ជាតិ
ក្រុមហ៊ុន៤ទៀត ដែលបោះទុនជាង២៦លានដុល្លារ នឹងផ្ដល់ការងារជាង ៣០០០កន្លែង
17, Jul 2023 , 6:59 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុនឯកជនចំនួន ៤ទៀត បានបោះទុនប្រមាណ ២៦,៧លានដុល្លារអាម៉េរិក ដែលបានបង្កើនការងារនៅខេត្តព្រះសីហនុ កំពង់ស្ពឺ និងរាជធានីភ្នំពេញជាង ៣០០០កន្លែង។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

 
ក្រុមហ៊ុនដែលវិនិយោគនោះ រួមមាន ក្រុមហ៊ុន RUNZHIMAO HEALTH CO., LTD បានបោះទុនប្រមាណ ៩លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះ នឹងបង្កើតការងារចំនួន ៤៨៥កន្លែង។
 
នៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមហ៊ុន LITESUN HOMEDECOR CO., LTD បានបោះទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ។ គម្រោងនេះ អាចបង្កើតការងារចំនួន ៤៦៥កន្លែង។
 
រីឯ ក្រុមហ៊ុន BRIGHT PLASTIC (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលគ្រោងដាក់ទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួន ២១៦កន្លែង នៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី។
 
ចំណែកក្រុមហ៊ុន HEN YANG (CAMBODIA) APPAREL MANUFACTURING CO., LTD មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលបោះទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក ។ ក្រុមហ៊ុននេះ អាចបង្កើតការងារបានចំនួន ២១៤១កន្លែង នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕
 

Tag:
 បង្កើតរោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com