សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក គឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់អាស៊ាន
16, Jul 2023 , 9:19 am        
រូបភាព
អាម៉េរិក គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុតរបស់អាស៊ាន ជាមួយនឹងទំហំទឹកប្រាក់ចំនួន ៤០,២ពាន់លានដុល្លារនៃ FDI ក្នុងឆ្នាំ២០២១ ដែលស្មើនឹង ២២,៥ភាគរយនៃ FDI សរុបដែលហូរចូលអាស៊ាន។ ការវិនិយោគសំខាន់ៗមាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រថយន្តអគ្គិសនី សឺមីកុងឌុចទ័រ ឱសថ និងវេជ្ជសាស្ត្រជាដើម។

 
ជាការពិត ការវិនិយោគរបស់អាម៉េរិកក្នុងតំបន់អាស៊ាន គឺមានទំហំធំជាងនៅចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងបូកបញ្ចូលគ្នា។ ជាមួយនឹងការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយ គេរំពឹងថាការវិនិយោគគិនអាម៉េរិក នឹងបន្តរីកចម្រើននៅក្នុងតំបន់អាស៊ាន។​
 
ប្រភពសំខាន់ៗផ្សេងទៀតនៃ FDI ក្នុងតំបន់អាស៊ាន គឺមកពីសហភាពអឺរ៉ុបដែលមានទំហំ ២៦,៥ពាន់លានដុល្លារ​ ចិនចំនួន ១៣,៨ពាន់លានដុល្លារ និងជប៉ុន ១១,៩ពាន់លានដុល្លារ។ 
 
ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់សកលកំពុងជំរុញឱ្យក្រុមហ៊ុនអាម៉េរិកជាច្រើនពង្រីកប្រតិបត្តិការរបស់ពួកគេទៅក្នុងអាស៊ាន ជាពិសេសផ្នែកអេឡិចត្រូនិក និងសឺមីកុងឌុចទ័រ។ តំបន់នេះកំពុងមើលឃើញមានការបង្កើនការវិនិយោគនៅក្នុងសេដ្ឋកិច្ចឌីជីថល ដូចជាសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ ពាណិជ្ជកម្មអេឡិចត្រូនិក និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងទំនាក់ទំនង។
 
បន្ថែមពីនេះ វិស័យដែលមានសក្តានុពលក្នុងការជំរុញអាជីវកម្មអាម៉េរិកកាន់តែច្រើនចូលទៅក្នុងតំបន់នេះ គឺខ្សែច្រវាក់តម្លៃរថយន្តអគ្គិសនី (EV) ។ គួរកត់សម្គាល់ថា ឥណ្ឌូណេស៊ីមានបំណងក្លាយជា មជ្ឈមណ្ឌលផលិតថ្ម EV សកល ខណៈដែលប្រទេសនេះសម្លឹងមើលទាញយកអត្ថប្រយោជន៍ពីទុនបម្រុងនីកែលដ៏ច្រើនរបស់ខ្លួន។ 
 
ក្រុមហ៊ុន Ford Motor Company សហការជាមួយ Vale Indonesia និង Zhejiang Huayou Cobalt របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំ ២០២២ ដើម្បីសាងសង់រោងចក្រផលិត hydroxide precipitate (MHP) នៅក្នុងខេត្ត Sulawesi ភាគអាគ្នេយ៍ឥណ្ឌូណេស៊ី ដើម្បីផលិតនីកែលចម្រាញ់ដែលអាចប្រើបាននៅក្នុងអាគុយ EV ។ រោងចក្រនេះនឹងមានសមត្ថភាពផលិត ១២០ពាន់តោននៃ hydroxide precipitate ។
 
ចំណែកក្រុមហ៊ុន Ford និង Tesla ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត EV ធំៗ​ទាំង ១០ ដែល​មាន​វត្តមាន​ក្នុង​តំបន់​អាស៊ាន។ ពួកគេដំណើរការក្នុងដំណាក់កាលផ្សេងៗនៃខ្សែសង្វាក់ផ្គត់ផ្គង់ EV ចាប់ពីការស្រាវជ្រាវ និងការអភិវឌ្ឍន៍រហូតដល់ការផ្គុំសមាសធាតុ EV មានការលក់ និងចែកចាយពាសពេញពិភពលោក។
 
គេមិនអាចមើលរំលងវិស័យសឺមីកុងឌុចទ័រ ដែលក្រុមហ៊ុនអាម៉េរិកវិនិយោគនៅក្នុងតំបន់អាស៊ានផងដែរ។ នៅចុងឆ្នាំ ២០២១ ក្រុមហ៊ុន Intel បានចាប់ផ្តើមការសាងសង់រោងចក្រ ស៊ីមីកុងឌុចទ័រតម្លៃ ៧ពាន់លានដុល្លាររបស់ខ្លួននៅម៉ាឡេស៊ី ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ ២០២៤។ ក្រុមហ៊ុនក៏កំពុងពង្រីករោងចក្ររបស់ខ្លួននៅវៀតណាមដើម្បីជួយសម្រួលដល់ការដំណើរការបច្ចេកវិទ្យា 5G ផងដែរ។
 
ក្រៅពីនេះ តម្រូវការកើនឡើងរបស់អាស៊ានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានទាក់ទាញ cloud និងមជ្ឈមណ្ឌលទិន្នន័យធំៗជាច្រើនពីអាម៉េរិក ចិន ជប៉ុន និងអឺរ៉ុប ដូចជា Alibaba, Tencent, Amazon Web Services, NTT, Microsoft និង Equinix ជាដើម។ 
 
ធុរកិច្ចនៅក្នុងតំបន់នេះ កំពុងមើលឃើញការទទួលយកកាន់តែច្រើននៃបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័យក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ។ យោងតាមរបាយការណ៍ឆ្នាំ ២០២២ ពីក្រុមហ៊ុន Google, Bains & Company និង Temasek សេដ្ឋកិច្ចឌីជីថលរបស់អាស៊ីអាគ្នេយ៍កំពុងកត់ត្រាទូទាត់ទំនិញតាមប្រព័ន្ធឌីជីថលចន្លោះពី ៦០០ពាន់លានដុល្លារដល់ ១ទ្រីលានដុល្លារនៅឆ្នាំ ២០៣០។
 
លើសពីនេះ ក្រុមហ៊ុនអាម៉េរិកក៏ស្ថិតនៅជួរមុខនៃការវិនិយោគវិស័យវេជ្ជសាស្ត្រ និងឱសថក្នុងតំបន់ផងដែរ។ Thermo Fisher Scientific បានបើករោងចក្រផលិតថ្នាំកម្រិតខ្ពស់ថ្មីមួយរបស់ខ្លួននៅសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៣។ 
 
មុនពេលចាប់ផ្តើមនៃកូវីដ-១៩ សិង្ហបុរីមិនមានកន្លែងសម្រាប់ផលិតវ៉ាក់សាំងដែលបានបញ្ចប់នោះទេ។ ក្រោយមក ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាឡឺម៉ង់ BioNTech ដែលជាអ្នកបង្កើតវ៉ាក់សាំង COVID-19 -BNT162b2 ចាប់ដៃជាមួយក្រុមហ៊ុនឱសថអាម៉េរិក Pfizer នឹងបង្កើតទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ខ្លួននៅសិង្ហបុរី ដែលជាកន្លែងដែលក្រុមហ៊ុននឹងបង្កើតរោងចក្រផលិត mRNA ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤៕
 

Tag:
 អាម៉េរិក
  អាស៊ាន
  វិនិយោគផ្ទាល់ពីបរទេស
  FDI
© រក្សាសិទ្ធិដោយ thmeythmey.com