កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ថា ការប្រកួតតេក្វាន់ដូ ITF ថ្នាក់ជាតិ ដើម្បីចម្រាញ់អត្តពលិកមានគុណភាព
18, Jul 2023 , 4:40 pm        
រូបភាព
ការប្រកួតជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រូបពី Cambodia 2023
ការប្រកួតជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រូបពី Cambodia 2023
ការប្រកួតកីឡាតេក្វាន់ដូ ITF ថ្នាក់ជាតិ ធ្វើឡើងដើម្បីចម្រាញ់យកធនធានកីឡាករ-កីឡាការិនី មានសមត្ថភាព ចូលរួមក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់បន្ថែម និងត្រៀមសម្រាប់ប្រកួតអន្ដរជាតិនានា។ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងដូច្នេះ ក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៦ ខែកក្កដា។



ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រ​បស់សហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វ បានធ្វើពីថ្ងៃទី១៤-១៦ ខែកក្កដា។ នៅក្នុងពិធីបិទការប្រកួត លោក កែវ រ៉េមី បាននិយាយដូច្នេះថា៖«ការប្រកួតនេះមានសារសំខាន់ សម្រាប់សម្រិតសម្រាំងរើសយកកីឡាករ-កីឡាការិនី មានបច្ចេកទេសខ្ពស់ មានទាំងទេពកោសល្យ និងសមត្ថភាព រួមទាំងស្មារតី និងភាពក្លាហាន ដែលអាចប្រកួតប្រជែង លើឆាកអន្ដរជាតិបាន។ ជាពិសេសទៀតនោះ គឺការត្រៀមខ្លួនក្នុងការប្រកួតជើងឯកពិភពលោក ដែលធ្វើនៅថ្ងៃទី១៨-២៦ ខែសីហា ឆ្នាំ២០២៨។»។
 
ដូចគ្នានេះដែរ លោក បួន ហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូអាយធីអេហ្វ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗតាមទូរស័ព្ទថា នេះគឺជាការ​ប្រកួត ដែលធ្វើជារៀងរាល់ឆ្នាំ ដើម្បីប្រមូលទិន្នផលកីឡាករ-កីឡាការិនីឆ្នើម ឲ្យចូលក្រុមជម្រើសជាតិ ហើយក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងនាមជាអ្នកហាត់ និងស្រឡាញ់កីឡាដូចគ្នា។

លោក កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF រូបពី Cambodia 2023
 
អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖«ការប្រកួតនេះ គឺយើងធ្វើជារៀងរាល់ឆ្នាំ ដើម្បីវាយតម្លៃ មើលលើសមត្ថភាព ឬក៏ប្រមូលធនធានកីឡាករ-កីឡាការិនីល្អៗ ឲ្យចូលរួមជាមួយជម្រើសជាតិ ហើយក៏យើងផ្ដល់ឱកាស ឲ្យកីឡាករ-កីឡាការិនីក្លិប បានបញ្ចេញសមត្ថភាព និងយកបទពិសោធន៍ប្រកួតផងដែរ។ បន្ថែមជាងនេះ យើងចង់ឲ្យបណ្ដាក្លិប ដែលចុះឈ្មោះជាមួយសហព័ន្ធ បានស្គាល់ និងពង្រឹងសាមគ្គីភាព ក្នុងនាមជាអ្នកស្រឡាញ់វិស័យកីឡាដូចគ្នា។»។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៣។ សមាគម និងក្លិបតេក្វាន់ដូអាយធីអេហ្វ មានចំនួន ១៦ បានចូលរួមប្រកួត ដែលមានកីឡាករ-កីឡាការិនី​សរុប ១១៨នាក់ ចូលរួមប្រកួតលើ ២៣វិញ្ញាសា៕
 
 

Tag:
 តេក្វាន់ដូ ITF
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com