អន្តរជាតិ
អូស្ត្រាលី​ ជ្រើសរើស​ប្រធាន​ធនាគារកណ្តាល​ស្ត្រី​ដំបូង​គេ ស្របពេល​ធ្វើ​​កំណែទម្រង់ស្ថាប័ន
15, Jul 2023 , 9:39 pm        
រូបភាព
អូស្ត្រាលី នាថ្ងៃទី ១៤ ខែកក្កដា បានតែងតាំងប្រធានធនាគារកណ្តាលជាស្ត្រីដំបូងចំពេលមាន ប្រតិកម្មសាធារណៈចំពោះការកើនឡើងអត្រាការប្រាក់ខ្ពស់។ ប្រធានធនាគារកណ្ដាលដែល​កាន់​តំណែងបានតែមួយអាណត្តិលោក Philip Lowe នឹងត្រូវចាកចេញក្នុងខែកញ្ញា។​

 
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី​ អាល់បានីស និងរដ្ឋមន្រ្តីរតនាគារអូស្ត្រាលី Jim Chalmers ប្រកាស​ថា លោកស្រី Michele Bullock នឹងក្លាយជាប្រធានធនាគារកណ្ដាលនៃអូស្ត្រាលី (RBA) សម្រាប់​រយៈពេលប្រាំពីរឆ្នាំខាងមុខ ខណៈដែលលោក Philip Lowe មិនត្រូវបានតែងតាំងសម្រាប់​អាណត្តិ​ទី​ពីរ​នោះឡើយ។
 
លោក Lowe នឹងចាកចេញពីតំណែងនៅថ្ងៃទី១៧ ខែកញ្ញា ដែលជាការបញ្ចប់អាជីព៤៣ឆ្នាំ​របស់​លោកនៅ RBA។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Chalmers បាននិយាយថា វា​មិន​ខុស​ពី​បទដ្ឋានសម្រាប់ទេសភិបាលដែលកាន់តំណែងតែមួយអាណត្តិទេ ហើយលោកជឿជាក់ថា ការ​ជ្រើស​រើសលោកស្រី Bullock ដើម្បីដឹកនាំ RBA ជាជម្រើសដ៏ល្អបំផុតខណៈការ​រៀបចំ​ឡើង​ស្ថាប័ន​វិញ​នឹង​កើតឡើងនាពេលខាងមុខ។
 
«នេះគឺជាការតែងតាំងប្រវត្តិសាស្ត្រ។ លោកស្រី Michele Bullock នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​មិន​ធ្លាប់​មានចំពោះ​ការ​ដឹក​នាំ​ធនាគារ​ជាតិ​ក្នុង​ប្រទេស​នេះ»។ លោក Chalmers ប្រាប់​អ្នក​សារព័ត៌មាន​បែបនេះ។
 
កន្លងមក រដ្ឋាភិបាលអូស្ត្រាលី បានប្រឈមនឹងការលំបាកក្នុងការដោះស្រាយជាមួយលោក Lowe ដែលបានជំរុញឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១​ ដោយលោកបាន​អះអាងថា អត្រាការប្រាក់ទំនងនឹងមិនកើនឡើងទេរហូតដល់ឆ្នាំ២០២៤។ យ៉ាងណាមិញ អត្រា​កា​រ​ប្រាក់បានហក់ឡើងខ្ពស់តាំងពីពាក់កណ្ដាលឆ្នាំ២០២២។​
 
ចាប់តាំងពីពេលនោះមក ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់១២ដងដល់កម្រិតខ្ពស់៤,១ ភាគរយ ហើយបន្ថែមប្រាក់រាប់រយដុល្លារដល់ការសងប្រាក់កម្ចីប្រចាំខែនៅពេលដែលវិបត្តិនៃការ​ចាយ​វាយក្នុងគ្រួសារនីមួយៗមានរួចស្រាប់មកហើយ។
 
ចំពោះលោកស្រី Bullock ដែលមានវ័យ៦០ឆ្នាំ បានចូលរួមជាមួយ RBA តាំងពីឆ្នាំ​១៩៨៥ ជាមួយ​នឹង​ការបញ្ចប់ថ្នាក់អនុបណ្ឌិតមកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ហើយត្រូវបានគោរព និងទទួល​ស្គាល់​យ៉ាងខ្លាំងពីអ្នកវិភាគផ្នែកសេដ្ឋកិច្ច។ លោកស្រី Bullock បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍​មួយ​ថា វាជាពេលវេលាដ៏លំបាកមួយក្នុងការចូលមកក្នុងតួនាទីនេះ ប៉ុន្តែលោកស្រីនឹងត្រូវបានគាំទ្រ​ដោយ​ក្រុមប្រឹក្សាដ៏រឹងមាំ៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com