អន្តរជាតិ
រុស្ស៊ី នឹងបំពាក់យន្តហោះចម្បាំងជំនាន់ទី៥ ដល់យោធាបន្ថែម
19, Jul 2023 , 10:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃទី១៨ ខែកក្កដា បានប្រកាសបំពាក់យន្តហោះចម្បាំងជំនាន់ទី៥ បន្ថែមទៅយោធារបស់ខ្លួន។ ការធ្វើទំនើបកម្មយោធារបស់ខ្លួនបែបនេះ ស្របពេលរុស្ស៊ីបន្តឈ្លានពានអ៊ុយក្រែន។

 
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលពីភាពចាំបាច់នៃកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅថ្ងៃទី១៨ ខែកក្កដា លោក Mikhail Mishustin ប្រមុខរដ្ឋាភិបាលរុស្ស៊ី បានអះអាងថា ការផ្តល់យន្តហោះចម្បាំងជំនាន់ទី៥ កំពុងត្រូវបានរៀបចំសម្រាប់យោធា។ ប្រមុខរដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់ថា អាទិភាពរបស់ក្រុមប្រឹក្សាសម្របសម្រួល គឺធានាថាការដឹកជញ្ជូន នឹងត្រូវបានអនុវត្តទាន់ពេលវេលា។ 
 
កន្លងមក ក្រសួងការពារជាតិរុស្ស៊ី បានទទួលយន្តហោះចម្បាំង Su-35S ដែលជាយន្តហោះចម្បាំងជំនាន់ទី  4++ ខណៈយន្តហោះចម្បាំងផ្សេងទៀត កំពុងផលិត។ មិនតែប៉ុណ្ណោះ កងទ័ពរុស្ស៊ី ក៏បានទទួលរថក្រោះ T-90M Proryv និង T-72BZMផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
ការធ្វើទំនើបកម្មរបស់រុស្ស៊ីបែបនេះ ធ្វើឡើងស្របពេលខ្លួន កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ដែលទទួលបានអាវុធទំនើបៗជាច្រើន ពីប្រទេសលោកខាងលិច។ 
 
សូមបញ្ជាក់ថា យន្តហោះជំនាន់ទី៥ របស់រុស្ស៊ី មាន Su-57 ដែលត្រូវបានអភិវឌ្ឍឡើង និងមានបំពាក់មុខងារជាច្រើនប្រភេទ នៅក្នុងការបំផ្លាញទីតាំងសត្រូវ ទាំងលើអាកាស និងលើដី និងធ្វើប្រតិបត្តិការបានជាច្រើន។ មិនតែប៉ុណ្ណោះ ល្បឿនយន្តហោះនេះ គឺលឿន និងអាចបំបាំងខ្លួន ពីរ៉ាដាសត្រូវបានថែមទៀត៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com