ជាតិ
សេដ្ឋកិច្ច
រដ្ឋបាលខេត្ត​ព្រះសីហនុ ជំរុញ​វិធានការ​ដោះស្រាយ​គម្រោង​វិនិយោគ​ដែល​ជាប់គាំង​
16, Jul 2023 , 10:42 am        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ   បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​-​ស្ថាប័ន ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត «​វិធានការ​ជា​កញ្ចប់​» សម្រាប់​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ កក្កដា​។​

 
​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​វត្តមាន លោក ឡុង ឌី​ម៉​ង់ និង​លោក ឯម ភាព អភិបាលរង​ខេត្ត​ព្រះសីហនុ ដើម្បី​ជំរុញ​ការអនុវត្ត​វិធានការ និង​លើកកម្ពស់​ការយល់ដឹង​របស់​ក្រុមការងារ​មូលដ្ឋាន ក្នុងការ​ត្រៀមលក្ខណៈ​ទ​ទួល​យក​សំណើសុំ​ដោះស្រាយ​ពី​ម្ចាស់​គម្រោង ឬ​អ្នក​អភិវឌ្ឍន៍ និង​ឈានទៅរក​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​។ កិច្ចប្រជុំ​នេះ ក៏បាន​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការកំណត់​ផ្សេងៗ ក្នុង​ទិដ្ឋភាព​គតិយុត្តិ និង​លិខិតបទដ្ឋាន​នានា ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​ដោះស្រាយ​ភាពជាប់គាំង​។ 
  


កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

តាមរយៈ​ការបកស្រាយ​ក្នុង​លក្ខណៈ​បច្ចេកទេស អង្គប្រជុំ​បាន​ឯកភាព​ផ្តល់​ការគាំទ្រ​លើ​ផែនការ​សកម្មភាព​មួយចំនួន ដើម្បីឱ្យ​ការអនុវត្ត​វិធានការ​ដោះស្រាយ​នេះ មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​
 
​បច្ចុប្បន្ន អគារ​ជាង ៦០០​កន្លែង ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​សាងសង់​រួចរាល់​ហើយ ខណៈ​សំណង់​អគារ​ប្រមាណ ៤០០​កន្លែង កំពុង​ជាប់គាំង និង​បន្ត​ការសាងសង់​ជា​បន្តបន្ទាប់​។ នេះ​បើតាម​ការបញ្ជាក់ របស់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុង​វេទិកា​សារព័ត៌មាន ស្ដីពី​គោលនយោបាយ​ទេសចរណ៍ និង​ស្ថានភាព​ទេសចរណ៍ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៦ មេសា​។ 

អត្ថបទទាក់ទង
 
​ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល បាន​បង្កើត​គោលនយោបាយ​អនុគ្រោះ​លើ​កិច្ចការ​មួយចំនួន ដើម្បី​គាំទ្រ​ដល់​បណ្ដា​សំណង់​អគារ​ទាំងអស់ អាចមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​ការសាងសង់ និង​អាច​ដំណើរការ​សាងសង់​។  បន្ថែម​ពីនេះ ក៏មាន​ការសម្របសម្រួល និង​ការគាំទ្រ​ផ្នែក​ច្បាប់​ដែរ ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត ឱ្យ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ ជាជាង  ការដោះស្រាយ​បញ្ហា​ប្រឈម នៃ​អគារ​ជាប់គាំង​ទាំងនោះ​។​
 
​លោក គួច ចំរើន បាន​ថ្លែង​ដូច្នេះ​៖ «​បើ​សួរ​ខ្ញុំ​ពេលណា​បញ្ចប់​ខ្ញុំ​មិនអាច​ឆ្លើយ​បានទេ ព្រោះ​រឿងនេះ​ជា​ទំនាស់​ដែល​យើង​ត្រូវតែ​បន្ត​ដោះស្រាយ ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ម្ចាស់​អគារ​។ បើ​គេ​មិន​មករក​យើង យើង​មិនអាច​ទៅរក​គេ​ទេ ព្រោះ​ម្ចាស់​អគារ​នៅក្រៅ​ប្រទេស​»៕
 

Tag:
 ព្រះសីហនុ​
  អចលនទ្រព្យ​
  គួច ចំរើន
  ឡុង ឌី​ម៉​ង់​
© រក្សាសិទ្ធិដោយ thmeythmey.com