ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
នាយករងវិទ្យាល័យព្រៃពោន អះអាងថា បានសហការគ្រប់ជ្រុងហើយមុនលុបឈ្មោះសិស្សពីបញ្ជី
18, Jul 2023 , 7:59 pm        
រូបភាព
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ រូបភាពថតដោយសារព័ត៌មានថ្មីៗ ( រូបខាងឆ្វេង) និងវិទ្យាល័យព្រៃពោន រូបភាពពី៖ ហ្វេសប៊ុក  ព្រមទាំង លោក គង់ សំនៀង  ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា ( រូបខាងស្តាំ) រូបភាពផ្តល់ឱ្យ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ រូបភាពថតដោយសារព័ត៌មានថ្មីៗ ( រូបខាងឆ្វេង) និងវិទ្យាល័យព្រៃពោន រូបភាពពី៖ ហ្វេសប៊ុក ព្រមទាំង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា ( រូបខាងស្តាំ) រូបភាពផ្តល់ឱ្យ
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ តំណាងវិទ្យាល័យព្រៃពោន លោក ជុន សុវណ្ណ បានបញ្ជាក់ថា ការបញ្ឈប់សិស្សចំនួន៩៦នាក់ ត្រឹមឆមាស១ ក្រោមហេតុផលឈប់លើសពី៥៥ដងនេះ គឺខាងសាលាបានសហការជាមួយឪពុកម្តាយសិស្ស និងអាជ្ញាធររួចហើយ ដោយពុំមានការតវ៉ាពីសិស្សឡើយ។

 
នាយករងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន លោក ជុន សុវណ្ណ ប្រាប់សារព័ត៌មានថ្មីៗថា ការលុបឈ្មោះសិស្សទាំងនេះ ដោយសារពួកគេទាំងនោះ មិនបានចូលរៀនតាំងពីដើមឆ្នាំ ហើយអ្នកខ្លះចំណាកស្រុកទៅធ្វើការ និងអ្នកខ្លះឈប់រៀន ព្រោះរៀបការ។ ចំណែកសិស្សបំពេញវិជ្ជា៩នាក់ទៀត ដែលខាងសាលាសម្រេចចិត្តលុបឈ្មោះ ព្រោះពួកគេ គ្រាន់តែចុះឈ្មោះហើយ តែមិនឃើញទៅរៀនដែរ។
 
វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ព្រៃពោន រូបភាពពី៖ ហ្វេសប៊ុក

ជុំវិញរឿងនេះ លោក ជុន សុវណ្ណ បានអះអាងថា ខាងសាលាបានសហការជាមួយឪពុកម្តាយសិស្ស និងអាជ្ញាធររួចហើយ តាំងពីដើមឆ្នាំមក ទើបឈានដល់ការសម្រេបចិត្តបញ្ឈប់ពួកគេពីបញ្ជីតែម្តង។ បើតាមលោក សុវណ្ណ មកទល់ពេលនេះ ខាងសាលាក៏ពុំឃើញមានការតវ៉ាអ្វីពីសិស្សដែរ។
 
«តាមពិតយើងព្រួយបារម្ភ ហើយយើងធ្វើនេះព្រោះខ្លាចសិស្សផ្សេងទៀតគាត់ឈប់តាម! យើងធ្វើនេះក៏មិនបានបិទផ្លូវដែរ ហើយបើសិនជាអ្នកទាំង ៩៦នាក់ហ្នឹងគាត់ចង់ចូលរៀងវិញយើងក៏ស្វាគមន៍ដែរ គាត់អាចចូលរៀនបានតែរៀនត្រួតថ្នាក់។ យើងឃើញថា សិស្សប្រើទូរសព្ទច្រើនផង តែជីវភាពពួកគាត់ក៏ខ្សត់ខ្សោយដែរ អ៊ីចឹងតាមពិតខាងសាលាក៏មិនចង់លប់ឈ្មោះច្រើនដែរ តែមកពីគាត់មិនមករៀន ហើយនេះក៏ជាសំនូមពររបស់គ្រូបន្ទុកថ្នាក់ផង ដើម្បីកុំឱ្យសិស្សដទៃទៀតយកគំរូតាម»។ នេះជាការលើកឡើងរបស់លោក ជុន សុវណ្ណ ។ 
 
សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោក ជុន សុវណ្ណ នាយករងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
 


 
ជាមួយគ្នាដែរ លោកនាយករងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោនរូបនេះ  ក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាងមុន សម្រាប់ឆមាសទី២ ចំពោះករណីសិស្សមិនមករៀន ឬ សិស្សដែលប្រឈមការខ្វះខាត ដោយសាលានឹងលើកទឹកចិត្តពួកគេ តាមរយៈការជួយផ្តល់សម្ភារៈសិក្សាផ្សេងៗ ដើម្បីចូលរួមកាត់បន្ថយការបោះបង់ការសិក្សា។
 
សម្រាប់ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានចែករំលែកថា ដើម្បីទប់ស្កាត់ការឈប់ ឬលុបឈ្មោះសិស្ស ដែលមិនមកសិក្សានេះ គឺខាងសាលាត្រូវធ្វើការជាប់ជាមួយឪពុកម្តាយសិស្ស ហើយគ្រូត្រូវស្គាល់សិស្ស និងសហការតាមដានប្រចាំថ្ងៃ សប្តាហ៍ និងខែតែម្តង។ 
 
លោក គង់ សំនៀង  ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា  រូបភាពថតដោយសារព័ត៌មានថ្មីៗ
« បើសិនជាសិស្សឈប់ច្រើន នោះគុណភាពនៃការរៀននឹងធ្លាក់ចុះ ហើយបើឈប់មួយថ្ងៃបួន ទៅ៥នាក់ គឺយើងត្រូវតែសួរនាំរកហេតុផលទៅកាន់សិស្សផ្ទាល់ ក៏ដូចជាឪពុកម្តាយសិស្សផងដែរ។ល។ អ៊ីចឹង យើងចូលរួមទាំងអស់គ្នា ទើបកាត់បន្ថយការមិនមករៀនរបស់សិស្សហ្នឹងបាន»។ ប្រធានសហព័ន្ធសេវាអប់រំខាងលើ បានបញ្ជាក់បន្ថែមបែបនេះ។ 
 
សូមស្ដាប់សំឡេង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់់រំ នៅកម្ពុជា ៖

 
 
បន្ថែមពីនេះ លោក គង់ សំនៀង ក៏បានលើកពីបទពិសោធន៍ក្នុងសាលារៀនឯកជន ដែលបានប្រើប្រព័ន្ធគ្រប់គ្រងការសិក្សាសិស្ស ឱ្យមានសិទ្ធភាពខ្ពស់ ដោយការបង្កើតក្រុមតាមតេឡេក្រាម។ លោកថា វាជាវិធីងាយស្រួលសម្រាប់ការតាមដានការសិក្សាសិស្ស។ 
 
«បើសិនយើងនិយាយពីប្រព័ន្ធបច្ចេកវិទ្យានេះ មានតែសាលារៀនធំៗ សាខាច្រើនទេ ដែលមានវា ។ តែសម្រាប់សាលាររៀនតូចៗ គាត់នៅប្រើប្រព័ន្ធតេឡេក្រាម សារទំនាក់ទំនង និងទូរសព្ទនៅឡើយទេ ក្នុងការតាមដានវត្តមានរបស់សិស្សហ្នឹង ដើម្បីទទួលបានប្រសិទ្ធភាព។ តាមពិតសហព័ន្ធមិនមានសិទ្ធក្នុងការលូកលាន់អីច្រើនទេ ទៅលើរឿងថា សមាជិកត្រូវតែប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនហ្នឹង តែនេះគ្រាន់តែជាការសំណូមពរថា បើសិនជាការគ្រប់គ្រងអវត្តមានសិស្សមិនមានប្រសិទ្ធភាពទេ អ៊ីចឹងគេនឹងមិនមករៀននៅសាលារៀនយើងទេ ហើយហ្នឹងគឺជាចំនុចមួយក្តៅដែរ ដែលគ្រប់សាលារៀនទាំងអស់ត្រូវតែយកចិត្តទុកដាក់»។  លោក គង់ សំនៀង បានបន្ថែម។ 
 
ជុំវិញរឿងរ៉ាវខាងលើ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង ជាមួយគ្រប់ភាគីពាក់ព័ន្ធ។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡាតែម្តង៕
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ  យុវជន និងកីឡា   ( រូបភាពផ្តល់ឱ្យ )


Tag:
 បទសម្ភាសវិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com