អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឱ្យខំអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាភ្លៀងធ្លាក់ខ្លាំង
17, Jul 2023 , 7:39 pm        
រូបភាព
រូបភាព Yonhap
រូបភាព Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៧ ខែកក្កដា បានអំពាវនាវឱ្យប្រមែប្រមូលធនធានដែលមានទាំងអស់ និងវិធានការ ដើម្បីដោះស្រាយគ្រោះមហន្តរាយដែលបង្កដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេស។ មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៤៩នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍នេះ។

 
ជាច្រើនថ្ងៃមកហើយ​ ភ្លៀងខ្លាំង នៅតែធ្លាក់នៅតំបន់ភាគត្បូង និងកណ្តាលរបស់កូរ៉េខាងត្បូង ដែលបង្កឱ្យមានទឹកជំនន់ និងបាក់ដី។ ភ្លៀង មានកម្រិតធ្លាក់ខ្លាំង បង្កឱ្យទឹកទន្លេពេញ និងហៀរចូលផ្លូវក្រោមដី និងបណ្ដាលឱ្យមនុស្សបាត់បង់ជីវិត ក្រោយជាប់នៅក្នុងរថយន្ត។ 
 
មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់៤៩នាក់ បានបាត់បង់ជីវិត និង៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន រួមទាំងនៅក្នុងខេត្ត North Gyeongsang។ ខណៈប្រទេសកំពុងរងការខូចខាត លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំមួយ នៅទីស្នាក់កណ្តាលនៃវិធានការសុវត្ថិភាព និងគ្រោះមហន្តរាយ ដើម្បីដាក់ចេញចំណាត់ការជួយសង្រ្គោះប្រជាជន និងប្រមែប្រមូលធនធានដែលមាន។ 
 
«ខ្ញុំសូមបួងសួងឱ្យប្រជាជន ដែលទទួលមរណភាពក្នុងពេលភ្លៀងធ្លាក់ខ្លាំង និងរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ»។ ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំក្នុងថ្ងៃទី១៧ ខែកក្កដា ដោយបន្តថា កូរ៉េខាងត្បូង ត្រូវការចាត់វិធានការឱ្យអស់ពីលទ្ធភាព ក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះ និងប្រមែប្រមូលធនធានដែលមាន។ 
 
បើតាមមេដឹកនាំកូរ៉េខាងត្បូងរូបនេះ កង្វះការគ្រប់គ្រងតំបន់ត្រៀមជន់លិច អាចបង្កឱ្យមានអ្នករងគ្រោះជាច្រើន ហើយលោកយូន ក៏បានបញ្ជាក់ពីវិធានការត្រៀមទុកមុនផងដែរ ដើម្បីជម្លៀសប្រជាជននៅក្នុងតំបន់ទាំងដែលមានការជន់លិច និងត្រៀមនឹងជន់លិច។ ត្រង់ចំណុចនេះ លោក យូន បានជំរុញឱ្យមន្រ្តីរបស់ខ្លួនមានការប្តេជ្ញាខ្ពស់ ដើម្បីជួយប្រជាជន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះ កំពុងខិតខំស្វះស្វែងរកអ្នកបាត់ខ្លួនបន្តទៀត នៅក្នុងតំបន់ Osong ក្នុងក្រុង Cheongju ខេត្ត North Gyeongsang បើទោះប្រតិបត្តិការមានភាពលំបាកតែទឹកច្រើន លាយឡំជាមួយភក់ក៏ដោយ៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com