ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន បង្កើតក្រុមការងារបច្ចេកទេស១៣ក្រុម ដើម្បីជំរុញការកសាងសេដ្ឋកិច្ចឌីជីថល​
20, Jul 2023 , 8:19 pm        
រូបភាព
ប្រមុខរដ្ឋាភិបាល​សម្តេច ហ៊ុន​ សែន។ រូបថត៖ ផេកហ្វេសប៊ុក សម្តេច​ ហ៊ុន សែន
ប្រមុខរដ្ឋាភិបាល​សម្តេច ហ៊ុន​ សែន។ រូបថត៖ ផេកហ្វេសប៊ុក សម្តេច​ ហ៊ុន សែន
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រេចបង្កើតក្រុមការងារបច្ចេកទេសចំនួន១៣ក្រុម ដើម្បីជំរុញ គាំទ្រ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីល ខណៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច-សង្គមឌីជីថល​កម្ពុជា ដាក់ឱ្យអនុវត្តបាន២ឆ្នាំមកហើយ។​ កម្ពុជា មានគោលដៅសម្រេចឱ្យបាននូវសេដ្ឋកិច្ច-សង្គម​ និងរដ្ឋាភិបាលឌីជីថលនៅត្រឹមឆ្នាំ២០៣៥។

 
ក្រុមការងារបច្ចេកទេសទាំង១៣ក្រុម ដែលរដ្ឋាភិបាលបង្កើតឡើងនោះ មាន​ក្រុមការងារទទួលបន្ទុកការសម្របសម្រួលកណ្តាល, ក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក, ក្រុមការងារសារពើពន្ធឌីជីថល, ក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មធុរកិច្ចឌីជីថល។ ក្រុមការងារសម្រួលពាណិជ្ជកម្មឌីជីថល, ក្រុមការងារទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល​, ក្រុមការងារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ក្រុមការងារអត្តសញ្ញាណឌីជីថល, ក្រុមការងាររំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល។
 
ក្រុមការងារកសាងធនធានមនុស្សឌីជីថល, ក្រុមការងារលើកកម្ពស់ និងការជំរុញបច្ចេកវិទ្យា វិទ្យសាស្ត្រ និងនវានុវត្តន៍, ក្រុមការងារសុវត្ថិភាពឌីជីថល​សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ និងក្រុមការងារទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ឌីជីថល។ 
 
សេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី១១កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកការសម្របសម្រួលកណ្តាល ដែលមានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច ​និងធុរកិច្ចឌីជីថលជារដ្ឋលេខាធិការ។ ក្រុមការងារនេះ មានភារកិច្ចបូកសរុបកណ្តាលឱ្យក្រុមការងារបច្ចេកទេសផ្សេងៗទៀត, ផ្តល់ទស្សនទាន និងមគ្គុទេសណែនាំ ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។ ក្រុមការងារនេះ ត្រូវសហការ និងសម្របសម្រួលការងាររបស់ក្រុមការងារបច្ចេកទេសផ្សេងៗ ដែលមានលក្ខណៈអន្តរវិស័យ,​ ពិនិត្យ និងតាមដានវឌ្ឍនភាពការងារ សមិទ្ធកម្ម និងបញ្ហារបស់ក្រុមការងារបច្ចេកទេសផ្សេងៗ ព្រមទាំងលើកសំណើដំណោះស្រាយតាមការចាំបាច់។ 
 
ក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក​ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ មានភារកិច្ចអនុវត្តផែនការ និងកម្មវិធីថ្នាក់ជាតិសម្រាប់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ជំរុញការស្រាវជ្រាវអំពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក, ចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធ និងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក, ផ្តល់ការសហការជាមួយក្រុមការងារការងារបច្ចេកទេសផ្សេងៗ ដើម្បីជំរុញការងារដែលមានលក្ខណៈអន្តរវិស័យ ដោយមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសកណ្តាល។ ក្រុមការងារនេះ ក៏មានតួនាទីរៀបចំ បូកសរុប និងផ្តល់របាយការណ៍វឌ្ឍនភាពការងារ សមិទ្ធកម្ម និងបញ្ហាប្រឈមជូនក្រុមការងារបច្ចេកទេសសម្របសម្រួលកណ្តាល ជាដើម។
 
សម្រាប់ក្រុមការងារបច្ចេកទេសសារពើពន្ធឌីជីថល ក៏ត្រូវដឹកនាំដោយក្រសួងសេដ្ឋកិច្ច ផងដែរ។ ក្រុមការងារនេះ មានតួនាទីសិក្សា និងកំណត់អត្តសញ្ញាណកម្ម និងកម្មវត្ថុសារពើពន្ធឌីជីថលសម្រាប់កម្ពុជា, ជំរុញការស្រាវជ្រាវអំពីក្របខណ្ឌគោលនយោបាយ បទពិសោធ ឧត្តមានុវត្តន៍ និងនិន្នាការនៃការកសាង និងអនុវត្តសារពើពន្ធឌីជីថល រួមទាំងជំរុញការតាមដាន ត្រួតពិនិត្យ  និងវាយតម្លៃការអនុវត្តសារពើពន្ធឌីជីថលរបស់ក្រុមហ៊ុន និងសហគ្រាស ដើម្បីធានាបានការប្រកួតប្រជែងដោយសោះត្រង់ និងយុត្តិធម៌ ព្រមទាំងការមិនបំពេញកាតព្វកិច្ចសារពើពន្ធឌីជីថល។ ជាពិសេស ក្រុមការងារនេះ ត្រូវជំរុញការផ្សព្វផ្សាយអំពីសារពើពន្ធឌីជីថល។ 
 
លើសពីនេះ រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមការងារនេះ ត្រួតពិនិត្យ​ សិក្សា និងលើកសំណើរៀបចំ និង/ឬ ធ្វើវិសោធនកម្ម​និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតពាក់ព័ន្ធនឹងសារពើពន្ធឌីជីថល  និងចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធនឹងសារពើពន្ធឌីជីថល។  ដោយឡែក​ ក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ  និងនិយ័តកម្មធុរកិច្ចឌីជីថល មានភារកិច្ចជំរុញការស្រាចវជ្រាវណ វាយតម្លៃ ការសហការ និងការសម្របសម្រួលការងារពាក់ព័ន្ធនឹងការកសាង ការអភិវឌ្ឍ​និងការធ្វើនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងមិនមែនធនាគារ ដែលរួមបញ្ជូលនូវហិរញ្ញវត្ថុវិមជ្ឈការ​ និងបច្ចេកវិទ្យាដែលកំពុងលេចឡើង។ 
 
ក្រុមការងារដែលស្ថិតក្រោមការគ្រប់គ្រងក្រសួងសេដ្ឋកិច្ចនេះ  ក៏មានភារកិច្ចជំរុញ និងគាំទ្រដល់ការអភិវឌ្ឍនិយ័តកម្មធុរកិច្ចឌីជីថល, ចូលរួមផ្តល់យោបល់រៀបចំ កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មធុរកិច្ចឌីជីថល, ផ្តល់កិច្ចសហការជាមួយក្រុមងារបច្ចេកទេសផ្សេងៗក្នុងការជំរុញការងារដែលមានលក្ខណៈអន្តរវិស័យ ដោយមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួល និងបំពេញភារកិច្ចផ្សេងៗតាមការប្រគល់ជូនពីក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មឌីជីថល។ 
 
ចំពោះក្រុមការងារសម្រួលពាណិជ្ជកម្មឌីជីថល មានភារកិច្ចជំរុញការសម្រួលពាណិជ្ជកម្ម គ្មានក្រដាសស្នាម, ជំរុញប្រតិបត្តិការបើកចំហរឯកសារជាទម្រង់ឌីជីថលពាក់ព័ន្ធនឹងការសម្រួលពាណិជ្ជកម្មឌីជីថល។ ក្រុងការងារដឹកនាំដោយក្រសួងសេដ្ឋកិច្ចមួយនេះ  ក៏មានភារកិច្ចជំរុញអន្តរប្រតិបត្តិការនៃប្រព័ន្ធបញ្ជារតែមួយជាតិជាមួយប្រព័ន្ធឌីជីថលនឹងការសម្រួលពាណិជ្ជកម្មឌីជីថល ផងដែរ​ ខណៈ​ក្រុមការងារទូទាត់សង់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា​ មានតួនាទីជំរុញការទូទាត់សង់ប្រាក់តាមប្រព័ន្ធឌីជីថលក្នុងស្រុក និងការទូទាត់ឆ្លងកាត់ព្រំដែន។ 
 
ក្រុមការងារនេះត្រូវជំរុញការសិក្សាអំពីតម្រូវការនិយ័តកម្ម និងបទប្បញ្ញតិ្តក្នុងការតភ្ជាប់ជាមួយបណ្តាលប្រទេសក្នុងបរិការណ៍តំបន់​ និងសកលលោក ជាពិសសេសចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។ ក្រុមការងារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ក្រោមការដឹកនាំក្រសួងពាណិជ្ជកម្មវិញ ត្រូវគាំទ្រការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក, ត្រូវតាមដានការអនុវត្តដោយស្មើភាព​ និងយុត្តិធម៌ចំពោះផលិតផល និងសេវាឌីជីថល។​
 
ក្រុមការងារ ក៏ត្រូវជំរុញការសម្រួលនីតិវិធីនៃការដឹកទំនិញឆ្លងកាត់ព្រំដែន, សិក្សា​ និងរៀបចំយន្តការដោះស្រាយវិវាទសម្រាប់ការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន រួមទាំងចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។​ រីឯក្រុមការងារអត្តសញ្ញាណឌីជីថល ដែលដឹកនាំដោយក្រសួងមហាផ្ទៃវិញ មានភារកិច្ចជំរុញការអភិវឌ្ឍអត្តសញ្ញាណឌីជីថល,​ ជំរុញការរៀបចំក្របខណ្ឌអន្តរប្រតិបត្តិការបច្ចេកទេសពាក់ព័ន្ធនឹងអត្តសញ្ញាណឌីជីថល។​
 
លើសពីនេះក្រមការងារនេះ ត្រូវជំរុញការស្រាវជ្រាវអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងអត្តសញ្ញាណឌីជីថល និងជំរុញការស្រាវជ្រាវអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអត្តសញ្ញាណឌីជីថល ជាពិសេសចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងអត្តសញ្ញាណឌីជីថល​។ 
 
សម្រាប់ក្រុមការងាររំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល ដឹកនាំដោយក្រសួងការងារ ត្រូវជំរុញដល់ការរំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល, សិក្សា និងរៀបចំយន្តការគាំទ្ររំហូរកម្លាំងពលរដ្ឋឌីជីថល និងគាំទ្រដល់ការបំពេញការងារពីចម្ងាយសម្រាប់អ្នកមានទេសពកោសល្យឌីជីថល និងសហគ្រិនឌីជីថល។ ក្រុមការងារនេះ ក៏ត្រូវចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងរំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល​ ផងដែរ។​
 
ក្រុមការងារបច្ចេកទេសកសាងធនធានមនុស្សឌីជីថល ដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញការកសាងធនធានមនុស្សឌីជីថល, រៀបចំក្របខណ្ឌ យន្តការ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងកម្មវិធីបណ្តុះបណ្តាល និងបង្កើនសមត្ថភាព ជំនាញ និងគុណវុឌ្ឍិផ្នែកឌីជីថល ស្របតាមឧត្តមនុវត្តន៍ និងនិន្នាការនៃការកសាងធនធានមនុស្សឌីជីថលក្នុងបរិការណ៍តំបន់​និងសកល។ ក្រុមការងារ ក៏ត្រូវជំរុញការសិក្សាពេញមួយជីវិតក្នុងវិស័យឌីជីថល ផងដែរ។ 
 
ក្រុមការងារបច្ចេកទេសលើកកម្ពស់ និងជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដឹកនាំដោយក្រសួងឧស្សាហកម្ម ត្រូវជំរុញការសិក្សាពីតម្រូវការក្នុងការវិនិយោគផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍, ជំរុញការវិនិយោគផ្នែកបច្ចេកវិទ្យា និងអ្នកមានទេពកោសល្យផ្នែកបញ្ញាសិប្បនិម្មិត ​និងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។​ ក្រុមការងារនេះ ត្រូវចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់ រួមទាំងជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ផងដែរ។​
 
ដោយឡែក​ ក្រុមការងារសុវត្ថិភាពឌីជីថល សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ ដែលដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានភារកិច្ចការពារសុវត្ថិភាពឌីជីថល និងសន្តិសុខសាយប័រ ព្រមទាំងអភិបាលកិច្ចទិន្នន័យ, ជំរុញការបន្ស៊ីស្តង់ដារសន្តិសុខសាយប័រ និងការពារសន្តិសុខសាយប័រក្នុងក្របខណ្ឌទ្វេភាគីតំបន់ និងសកល។ ក្រុមការងារ ត្រូវជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនពាក់ព័ន្ធសុវត្ថិភាពឌីជីថល សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ, ជំរុញការបង្កើតកិច្ចការពារទិន្នន័យបុគ្គល, ជំរុញការរៀបចំក្របខណ្ឌនៃការបែងចែកប្រភេទទិន្នន័យ, ជំរុញការការពារសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។
 
ជាពិសេសក្រុមការងារនេះ ត្រូវសិក្សា និងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រគាំទ្រលំហូរទិន្នន័យឆ្លងដែន ព្រមទាំងសិក្សាពីតម្រូវការច្បាប់ លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកូដប្រភព(Source Code) ខណៈក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ ​ និងការតភ្ជាប់ឌីជីថល ត្រូវជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​ និងការតភ្ជាប់ឌីជីថលដែលមានគុណភាព និងបង្កើនភាពងាយតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃសមរម្យ។​
 
បច្ចុប្បន្ន កម្ពុជាមានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថលឆ្នាំ២០២១-២០៣៥​  និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។  គោលនយោបាយទាំងនេះ មានគោលដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឺះជំរុញការទទួលយក និងបដិបវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ  និងទាំង ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។​
 
សម្រាប់កម្ពុជា ការធ្វើបដិវត្តកម្មឌីជីថល គឺជាចាប់យក​និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាង សង្គមស៊ីវិល័យដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។ ទន្ទឹមគ្នានេះ វាក៏រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ផងដែរ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន​ សែន មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងសម្រេចបាននូវបដិវត្តកម្មឌីជីថលនៅឆ្នាំ២០៣៥ ដើម្បីប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យទៅកាន់តែមានកម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថល ឆ្នាំ២០២១-២០៣៥​ របស់រដ្ឋាភិបាលបានផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល, ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល ដែលមានសសរស្តម្ភចំនួនបី។ ក្នុងនោះមាន ការកសាងពលរដ្ឋឌីជីថល, ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ 
 
ឈរលើគោលគំនិត«ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យបានជាអតិបរិមា ព្រមទាំងស្រូបយក និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បរមា» វិធានការគោលនយោបាយត្រូវរៀបចំទៅតាមសមាសធាតុនីមួយៗ គួបផ្សំនឹងការគិតគូទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធានាបាននូវការកាត់បន្ថយផលអវិជ្ជមាន ផងដែរ៕
 

Tag:
 សេដ្ឋកិច្ចឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com