អន្តរជាតិ
រុស្ស៊ី ប្រកាសផ្អាកចូលរួមក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិជាមួយអ៊ុយក្រែន
18, Jul 2023 , 10:59 am        
រូបភាព
រូបភាព Tass
រូបភាព Tass
វិមានក្រេមឡាំង នៅថ្ងៃទី១៧ ខែកក្កដា បានប្រកាសផ្អាកការចូលរួមកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង។ ការមិនបន្តកិច្ចព្រមព្រៀងរបស់រុស្ស៊ីនេះ ធ្វើឡើងក្រោមហេតុផលមួយផ្នែកនៃកិច្ចព្រមព្រៀង មិនត្រូវបានបំពេញ ដោយភាគីម្ខាងទៀត។

 
កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ត្រូវបានតួកគី និងអង្គការសហប្រជាជាតិ (UN) ធ្វើជាអន្តរការី ដោយអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ ក្នុងគោលបំណងដោះស្រាយបញ្ហាសន្តិសុខស្បៀងដែលពិភពលោកកំពុងជួបប្រទះ។ 
 
ក្រោយបន្តរយៈពេលអនុវត្តបីលើក ពេលនេះ រុស្ស៊ីបានប្រកាសផ្អាកការចូលរួម និងការធានាផ្នែកសន្តិសុខនៃនាវាចរណ៍លើសមុទ្រខ្មៅក្រោមហេតុផលចំណុចមួយចំនួន ដែលខ្លួនបារម្ភមិនត្រូវបានបំពេញ។ 
 
«កិច្ចព្រមព្រៀងសមុទ្រខ្មៅ បានចូលមកដល់ទីបញ្ចប់នៅក្នុងថ្ងៃនេះ»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានបញ្ជាក់បែបនេះ នៅប៉ុន្មានម៉ោងមុនកិច្ចព្រមព្រៀងត្រូវបានផ្អាក ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៧ ខែកក្កដា។ បើតាមលោក Peskov ការផ្អាកនេះ ធ្វើឡើងដោយសារផ្នែកនៃកិច្ចព្រមព្រៀង ដែលរុស្ស៊ីមានការព្រួយបារម្ភ មិនត្រូវបានបំពេញ។ 
 
មុនការផ្អាកនេះ វាមានការផ្ទុះនៅលើស្ពានភ្ជាប់ទៅតំបន់គ្រីមេ ដែលត្រូវបានរុស្ស៊ីចាត់ទុកជាការវាយប្រហារដោយដ្រូនសមុទ្រ។ យ៉ាងណាមិញ វិមានក្រេមឡាំង បានអះអាងថា វាមិនមានការពាក់ព័ន្ធរវាងការវាយប្រហារលើស្ពានឆ្ពោះទៅឧបទ្វីបគ្រីមេ និងការផ្អាកកិច្ចព្រមព្រៀងឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បើទោះរដ្ឋាភិបាលក្រុងមូស្គូ ប្រកាសមិនបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិក៏ដោយ ប៉ុន្តែក្រុងកៀវនៅតែបន្ត។ តាមការបញ្ជាក់របស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អ៊ុយក្រែន បានត្រៀមខ្លួនរួចហើយក្នុងការបន្តការនាំចេញគ្រាប់ធញ្ញជាតិ តាមរយៈច្រកសមុទ្រខ្មៅដដែល។ ជុំវិញបញ្ហានេះ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងកៀវ មិនខ្លាចការវាយប្រហារឡើយ។ 
 
ក្នុងថ្ងៃទី១៧ ខែកក្កដាដដែលនោះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិថា វាជាកាយវិការមិនទទួលខុសត្រូវ និងធ្វើឱ្យសន្តិសុខស្បៀងស្ថិតក្នុងសភាពមានហានិភ័យ។ 
 
ចំណែក រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានរិះគន់ការព្យួរការចូលរួមរបស់រុស្ស៊ីថា វានឹងនាំឱ្យមានបញ្ហាសន្តិសុខស្បៀងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ប្រជាជនជាច្រើនលាននាក់។ ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកអាន់តូនី ប្លីងខិន បានហៅទង្វើរបស់រុស្ស៊ីថា​ គ្មានហេតុផល។ ទន្ទឹមនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានអាម៉េរិក បានប្តេជ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើការជាមួយបណ្តាប្រទេសផ្សេង ដើម្បីធានាពីការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ 
 
រីឯប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បានថ្កោលទោសរុស្ស៊ី ដែលដកខ្លួនជាឯកតោភាគីចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ បើទោះមានកិច្ចខិតខំពីតួកគី និងអង្គការសហប្រជាជាតិ។ 
 
មិនតែប៉ុណ្ណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង លើសេចក្តីសម្រេចរុស្ស៊ី ក្នុងការបញ្ចប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ រួមទាំងការដកខ្លួនចេញពីការធានាសន្តិសុខ លើការធ្វើនាវាចរណ៍នៅក្នុងសមុទ្រខ្មៅ។ 
 
បើតាមលោក ហ្គូតេរ៉េស លោកមានការខកចិត្តចំពោះលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលមិនអើពើចំពោះសំណើ ក្នុងការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ។ 
 
សូមបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនេះ ពោត ស្រូវសាលី និងគ្រាប់ធញ្ញជាតិផ្សេងទៀតច្រើនជាង ៣២លានមេទ្រីកតោន ត្រូវបាននាំចេញដោយអ៊ុយក្រែន ខណៈគ្រាប់ធញ្ញជាតិចុងក្រោយ ត្រូវបានដឹកចេញដោយនាវានៅថ្ងៃទី១៦ ខែកក្កដា៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  តួកគី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com