អន្តរជាតិ
ហេតុអ្វីព្រឹទ្ធសភាថៃមានអំណាចក្នុងការរើសនាយករដ្ឋមន្រ្តីថៃ?
20, Jul 2023 , 3:09 pm        
រូបភាព
លោក Pita Limjaroenrat នៅថ្ងៃទី១៩ ខែកក្កដា ត្រូវបានសភាបដិសេធមិនឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីជាថ្មីឡើយ ក្រោយពេលតុលាការធម្មនុញ្ញ បានព្យួរសមាជិករដ្ឋសភារបស់លោក ដោយសារកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុន។ ក្នុងការរើសនាយករដ្ឋមន្រ្តីថៃនេះ ព្រឹទ្ធសភា ត្រូវបានមើលឃើញថា មានអំណាចយ៉ាងសំខាន់។

 
តាមរដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ ដើម្បីក្លាយជាប្រមុខរដ្ឋាភិបាលថៃ បេក្ខជននាយករដ្ឋមន្រ្តី ត្រូវតែទទួលបានការគាំទ្រពីសមាជិកសភាទាំងពីរថ្នាក់ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភាលើសពីសំឡេង ៣៧៥កៅអី។ សមាជិកសរុបរបស់សភាទាំងពីរថ្នាក់ មានចំនួន ៧៥០រូប។ ប្រសិនបើបេក្ខជនរូបណា មិនទទួលបានសំឡេងគ្រប់គ្រាន់ ការបោះឆ្នោតជុំទីពីរ និងទីបី ត្រូវរៀបចំឡើង ឬដាក់បេក្ខជននាយករដ្ឋមន្រ្តីថ្មី ទាល់តែទទួលបានសំឡេងគាំទ្រ ៣៧៦រូប។ 
 
ជុំវិញបញ្ហានេះ ព្រឹទ្ធសភា ត្រូវបានមើលឃើញថា បានដើរតួនាទីដ៏សំខាន់ជាមួយរដ្ឋសភា ដើម្បីរើសនាយករដ្ឋមន្រ្តីថៃថ្មី ចាប់តាំងពីឆ្នាំ២០១៩។ សមាជិកព្រឹទ្ធសភាសរុប មានចំនួនពាក់កណ្តាលនៃរដ្ឋសភា ពោលគឺ២៥០កៅអី។ 
 
តាមរដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភាចំនួន ១៩៤ ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព និងសណ្តាប់ធ្នាប់ ដែលបានផុតអាណតិ្តរបស់ខ្លួនក្នុងឆ្នាំ២០១៩។ ចំណែកសមាជិកព្រឹទ្ធសភា ៥០រូបផ្សេងទៀត ត្រូវរើសចេញពីក្រុមសង្គម និងអ្នកជំនាញដូចជា គ្រូបង្រៀន, ចៅក្រម, កសិករ និងក្រុមហ៊ុនឯកជនជាដើម។ សម្រាប់សមាជិក ៦រូបចុងក្រោយ គឺត្រូវរើសចេញពីលេខាធិការអចិន្រ្តៃយ៍ នៃក្រសួងការពារជាតិ, អគ្គមេបញ្ជាការកំពូល, ប្រធានប៉ូលិសជាតិ, ប្រមុខដឹកនាំទ័ពជើងគោក ជើងទឹក និងអាកាស។ 
 
ក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព និងសណ្តាប់ធ្នាប់ ត្រូវបានបង្កើតឡើងក្រោយពេលថៃមានរដ្ឋប្រហារយោធា នៅក្នុងឆ្នាំ២០១៤ ដើម្បីដឹកនាំប្រទេស ក៏ដូចជាស្តារសណ្តាប់ធ្នាប់ឡើងវិញ។ 
 
ក្នុងធម្មនុញ្ញឆ្នាំ២០១៧ ដដែល វាក៏បានផ្តល់អំណាចឱ្យព្រឹទ្ធសភា ក្នុងការរើសនាយករដ្ឋមន្រ្តីដែរ ដោយបញ្ហានេះ បានរងការរិះគន់យ៉ាងខ្លាំង។ បក្សនយោបាយមួយចំនួន បានរិះគន់ថា ការផ្តល់អំណាចឱ្យព្រឹទ្ធសភារើសនាយករដ្ឋមន្រ្តី គឺផ្ទុយនឹងប្រជាធិបតេយ្យ ដោយសារសមាជិកព្រឹទ្ធសភា មិនត្រូវបានរើសចេញពីការបោះឆ្នោតឡើយ។ អាណត្តិរបស់ព្រឹទ្ធសភា មាន​រយៈពេល ៥ឆ្នាំ ខណៈសមាជិកព្រឹទ្ធសភាថៃបច្ចុប្បន្ន នឹងត្រូវផុតនៅឆ្នាំ២០២៤ ខាងមុខ។
 
បើទោះមានការរិះគន់ក៏ដោយ ប៉ុន្តែក្រុមអ្នកប្រឆាំង និងបក្សប្រឆាំងនឹងមាត្រានេះ មិនអាចធ្វើអ្វីឡើយ ដោយសារការធ្វើវិសោធនកម្មលើមាត្រាណាមួយក្នុងរដ្ឋធម្មនុញ្ញថៃ គឺទាមទារការឯកភាពពីសំឡេង១ភាគ៣ ឬ៨៤កៅអីពីព្រឹទ្ធសភា។
 
ជាការពិត ការផ្តល់អំណាចឱ្យព្រឹទ្ធសភា រើសនាយករដ្ឋមន្រ្តីពីរដ្ឋធម្មនុញ្ញ អាចជាការលំអៀងទៅយោធាថៃ ក្នុងការរើសមេដឹកនាំ ក៏ដូចជារក្សាអំណាចយោធា ក្នុងការដឹកនាំប្រទេស៕ 
 

Tag:
 ថៃ
  ការបោះឆ្នោត
  នាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com