អន្តរជាតិ
អ៊ុយក្រែន និងរុស្ស៊ី ព្រមាននាវាឆ្លងកាត់សមុទ្រខ្មៅ
21, Jul 2023 , 10:59 am        
រូបភាព
រូបភាពយកពីក្រសួងការពារជាតិរុស្ស៊ី
រូបភាពយកពីក្រសួងការពារជាតិរុស្ស៊ី
អ៊ុយក្រែន នៅថ្ងៃ២០ ខែកក្កដា បានព្រមានរាល់នាវាទាំងអស់ ដែលឆ្ពោះទៅកំពង់ផែគ្រប់គ្រងដោយរុស្ស៊ីតាមរយៈសមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកជានាវាដឹកជញ្ជូនផ្នែកយោធា។ ការព្រមាននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយរុស្ស៊ីប្រកាសចាត់វិធានការស្រដៀងនេះលើនាវាឆ្ពោះទៅអ៊ុយក្រែន។

 
ក្រោយផ្អាកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ រុស្ស៊ី បានប្រកាសយ៉ាងច្បាស់ៗថាខ្លួននឹងចាត់ទុករាល់នាវាទាំងអស់ ដែលធ្វើដំណើរឆ្ពោះទៅកំពង់ផែអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ នឹងត្រូវចាត់ទុកជានាវាដឹកសម្ភារយោធា។ ចំណែកទង់ជាតិរបស់នាវា ដែលមានបំពាក់លើនាវានោះ នឹងត្រូវចាត់ទុកថាចូលរួមក្នុងជម្លោះ ដោយឈរនៅភាគីអ៊ុយក្រែន។ 
 
ក្រោយការប្រកាសបែបនេះ​ ភាគីអ៊ុយក្រែន បានប្រកាសព្រមានសងសឹក និងហាមមិនឱ្យនាវាឆ្លងទៅកំពង់ផែគ្រប់គ្រងដោយរុស្ស៊ី តាមរយៈសមុទ្រខ្មៅ។ 
 
«ចាប់ពីថ្ងៃទី២១ ខែកក្កដា នាវាទាំងអស់ក្នុងសមុទ្រខ្មៅឆ្ពោះទៅកំពង់ផែរុស្ស៊ី និងកំពង់ផែអ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ីបណ្តោះអាសន្ន ប្រហែលត្រូវចាត់ទុកជានាវាដឹកសម្ភារយោធា»។ ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែកក្កដា។ 
 
ទន្ទឹមនេះ អ៊ុយក្រែន ក៏ហាមឃាត់ការធ្វើដំណើរតាមផ្លូវទឹកឆ្ពោះទៅកំពង់ផែភាគឦសាន ដែលជាផ្នែកមួយនៃសមុទ្រខ្មៅ និងច្រកសមុទ្រKerch Strait ក្បែរឧបទ្វីបគ្រីមេ។ 
 
គួររំឭកថា វិមានក្រេមឡាំង នៅថ្ងៃទី១៧ ខែកក្កដា បានផ្អាកការចូលរួមកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង។ ការមិនបន្តកិច្ចព្រមព្រៀងរបស់រុស្ស៊ីនេះ ធ្វើឡើងក្រោមហេតុផលមួយផ្នែកនៃកិច្ចព្រមព្រៀង មិនត្រូវបានបំពេញ ដោយភាគីម្ខាងទៀត។
 
យ៉ាងណាមិញ ការប្រកាសផ្អាកនេះ ត្រូវបានប្រទេសលោកខាងលិច និងមេដឹកនាំមួយចំនួន រិះគន់យ៉ាងខ្លាំង និងចាត់ទុកកាយវិការរបស់រុស្ស៊ី អាចបង្កឱ្យមានវិបត្តិសន្តិសុខស្បៀង កាន់តែធ្ងន់ធ្ងរ៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com