ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សខ្លះបិទបញ្ចប់ការហែក្បួន ខណៈបក្ស៥ទៀត ត្រៀមលក្ខណៈទ្រង់ទ្រាយធំ នាថ្ងៃចុងក្រោយ
20, Jul 2023 , 2:09 pm        
រូបភាព
គិតត្រឹមថ្ងៃទី២០ កក្កដានេះ មានគណបក្សនយោបាយជាច្រើន បានបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតហើយ ខណៈគណបក្ស៥ទៀត ត្រៀមបង្ហាញសាច់ដុំទ្រង់ទ្រាយធំ នាថ្ងៃចុងក្រោយ។



សម្រាប់ការឃោសនាបោះឆ្នោតនៅថ្ងៃនេះ គេឃើញមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដង្ហែក្បួនលើកចុងក្រោយរបស់ខ្លួន ចេញពីទីស្នាក់ការបក្សស្ថិតនៅបុរីដើមមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្បួនដង្ហែនេះ មានរថយន្ត ម៉ូតូ និងម៉ូតូកង់បី ដែលមានគ្នា១៥០នាក់ បានធ្វើដំណើរតាមដងផ្លូវ២១៧ តម្រង់ទៅតំបន់ទួលពង្រ ហើយឆ្ពោះទៅចោមចៅ និងបន្តទៅមហាវិថីឈ្នះ ឈ្នះ ដោយឆ្លងកាត់ភូមិសាស្ត្រមួយចំនួន រាជធានីភ្នំពេញ មុននឹងមករំសាយការជួបជុំ នៅទីលានប្រជាធិបតេយ្យ លើកំណាត់ផ្លូវជាតិលេខ៥ ។ យុទ្ធនាការឃោសនាចុងក្រោយនេះ ដឹកនាំដោយលោក យ៉េង វីរៈ ប្រធានគណបក្សផ្ទាល់តែម្ដង។
 
ដោយឡែកបក្ស២ទៀត គឺគណបក្សស្ត្រីដើម្បីស្ត្រី ដឹកនាំដោយលោកស្រី សឹង សុធី និងប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លោក អ៊ុន សិទ្ធិគុន ក៏បានដឹកនាំដង្ហែក្បួនឃោសនាលើកចុងក្រោយខ្លួន នៅថ្ងៃទី២០ កក្កដាដែរ។ គណបក្សទាំងពីរនេះ បានជួបជុំសមាជិកខ្លួន នៅទីទៃពីគ្នា នៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម)  ក្នុងក្រុងសៀមរាប ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ គណបក្សហ៊្វុនស៊ិនប៉ិច ក៏មានការដង្ហែក្បួននៅខេត្តសៀមរាបដែរ ប៉ុន្តែមិនមែនជាយុទ្ធនាការចុងក្រោយនោះទេ។ ចំណែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យវិញ ដែលដឹកនាំដោយលោក ម៉ម សូណង់ដូ បានដង្ហែរក្បួនឃោសនារកសំឡេងឆ្នោត នៅខេត្តកណ្ដាល។ 

ក្រៅពីគណបក្សខាងលើនេះ គេឃើញមានគណបក្សធម្មាធិបតេយ្យ , គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សជនជាតិដើមប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ មិនមានការហែរក្បួនទ្រង់ទ្រាយធំអ្វីនោះទេ ។ បក្សទាំង៤នេះ គ្រាន់តែធ្វើយុទ្ធនាការឃោសនាផ្សព្វផ្សាយ និងចុះជួបប្រជាពលរដ្ឋ ហើយចែកខិតបណ្ណពីគោលនយោបាយបក្សប៉ុណ្ណោះ។
 
សម្រាប់គណបក្ស៥ទៀត មានគណបក្សខ្មែរអភិរក្ស, គណបក្សសញ្ជាតិកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកសិករ និងគណបក្សខ្មែរឈប់ក្រ បានបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនហើយ។
 
សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន , គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំ ដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ , គណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ នឹងដង្ហែរក្បួនឃោសនាធំលើកចុងក្រោយ នៅភ្នំពេញ ។ ចំណែកគណបក្សខ្មែរតែមួយ ដឹកនាំដោយលោក គុជ លី នឹងដង្ហែក្បួនធំ នៅខេត្តសៀមរាប ។ ដោយឡែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងដឹកនាំក្បួនឃោសនាលើកចុងក្រោយ នៅខេត្តព្រៃវែង នាថ្ងៃទី២១ កក្កដា។
 
ថ្ងៃទី២២ កក្កដា គឺជាថ្ងៃ «ស» ដែលហាមអ្នកនយោបាយ សកម្មជន និងមហាជន និយាយពីរឿងនយោបាយ សូម្បីតែកន្លែងជួបជុំផឹកស៊ី ក៏ត្រូវផ្អាកសកម្មភាពដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ កក្កដា។  
 

Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com