ជាតិ
សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
ការពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នឹងបង្កើតតម្លៃថ្មីក្នុងសេដ្ឋកិច្ច​
18, Jul 2023 , 5:59 pm        
រូបភាព
លោក អ៊ូ លីង (WU Ling) ​ ប្រធានផែនការយុទ្ធសាស្ត្រ Huawei​ ប្រចាំអាស៊ីប៉ាស៊ីហ្វិក​​ កំពុងធ្វើបទបង្ហាញស្តីពី៖ «ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល» ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កាលពីថ្ងៃទី១៣កក្កដា។
លោក អ៊ូ លីង (WU Ling) ​ ប្រធានផែនការយុទ្ធសាស្ត្រ Huawei​ ប្រចាំអាស៊ីប៉ាស៊ីហ្វិក​​ កំពុងធ្វើបទបង្ហាញស្តីពី៖ «ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល» ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កាលពីថ្ងៃទី១៣កក្កដា។
បច្ចុប្បន្ន កម្ពុជាមានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថល រួមនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០៣៥។ បើតាមលោក អ៊ូ លីង​ ប្រធានផែនការយុទ្ធសាស្ត្រ Huawei​ ប្រចាំអាស៊ីប៉ាស៊ីហ្វិក​​ ដើម្បីសម្រេចនូវគោលដៅនេះ ​ការពន្លឿនសាងសង់ហេដ្ឋានរចនាសម្ព័ន្ធឌីជីថល គឺជារឿងចាំបាច់ក្នុងការអនុវត្ត​សម្រាប់បង្កើតតម្លៃថ្មី ឬជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី ​ផងដែរ។
 
ឌីជីថលភារូបនីយកម្ម បាននាំមកនូវការផ្លាស់ប្តូរថ្មី ការប្រឈមថ្មី ឱកាសថ្មី និងតម្លៃថ្មី សម្រាប់ពិភពលោក​ ជាពិសេសសម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា ជាដើម។ ​ដូច្នេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាមូលដ្ឋានគ្រឹះការនៃអភិវឌ្ឍប្រទេសនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ 
  


ក្នុងសិក្ខាសាលាស្តីពី៖ «ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល» ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កាលពីថ្ងៃទី១៣កក្កដា លោក​ អ៊ូ លីង (WU Ling)  បានបង្ហាញថា សេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ​គឺជាចលករដែលជួយជំរុញការរួមបញ្ជូលគ្នានៃឌីជីថល ការអនុវត្តជាក់ស្តែង រួមនឹងការបង្កើតទសវត្សរ៍មាសនៃសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន។ 
 
ប្រធានផែនការយុទ្ធសាស្ត្រ Huawei​ អាស៊ីប៉ាស៊ីហ្វិក​​រូបនេះ​ បានបញ្ជាក់ថា៖ «ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថល យើងត្រូវបង្កើតបណ្តាញ4A​ , ថាមពលកុំព្យូទ័រ​ត្រូវមាន 3C និងបច្ចេកវិទ្យា 2I »។ លោកបន្តរៀបរាប់ថា បណ្តាញ4A នោះមាន បណ្តាញអាចចូលប្រើប្រាស់បាន(Accessible), បណ្តាញមានកម្រិតខ្ពស់ (Advanced), មានតម្លៃសមរម្យ(Affordable)និងអាចអនុវត្តបាន(Applicable)។ ចំណែកឯ ថាមពលកុំព្យូទ័រ3C វិញ គឺមាន Cloud, Computing និង Credible ខណៈការច្នៃប្រឌិត(Innovation) និងឧស្សាហូបនីយកម្ម(Industrialization) គឺជាបច្ចេកវិទ្យា 2I ។ 
 
«បច្ចេកវិទ្យាឌីជីថល គឺជាវិស័យស្នូលក្នុងការជំរុញសេដ្ឋកិច្ចរបស់យើងឱ្យមានការរីកចម្រើន ហើយវាជាការរួមចំណូលគ្នារវាងសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យាក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសជាតិមួយឱ្យមានការអភិវឌ្ឍ​ ផងដែរ»។ នេះជាការលើកឡើងរបស់លោក អ៊ូ លីង ដែលសព្វថ្ងៃ បច្ចេកវិទ្យាAI និងChat GDP កំពុងមានការអភិវឌ្ឍខ្លាំងនៃបដិវត្តថ្មីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information and Communication Technology/ICT) របស់ពិភពលោក។​
 

 
ដោយឡែក Chat GDP អាចជួយការងារនានានៅក្នុងវិស័យឌីជីថលបានរហូតដល់៥០ភាគរយ។ លោក​ អ៊ូ លីង បន្តនិយាយថា៖ «ដូច្នេះហើយ​បានជាក្រុមហ៊ុន Huawei​ បានកំណត់នូវទស្សនៈរបស់ខ្លួនថា យើងត្រូវតែតភ្ជាប់នូវបណ្តាញទាំងនេះ ហើយនឹងជំរុញវាឱ្យមានកាន់ប្រើប្រាស់កាន់តែទូលំទូលាយ ដើម្បីកសាង​​និងតម្លៃថ្មីនៅក្នុងសេដ្ឋកិច្ច»។ 
 
បើតាមលោក អ៊ូ លីង ដែលមានបទពិសោធការងារ៣០ឆ្នាំ​ក្នុងការវិស័យICT​ នៅប្រទេសចិន អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បច្ចុប្បន្នឌីជីថលបានកើនឡើងទាំងបរិមាណ និងទាំងគុណភាពដែលជាកម្លាំងសំខាន់ក្នុងការសាងសង់ ការងើបឡើងវិញនៃសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលនៅប្រទេសចិន មានទំហំប្រាក់កើនលើសពី៥០ពាន់លានយ័ន(ប្រមាណ៧ពាន់លានដុល្លារអាម៉េរិក)​ ក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ ដែលកើនពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងទំហំទឹកប្រាក់​៤,៧ពាន់លានយ័ន​(ប្រមាណ៦៥០លានដុល្លារ)។ ភាពរឹងមាំនៃសេដ្ឋកិច្ចឌីជីថលបានចូលរួមចំណែកនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានដល់ចំនួន៤១,៥ភាគរយ។ 
 
សម្រាប់ប្រទេសផ្សេងទៀតដែលស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល​ ដូចជាកម្ពុជា​​ ហ្វីលីពីន ថៃ​ ម៉ាឡេស៊ី ​សិង្ហបុរី និងប្រទេសបង់ក្លាដេស...ជាដើម កំពុងរៀនសូត្រ ដកស្រង់ពិសោធន៍ ​និងការអនុវត្តគោលនយោបាយឌីជីថលរបស់ជឿនលឿននានា ជាពិសេសរៀនពីប្រទេសចិន ដើម្បីពន្លឿនដំណើរឧស្សាហកម្មឌីជីថល និងបញ្ចេញសក្តានុពលឌីជីថលរបស់ខ្លួន។  នេះបើតាមលោក លីង។
 

 
ដើម្បីជំរុញនូវវិស័យឌីជីថលឱ្យរីកចម្រើន គឺទាមទារចាំបាច់ឱ្យរដ្ឋាភិបាលប្រទេសនីមួយដាក់ចេញនូវគោលនយោបាយក្នុងរយៈពេលខ្លីឬវែង ណាមួយ ក្នុងការជំរុញអនុវត្តទាំងឱ្យទទួលបានជោគជ័យ។  ជាក់ស្តែង នៅកម្ពុជា រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថល ឆ្នាំ២០២១-២០៣៥​  និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។  គោលនយោបាយទាំងនេះ មានគោលដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឺះជំរុញការទទួលយក និងបដិបវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ  និងទាំង ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។​
 
សម្រាប់កម្ពុជា ការធ្វើបដិវត្តកម្មឌីជីថល គឺជាចាប់យក​និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាង សង្គមស៊ីវិល័យដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។ ទន្ទឹមគ្នានេះ វាក៏រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ផងដែរ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន​ សែន មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងសម្រេចបាននូវបដិវត្តកម្មឌីជីថលនៅឆ្នាំ២០៣៥ ដើម្បីប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យទៅកាន់តែមានកម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថល ឆ្នាំ២០២១-២០៣៥​ របស់រដ្ឋាភិបាលបានផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល, ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល ដែលមានសសរស្តម្ភចំនួនបី។ ក្នុងនោះមាន ការកសាងពលរដ្ឋឌីជីថល, ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ 
 
ឈរលើគោលគំនិត«ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យបានជាអតិបរិមា ព្រមទាំងស្រូបយក និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បរមា» វិធានការគោលនយោបាយត្រូវរៀបចំទៅតាមសមាសធាតុនីមួយៗ គួបផ្សំនឹងការគិតគូទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធានាបាននូវការកាត់បន្ថយផលអវិជ្ជមាន ផងដែរ៕

 
(អត្ថបទពាណិជ្ជកម្ម​)
 

Tag:
 ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com