ជាតិ
ក្រសួង​អប់រំ ប្រកាសរើសគ្រូ​អប់រំកាយចំនួន ១០០នាក់
15, Jul 2023 , 6:59 pm        
រូបភាព
 រូបភាពពី​ហ្វេសប៊ុ​ក​សាលា​បឋមសិក្សាវត្តបូព៌
រូបភាពពី​ហ្វេសប៊ុ​ក​សាលា​បឋមសិក្សាវត្តបូព៌
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​ ប្រកាសបើក​ការ​ប្រឡង​ជ្រើសរើសគ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន និង​កម្រិត​បរិញ្ញាបត្រ​ឯកទេស​អប់រំកាយ​ ចំនួន ១០០នាក់ ឱ្យ​ចូលរៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។ ការ​ប្រឡងនេះ នឹង​រៀបចំ​នៅថ្ងៃទី​២២ តុលាខាងមុខ។



គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេសអប់រំកាយ ១២+២ ចំនួន ៧៥នាក់ និង​កម្រិត​បរិញ្ញាបត្រ​ ១២+៤ ចំនួន ២៥នាក់ នឹង​មាន​ឱកាស​ចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ក្នុង​ការ​ជ្រើសរើសនេះ ក្រសួង​អប់រំ បាន​កំណត់​ និង​បែងចែក​កន្លែងទៅ​បំពេញ​ការងារនៅ​តាម​បណ្ដាខេត្ត​នានា។
 
បើតា​ម​ក្រសួង​អប់រំ ខេត្តសៀមរាប​ រើសច្រើនជាងគេ គឺ១៣នាក់។ ចំណែក ខេត្តព្រៃវែង រើស ១០នាក់, បាត់ដំបង ៩នាក់, ពោធិ៍សាត់ ៧នាក់ , ត្បូងឃ្មុំ និង​បន្ទាយមានជ័យ ៧នាក់​។ ដោយឡែក ខេត្ត​ក្រចេះ រើស ៦នាក់, កំពង់ចាម និង​កំពង់ធំ ៥នាក់។ រីឯ ខេត្ត​កំពង់ឆ្នាំង និង​​ស្វាយរៀង​ រើស​ ៤នាក់។​  
 
ក្នុង​សេចក្ដីជូន​ដំណឹង ក្រសួង​អប់រំ បញ្ជាក់ថា ខេត្ត​ស្ទឹង​ត្រែង, កោះកុង, កណ្ដាល និង​ឧត្តរ​មាន​ជ័យ រើសចំនួន ៣នាក់។ ចំពោះ ខេត្ត​ព្រះវិហារ, រតនគិរី, កំពង់ស្ពឺ, ប៉ៃលិន, ​ព្រះសីហនុ ជ្រើសរើស ២នាក់ និង​ខេត្តមណ្ឌលគិរី ១នាក់។ 
 
សម្រាប់​ការ​ប្រឡង​នេះ បេក្ខជនទាំង​ពីរភេទ ត្រូវ​មាន​អាយុចាប់ពី​១៧ ដល់​២៥ឆ្នាំ នឹង​ត្រូវ​នៅ​​លីវ។ ជាមួយ​គ្នានេះ បេក្ខនារី ត្រូវ​មាន​កម្ពស់ចាប់ពី ១,៥៥ម៉ែត្រ និង​បេក្ខជន មាន​កម្ពស់ចាប់ពី ១,៦៥ម៉ែត្រ​ឡើងលើ។ 
 
ការ​ប្រឡង នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​២២ ខែតុលា។ ការប្រឡងនេះ មាន​វិញ្ញាសាសរសេរ និង​វិញ្ញាសាអនុវត្តកីឡា។ នេះ​បើតាម​សេចក្ដីជូន​ដំណឹង ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ កាលពី​ថ្ងៃ​៦ កក្កដា៕​
 

Tag:
 អប់រំកាយ
© រក្សាសិទ្ធិដោយ thmeythmey.com