អន្តរជាតិ
រុស្ស៊ីថា ខ្លួនបានទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន
16, Jul 2023 , 10:19 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ដោយ: ថ្មីៗ
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានទប់ស្កាត់អ៊ុយក្រែនពីការវាយប្រហារកំពង់ផែនៅសមុទ្រខ្មៅ Sevastopol ក្នុងថ្ងៃទី១៦ ខែកក្កដា តាមរយៈការបំផ្លាញដ្រូនជាច្រើនគ្រឿង។

 
«ព្រឹកនេះ ការប៉ុនប៉ងដោយរបបកៀវ ក្នុងការវាយប្រហារបែបភេរវកម្ម តាមរយៈដ្រូនលើអាកាស និងក្នុងទឹក លើវត្ថុនៅឧបទ្វីបគ្រីមេក្បែរក្រុងSevastopol ត្រូវបានបង្ការ»។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងបែបនេះ នៅក្នុងសារ Telegram នៅថ្ងៃទី១៦ ខែកក្កដា។ 
 
ជុំវិញការប៉ុនប៉ងនេះ ក្រសួងការពារជាតិរុស្ស៊ី បានបន្តថា គ្មានអ្វីត្រូវបានខូចខាត ឬមានកម្លាំងណាគ្រោះថ្នាក់អ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ជុំវិញការទប់ស្កាត់សកម្មភាពនេះ អាជ្ញាធរដឹកជញ្ជូនរុស្ស៊ី បានបញ្ជាក់តាមរយៈកម្មវិធី Telegram ថា ការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាអ្នកដំណើរ ត្រូវបានផ្អាកក្នុងរយៈពេល ៤ ទៅ៥ម៉ោង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា។ 
 
កន្លងមក ក្រុងកៀវមិនធ្លាប់ប្រកាសជាសាធារណៈពីការវាយប្រហារនៅក្នុងដីរុស្ស៊ី ឬតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែនឡើយ ដោយបានត្រឹមលើកឡើងថា ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាជាការជួយអ៊ុយក្រែន ក្នុងការវាយបក៕ 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com