ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវឱ្យ គ.ជ.ប. ស្មោះត្រង់ចំពោះមុខ​គណបក្ស​ទាំងអស់
21, Jul 2023 , 4:15 pm        
រូបភាព
ដោយ៖ អ៊ូ សុខមាន និង ឡាយ សុភាវតី 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវមានភាពស្មោះត្រង់ចំពោះមុខគណបក្សនយោបាយទាំងអស់។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានព្រះរាជបន្ទូលអំពាវនាវបែបនេះ ទៅកាន់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ។



«ខ្ញុំសូមថា គ.ជ.ប ត្រូវឱ្យស្មោះត្រង់ជាមួយពួកយើងទាំងអស់។ ខ្ញុំបានប្រាប់ទៅគ.ជ.ប ហើយថា ចំណុចហ្នឹង គ.ជ.ប គឺសំខាន់មែនទែន ព្រោះវាជាជីវិតរបស់ខ្មែរយើង»។ នេះជាព្រះរាជបន្ទូលរបស់ព្រះអង្គម្ចាស់ ចក្រាវុធ ដែលបានថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា ការដណ្តើមកៅអីក្នុងរដ្ឋសភា ពិតជាសំខាន់ណាស់ សម្រាប់ព្រះអង្គ ដែលស្នងព្រះរាជតំណែងពីព្រះបិតា។
 
 
ប្រឡូកក្នុងឆាកនយោបាយជាង១ឆ្នាំនេះ ព្រះអង្គម្ចាស់ ចក្រាវុធ ទទួលស្គាល់ពីភាពក្មេងខ្ចីរបស់ព្រះអង្គ ដែលត្រូវការសិក្សាបន្ថែមទៀត។ ដ្បិតជួបការលំបាកក្តី ក៏ព្រះអង្គប្ដេជ្ញាដឹកនាំបក្សរាជានិយមមួយ ឱ្យដំណើរការបានល្អ ។ «ខ្ញុំបានធ្វើប្រធានបក្ស ១ឆ្នាំ ៣ខែទេ ហើយមកពីស្រុកបារាំងផង មិនមែនងាយស្រួលទេ។ តែខ្ញុំនៅតែខំអ៊ីចឹង ហើយខ្ញុំកំពុងតែរៀន(ពីនយោបាយ) ហើយជួយប្រជាពលរដ្ឋ។ ចំណុចហ្នឹង សំខាន់មែនទែន»។ ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលបែបនេះ។
 
ថ្ងៃទី២២ កក្កដា គឺជាថ្ងៃ «ស» ដែលហាមអ្នកនយោបាយ សកម្មជន និងមហាជន និយាយពីរឿងនយោបាយ សូម្បីតែកន្លែងជួបជុំផឹកស៊ី ក៏ត្រូវផ្អាកសកម្មភាពដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ កក្កដា៕
  




Tag:
 ហ្វ៊ុនស៊ិនប៉ិច
  ចក្រាវុធ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com