អន្តរជាតិ
ទាហានអាម៉េរិក ឆ្លងចូលកូរ៉េខាងជើង ខណៈកំពុងរងពិន័យ
19, Jul 2023 , 5:09 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ទាហានអាម៉េរិកម្នាក់ដែលរងពិន័យនៅកូរ៉េខាងត្បូង បានឆ្លងចូលទៅកូរ៉េខាងជើង និងត្រូវបានជឿថា ឃុំខ្លួននៅក្នុងប្រទេសមួយនេះ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែកក្កដា។

 
ទាហានអាម៉េរិកម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណជាពលទោ ​Travis King និងមានវ័យ ២៣ឆ្នាំ បានឆ្លងព្រំដែនទៅក្នុងកូរ៉េខាងជើង។ តាមការបញ្ជាក់របស់យោធាអាម៉េរិកនៅកូរ៉េខាងត្បូង ទាហានរូបនេះ បានឆ្លងដោយមានបំណង និងដោយគ្មានការអនុញ្ញាតចូលកូរ៉េខាងជើង តាមរយៈក្រុមដំណើរកម្សាន្តមួយ ក្បែរព្រំដែនអន្តរកូរ៉េ។ 
 
«យើងជឿថា គាត់កំពុងនៅក្នុងមន្ទីរឃុំឃាំងកូរ៉េខាងជើង ហើយយើងកំពុងតាមដានយ៉ាងដិតដល់ និងស៊ើបអង្កេតពីស្ថានការណ៍ រួមទាំងជូនដំណឹងទៅសាច់ញាតិ»។ លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិ អាម៉េរិក​បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែកក្កដា ដោយបន្តថា វាមានរឿងជាច្រើន ត្រូវសិក្សា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
តាមការបញ្ជាក់របស់យោធាអាម៉េរិកមួយរូប លោក King ត្រូវបានកំណត់ឱ្យចាកចេញពីយោធាអាម៉េរិក ក្រោយរងពិន័យ ដោយសារការវាយតប់។ កន្លងមក លោក King បានស្ថិតនៅក្នុងការឃុំខ្លួន រយៈពេល៥០ថ្ងៃ នៅកូរ៉េខាងត្បូង បន្ទាប់ពីមានការវាយប្រហារ​ និងដោះលែង នៅថ្ងៃទី១០ ខែកក្កដា។
 
ទាហានអាម៉េរិករូបនេះ ត្រូវបានបញ្ជូនទៅអាម៉េរិកវិញ នៅថ្ងៃទី១៨ ខែកក្កដា ដើម្បីទទួលពិន័យបន្ថែម។ យ៉ាងណាមិញ លោក King បានគេចខ្លួនមិនចូលយន្តហោះឡើយ ដោយក្រោយមក បានចូលរួមជាមួយក្រុមដំណើរកម្សាន្តណែនាំមួយ នៅភូមិ Panmunjom មុននឹងឆ្លងចូលកូរ៉េខាងជើង។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យកងទ័ពអាម៉េរិកនៅកូរ៉េខាងត្បូង លោក Isaac Taylor បានបញ្ជាក់ថា យោធាអាម៉េរិក កំពុងធ្វើការជាមួយយោធាកូរ៉េខាងជើង ដើម្បីដោះស្រាយហេតុការណ៍ខាង​លើ។ ចំណែកអ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre ក្រសួងការបរទេស ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិ កំពុងស្វែងរកព័ត៌មានបន្ថែម និងដោះស្រាយបញ្ហាទាហានអាម៉េរិក ឆ្លងព្រំដែនចូលកូរ៉េខាងជើង។ 
 
ការឆ្លងព្រំដែនរបស់ទាហានអាម៉េរិកនេះ ធ្វើឡើងស្របពេលកូរ៉េខាងជើង កំពុងមានភាពតានតឹងខ្លាំងជាមួយអាម៉េរិក និងកូរ៉េខាងត្បូង ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកជាច្រើនលើក ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ហេតុការណ៍នេះធ្វើឡើងស្របពេលនាវាមុជទឹកអាម៉េរិក បំពាក់មីស៊ីលប៉ាលីស្ទិក និងក្បាលគ្រាប់នុយក្លេអ៊ែរ បានបង្ហាញវត្តមាននៅកំពង់ផែប៊ូសាន កូរ៉េខាងត្បូង៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com