ជាតិ
ទំនាក់ទំនងកម្ពុជា-បារាំង ជាមិត្តភាពដ៏យូរលង់ និងស្អិតល្មួត
18, Jul 2023 , 6:53 pm        
រូបភាព
ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមទិវាបុណ្យជាតិបារាំង នារាត្រីថ្ងៃទី១៤កក្កដា នៅស្ថានទូតបារាំងប្រចាំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា
ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមទិវាបុណ្យជាតិបារាំង នារាត្រីថ្ងៃទី១៤កក្កដា នៅស្ថានទូតបារាំងប្រចាំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា
ភ្នំពេញ៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-និងបារាំង គឺជាទំនាក់ដ៏យូរលង់ និងប្រកបដោយ​ទំនុក​​​ចិត្ត ជាទំនាក់ទំនងស្អិតល្មួត ហើយក៏បន្តរីកដុះដាលជាវិជ្ជមានថែមទៀត។ នេះជាការ​លើក​ឡើង លោក ​ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ក្នុង​ ទិវា​បុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ដែលត្រូវបានរៀបចំឡើងនៅស្ថាន​ទូតបារាំងប្រចាំកម្ពុជា។



នៅថ្ងៃប្រារព្ធទិវា​បុណ្យជាតិបារាំងនេះដែរ រដ្ឋាភិបាលកម្ពុជា និងបារាំង ក៏បានសម្ពោធរួមគ្នា ​«វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម​លោកលើក​ទី​១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ​១៩១៨» ដែលត្រូវបានកម្ពុជាសាងសង់ឡើងវិញ នៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ សួន​​ច្បារមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ​កម្ពុជា-បារាំង​ចាត់​ទុកសំណង់នេះថាជា ​ការឆ្លុះបញ្ចាំងពីឫសគល់នៃទំនាក់ទំនង​ដ៏ស្អិតល្មួត រវាងប្រទេស​ទាំងពីរ។ ​
 
ក្នុងសុន្ទរកថាស្វាគមន៍ភ្ញៀវកិត្តិយស៦០០នាក់ ក្នុងឱកាសទិវាបុណ្យជាតិបារាំង នៅស្ថានទូត លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បាន​អគុណ​រដ្ឋាភិបាល​កម្ពុជា​ ដែលផ្ដួចផ្ដើមគំនិត​​សាងសង់វិមាននេះឡើងវិញ។  សម្រាប់ លោក​ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គំនិតផ្តួចផ្តើមសង់វិមាននេះ បង្ហាញថាទំនាក់ទំនងរវាង កម្ពុជា-បារាំង មិនត្រឹម​តែមានតាំងពីយូរលង់ប៉ុណ្ណោះទេ តែថែមទាំងជាទំនាក់ទំនងប្រកបដោយទំនុកចិត្ត និង​គ្មានជម្លោះ​ដែលបង្កឡើងដោយការចងចាំពីអតីតកាលថែមទៀតផង។
 


លោក ហ្សាក់ ប៉ឺឡេ មានប្រសាសន៍បន្ថែមថា៖ «ក្នុងពេលដែលប្រទេសកម្ពុជា ​ត្រៀម​អបអរខួប៧០ឆ្នាំនៃឯករាជ្យ ដែលព្រះ​បរមរតនកោដ្ឋ​ទទួលបានប្រកបដោយអហិង្សា ពោលគឺមិន​ត្រឹមតែមិនប៉ះពាល់​ដល់ទំនាក់ទំនង​​រវាង​ប្រទេសយើងទាំងពីរនោះទេ ថែមទាំងបើកទៅកាន់សម័យ​កាលនៃកិច្ចសហប្រតិបត្តិការ​មិនធ្លាប់មាន ដែលក្នុងថ្ងៃនេះ យើងទាំងអស់គ្នា ជាអ្នកទទួលកេរ​មរតកនេះផង និងជាអ្នក​បន្តវេនផង»។  
 
ក្រៅពីរំឭកទំនាក់ទំនងរវាងកម្ពុជា-បារាំង លោក ហ្សាក់ ប៉ឺឡេ ក៏បាន​រំលេច​ពី​ព្រឹត្តិការណ៍​ជោគជ័យជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងឆ្នាំកន្លងទៅ ពិសេសគឺការធ្វើជាប្រធានកិច្ច​ប្រជុំ​​​កំ​ពូលអាស៊ាន  ​និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ាន​ប៉ារា​ហ្គេមលើកទី១២។ ក្នុងព្រឹត្តិការណ៍កីឡានេះ  ​អត្តពលិកជាច្រើនដែលមានសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង បានឈ្នះមេដាយជាច្រើន ដែលនេះក៏បង្ហាញថាវិស័យកីឡា​ក៏ចូលរួម​ក្នុង​ភាពសម្បូរបែបនៃទំនាក់ទំនងនៃប្រទេស​​ទាំងពីរ។ មិនតែប៉ុណ្ណោះ ​មានយុវជន ​កម្ពុជា​ចំនួន៩នាក់ ត្រូវបានជ្រើសរើសឱ្យទៅ​ស្ម័គ្រចិត្តរយៈពេល៦ខែ នៅប្រ​ទេស​បារាំង ដើម្បី​ចូលរួម​រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក​ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស៍ផងដែរ។ លោក ហ្សាក់ ប៉ឺឡេ ឱ្យដឹងដូច្នេះ។
 
ក្រៅពីទំនាក់ទំនងការទូត កីឡា ទំនាក់ក្នុងវិស័យពាណិជ្ជកម្ម , អប់រំ, សុខាភិបាល, សុខភាព​សាធារណៈ និងការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនានាន ក៏ត្រូវបាន​លោក ហ្សាក់ ប៉ឺឡេ គូសបញ្ជាក់ក្នុងសុន្ទរកថារបស់ខ្លួន នាងឱកាសប្រារព្ធ​ទិវាបុណ្យជាតិបារាំងដែរ។​
 
​​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ដែលបានចូលរួមពិធីអបអរទិវាបុណ្យជាតិបារាំង លើកឡើងស្របនឹងឯកអគ្គរដ្ឋ​ទូត​បារាំង​ដែរថា វិមានដ៏ស្រស់ស្អាតនេះ បានគូសបញ្ជាក់នូវមិត្តភាពដ៏ស្អិតល្មួត​ ដែលមាន​តាំង​ពីយូរ​ណាស់​មកហើយរវាងកម្ពុជា-បារាំង និងពលរដ្ឋនៃប្រទេសទាំងពីរ ​ដែលពលីដើម្បី​បុព្វហេតុ​ដ៏ឧត្តុង្គឧត្តមនៃសេរីភាព ឯករាជ្យភាព និងយុត្តិធម៌។ 
 


លោក បន្តថា មិត្តភាពដ៏ស្មោះស្ម័គ្ររវាងកម្ពុជា-បារាំង មានការរីកដុះដាលយ៉ាងខ្លាំង។ ជាក់​ស្ដែង ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅ​ទីក្រុងប៉ារីស៍​កាល​ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដែលក្នុងពេលនោះ សម្តេច បានពិភាក្សាការងារ​ប្រកប​ដោយ​ផ្លែផ្កាជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ នៅ​ពេលនោះដែរ សម្តេច ក៏បានចូលរួមសន្និសីទអន្តរជាតិ​ ស្តីពីសាមគ្គីភាពជាមួយប្រជាពល​រដ្ឋអ៊ុយក្រែន ផង​ដែរ​។ 
 
រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តរូបនេះ ប្តេជ្ញា​ពង្រឹង​ចំណងពិសេសរវាងប្រទេស​ទាំងពីរបន្ថែមទៀត​ ពិសេសបន្តផ្តល់ភាពងាយស្រួល​ដល់ការ​វិនិយោគបរទេស កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលកម្លាំងពលកម្ម ប្រកប​ដោយ​គុណវុឌ្ឍិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រកបដោយចរីភាព ដែល​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើរតួនាទីយ៉ាងសំខាន់ ក្នុងនោះក៏មានវិស័យឌីជីថលផងដែរ។ 
 


កម្ពុជា-បារាំង បានប្តេជ្ញាចិត្តបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបារាំង និងប្រទេសដទៃ​ទៀត ដែលទទួលបានការស្វាគមន៍ដូចក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាដែរ។ ក្នុងន័យនេះ ច្បាប់​វិនិយោគថ្មី និងសមាជិកភាពក្នុងសមាគមអាស៊ាន និង RCEP កាន់តែផ្តល់អត្ថ​ប្រយោជន៍សំខាន់ៗបន្ថែមទៀត។ 
 
តំណាងឱ្យកម្ពុជា លោក ចម ប្រសិទ្ធ អរគុណចំពោះប្រទេសបារាំង ដែលផ្តល់ការ​គាំទ្រ​ក្នុងវិស័យជាច្រើន ក៏ដូចជាការជួយជ្រោមជ្រែងដ៏មានប្រសិទ្ធភាព របស់ប្រទេសបារាំង តាម​រយៈទីភ្នាក់ងារ AFD។ ជំនួនទាំងនេះ បានអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ប្រកប​ដោយចីរភាព និង​កំពុងតែវិវឌ្ឍក្នុងភាពជាដៃគូ​ ដែលផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក៕ 


 












 
 ប្រភពរូបថត៖ ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា

Tag:
 ស្ថានទូតបារាំងប្រចាំកម្ពុជា
  ចម ប្រសិទ្ធ
  ហ្សាក់ ប៉ឺឡេ
© រក្សាសិទ្ធិដោយ thmeythmey.com