នាំនេះយ៉ាប់ខ្លាំង។ និយាយទៅ វាចាល់ហើយ ព្រោះអី ឃ្លាំងធំៗ គេថាពិបាកលក់ដែរ។ ឥឡូវ លក់ទៅខាងវៀតណាម ក៏គេអត់យក ហើយស្រុកយើង ក៏គេមិនសូវត្រូវការ»។ 
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះហត្ថលេខា​ដោយ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម  ឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញសណ្ដែកបាយប្រមាណ១៥ម៉ឺនតោន។ ចំនួននេះ ថយចុះ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ 
លោក ងិន ឆាយ បានលើកឡើងថា ការធ្លាក់នូវប្រភេទកសិផលសំខាន់របស់កម្ពុជានេះ ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទ​ ថយចុះ និងបង្អាក់ ចរន្តពាណិជ្ជកម្ម។ 
 
ទន្ទឹមនេះ ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពទីផ្សារ មិន​ច្បាស់​លាស់​ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាព​នៃដំណាំ។ ដោយឡែក ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ ឬ ការនាំចេញក្រៅផ្លូវការ តាមច្រករបៀងមួយ​ចំនួនទៅ​ប្រទេសវៀតណាម និងប្រទេសថៃ ​ក៏មិនបានការកត់ត្រា។ 
 
ចំពោះមុខ លោកជំរុញឱ្យវិស័យឯកជន ស្វែងរកដៃគូបញ្ជាទិញឱ្យបានច្រើន​ជាងទីផ្សារ​ដែល​មានស្រាប់។ ពង្រឹកការផ្សព្វផ្សាយពីផលិតផលកសិកម្មកម្ពុជា ឱ្យកាន់តែ​​ទូលាយ​នៅក្នុងវេទិកា និងពិព័រណ៍នានា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារផលិតផល​កសិកម្មកម្ពុជា។ ​អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក៏លើកទឹកចិត្ត​ឱ្យវិស័យ​ឯកជន​ចូលរួមវិនិយោគ លើការផលិតធាតុចូលកសិកម្មនៅក្នុងស្រុកដើម្បីកាត់ បន្ថយថ្លៃដើម​ផលិត​កម្ម៕
 

Tag:
 កសិកម្ម
  សណ្ដែកបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com