ជាតិ
សេដ្ឋកិច្ច
KOICA ប្ដេជ្ញាជួយអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យានៅកម្ពុជា
20, Jul 2023 , 9:29 am        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ស្តាំ) ចាប់ដៃជាមួយលោក Rho Hyun Jun នាយកKOICAប្រចាំកម្ពុជាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១៩ ខែកក្កដា។ រូបថត៖ ក្រសួងការងារ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ស្តាំ) ចាប់ដៃជាមួយលោក Rho Hyun Jun នាយកKOICAប្រចាំកម្ពុជាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១៩ ខែកក្កដា។ រូបថត៖ ក្រសួងការងារ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការកសាងជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា។ លើសពីនេះ KOICA នឹងនាំមកនូវបទពិសោធន៍នៃការអភិវឌ្ឍជំនាញនៅប្រទេសខ្លួន មកបណ្ដុះបណ្ដាលដល់ពលរដ្ឋកម្ពុជា។

 
ការប្ដេជ្ញានេះ ត្រូវបានលើកឡើងដោយលោក Rho Hyun Jun នាយកKOICAប្រចាំកម្ពុជា​ នៅចំពោះមុខ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» នៅទីស្ដីការក្រសួងការងារ​ នាព្រឹកថ្ងៃទី១៩ ខែកក្កដា​។ គម្រោងនេះ​ ត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ដល់២០២៧ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល រួមទាំងពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT។​
 
​លោក អ៊ិត សំហេង​ បានសំដែងការពេញចិត្តជាខ្លាំង នូវការចូលរួមអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់KOICA ខណៈប្រទេសកូរ៉េខាងត្បូង កំពុងរីកចម្រើន លើវិស័យបច្ចេកវិទ្យានៅលើពិភពលោក។ លោក​​ សង្ឃឹម​ថា កូរ៉េខាងត្បូងតាមរយៈKOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ។
 
លោក អ៊ិត សំហេង​ បានបញ្ជាក់យ៉ាងដូច្នេះ ៖ « គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញICT នៃវិស័យTVETនៅកម្ពុជានេះ ពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVETនៅកម្ពុជា។ ជាពិសេស វាចូលរួមគាំទ្រផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស ចំនួន​១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ»។
 
ជាមួយគ្នានេះ លោក Rho Hyun Jun  បានលើកឡើងថា​ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានចាត់ទុកកម្ពុជា ជាប្រទេសសំខាន់បំផុតទី២ ក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញTVET។ ប្រធាន KOICA រូបនេះ ក៏ប្ដេជ្ញានាំមកនូវបទពិសោធន៍នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ 
 

Tag:
 KOICA
© រក្សាសិទ្ធិដោយ thmeythmey.com