អន្តរជាតិ
បក្សPheu Thai នឹងមិនប៉ះច្បាប់ប្រមាថព្រះមហាក្សត្រឡើយ បើខ្លួនដឹកនាំរដ្ឋាភិបាល
20, Jul 2023 , 6:01 pm        
រូបភាព
Pheu Thai, ថៃ
Pheu Thai, ថៃ
បក្ស Pheu Thai នឹងមិនធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រឡើយ ប្រសិនបើខ្លួនដឹកនាំរដ្ឋាភិបាលថៃថ្មី។ លោក Srettha Thavisin បេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្ស Pheu Thai បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែកក្កដា។

 
បក្សឆ្ពោះទៅមុខ របស់លោក Pita Limjaroenrat មិនទទួលបានគាំទ្រពីសភាទាំងពីរថ្នាក់ ដើម្បីដឹកនាំរដ្ឋាភិបាលឡើយ ដោយសារគោលនយោបាយកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ ក្រោយបរាជ័យបែបនេះ លោក Srettha Thavisin បេក្ខភាពនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រសិនបើ បក្ស Pheu Thai ស្នើតែងតាំងបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតសភាថ្ងៃទី២៧ ខែកក្កដា ខ្លួននឹងដកលទ្ធភាពនៃការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រចេញ។ 
 
«បើមិនដូច្នោះទេ បក្សនឹងមិនទទួលបានការគាំទ្រពីបក្សនយោបាយ​ និងព្រឹទ្ធសភា...។ បើបក្សយើងដឹកនាំ បញ្ហាច្បាប់ប្រមាថព្រះមហាក្សត្រ នឹងត្រូវឈប់»។ លោក Srettha បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២០ ខែកក្កដា។ ទន្ទឹមនេះ លោក Srettha បានបន្តថា ប្រសិនបើច្បាប់ប្រមាថព្រះមហាក្សត្រត្រូវបានពិភាក្សាដោយវិជ្ជមាន សមាជិកព្រឹទ្ធសភា គួរផ្តល់ការគាំទ្រយ៉ាងមុតមាំដល់រដ្ឋបាលដឹកនាំដោយបក្សPheu Thai។ 
 
នៅក្នុងការបោះឆ្នោតសភាក្នុងការរើសនាយករដ្ឋមន្រ្តីខាងមុខ លោក Srettha ត្រូវបានរំពឹងថា នឹងជ្រើសជាបេក្ខភាពនាយករដ្ឋមន្រ្តី ក្រោយពីលោកPita មេដឹកនាំបក្សឆ្ពោះទៅមុខ មិនទទួលបានសំឡេងគាំទ្រពីសភាគ្រប់គ្រាន់។ 
 
កន្លងមក សមាជិកព្រឹទ្ធសភា និងបក្សនយោបាយជាច្រើន បានបញ្ជាក់រួចហើយថា ខ្លួនមិនគាំទ្របក្សឆ្ពោះទៅមុខឡើយ ដោយសារគោលនយោបាយធ្វើវិសោធនកម្មលើច្បាប់ប្រមាថព្រះមហាក្សត្រ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com