អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលប៉ាលីស្ទិក២គ្រាប់ទៀត​ទៅសមុទ្រខាងកើត
19, Jul 2023 , 1:59 pm        
រូបភាព
កូរ៉េខាងជើង បានបាញ់មីស៊ីលប៉ាលីស្ទិកចំនួនពីរគ្រាប់ទៅក្នុងសមុទ្រខាងកើត នៅថ្ងៃទី១៩ ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការបាញ់មីស៊ីលលើកចុងក្រោយនេះ ធ្វើឡើងក្រោយពេលនាវាមុជទឹកអាម៉េរិក ដែលអាចបំពាក់មីស៊ីលប៉ាលីស្ទិក និងក្បាលគ្រាប់នុយក្លេអ៊ែរទៅដល់កូរ៉េខាងត្បូង។

 
តាមការបញ្ជាក់របស់សេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ខ្លួនចាប់បានសញ្ញានៃការបាញ់មីស៊ីលចេញពីតំបន់ Sunan ក្នុងក្រុងព្យុងយ៉ាង នៅម៉ោង ៣ និង៣០នាទីព្រឹក និងម៉ោង ៣ និង៤៦នាទីព្រឹក។ មីស៊ីលទាំងពីរគ្រាប់នេះ ហោះបានប្រមាណ ៥៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត។ 
 
ក្រោយការបាញ់ខាងលើ សេនាធិការចម្រុះកូរ៉េខាងត្បូង បានថ្កោលទោសការបាញ់មីស៊ីលនេះ និងចាត់ទុកជាសកម្មភាពបង្ករឿង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពលើឧបទ្វីបកូរ៉េ និងអន្តរជាតិ រួមទាំងបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ការបាញ់នេះ ធ្វើឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ នៅពេលកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប  (ICBM) Hwasong-18 ដែលអាចវាយប្រហារដែនដីអាម៉េរិក។ ​ចំណែកក្រសួងការពារជាតិជប៉ុនឯណោះវិញ បានអះអាងថា មីស៊ីលទាំងពីរគ្រាប់នោះ ទំនងធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)​ របស់ខ្លួន។ 
 
បន្ថែមពីនេះ ការបាញ់មីស៊ីលទាំងពីរគ្រាប់ខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយនាវាមុជទឹកអាម៉េរិកបំពាក់មីស៊ីលប៉ាលីស្ទិក USS Kentucky និងអាចបំពាក់ក្បាលគ្រាប់នុយ ក្លេអ៊ែរបាន ទៅដល់កូរ៉េខាងត្បូង។ នេះជាលើកដំបូង ដែលនាវាមុជទឹកប្រភេទនេះ បានបង្ហាញវត្តមាននៅកូរ៉េខាងត្បូង បើគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ នាវាមុជទឹកអាម៉េរិកនេះ បានចូលចតនៅកំពង់ផែប៊ូសាន។ 
 
សូមបញ្ជាក់ថា នាវាមុជទឹកប្រភេទនេះ អាចធ្វើដំណើរបានដោយមិនងាយចាប់សញ្ញាបានឡើយ  និងអាចបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បានក្នុងអំឡុងពេលសង្រ្គាម។ នាវាប្រភេទនេះ កម្រឈប់ជាសាធារណៈនៅកំពង់ផែបរទេសណាស់៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com