អន្តរជាតិ
កូរ៉េខាងត្បូង ព្រមានបញ្ចប់របបកូរ៉េខាងជើង ប្រសិនបើហ៊ានវាយប្រហារនុយក្លេអ៊ែរ
21, Jul 2023 , 7:39 pm        
រូបភាព
នាវាមុជទឹកអាម៉េរិក USS Kentucky។ រូបភាពយកពីកងទ័ពជើងទឹកអាម៉េរិក
នាវាមុជទឹកអាម៉េរិក USS Kentucky។ រូបភាពយកពីកងទ័ពជើងទឹកអាម៉េរិក
កូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកក្កដា បានព្រមានកូរ៉េខាងជើងយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងប្រឈមនឹងទីបញ្ចប់របបរបស់ខ្លួន ក្នុងហេតុការណ៍វាយប្រហារនុយក្លេអ៊ែរ។ ការបោះពាក្យព្រមានបែបនេះ ធ្វើឡើងក្រោយនាវាមុជទឹកអាម៉េរិកដែលអាចបំពាក់មីស៊ីលប៉ាលីស្ទិក និងក្បាលគ្រាប់នុយក្លេអ៊ែរ ចូលចតនៅកូរ៉េខាងត្បូង។

 
វត្តមាននាវាមុជទឹកអាម៉េរិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន USS Kentucky មិនបានធ្វើឱ្យកូរ៉េខាងជើងសប្បាយចិត្តឡើយ ដោយព្រមានពីការប៉ះទង្គិចយោធាលើឧបទ្វីបកូរ៉េថែមទៀត។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង លោក Kang Sun-nam ក៏បានរិះគន់ ក្រុមពិភាក្សានុយក្លេអ៊ែរអាម៉េរិក-កូរ៉េខាងត្បូង (NCG) ដែលត្រូវបានរៀបចំឡើងក្នុងសប្តាហ៍នេះផង។
 
ក្រោយសេចក្តីថ្លែងការណ៍មួយថ្ងៃរបស់កូរ៉េខាងជើង កូរ៉េខាងត្បូង មិននៅស្ងៀមឡើយ និងព្រមានបញ្ចប់របបដឹកនាំកូរ៉េខាងជើង ប្រសិនបើមានការវាយប្រហារនុយក្លេអ៊ែរមកលើខ្លួន និងសម្ព័ន្ធមិត្ត។ 
 
«ក្នុងព្រឹត្តិការណ៍វាយប្រហារនុយក្លេអ៊ែរកូរ៉េខាងជើងវាយប្រហារសម្ព័ន្ធមិត្តអាម៉េរិក-កូរ៉េខាងត្បូង វានឹងប្រឈមមុខការឆ្លើយតបភ្លាមៗ​ និងខ្លាំងៗពីសម្ព័ន្ធមិត្ត ហើយយើងព្រមានជាថ្មីតាមរយៈនេះ។ ការវាយប្រហារនឹងនាំឱ្យបញ្ចប់របបកូរ៉េខាងជើង»។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២១ ខែកក្កដា។ 
 
នាវាមុជទឹកអាម៉េរិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន USS Kentucky បានទៅដល់កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែកក្កដា ស្របពេលមានកិច្ចប្រជុំក្រុមពិភាក្សានុយក្លេអ៊ែរអាម៉េរិក-កូរ៉េខាងត្បូង (NCG)។ 
 
ទន្ទឹមនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បាននិយាយការពារកិច្ចប្រជុំនេះផង វត្តមាននាវាមុជទឹក និងកិច្ចប្រជុំ ជាវិធានការការពារស្របច្បាប់ក្នុងការប្រឆាំងនឹងការគំរាមកំហែងរបស់មីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង ហើយវាមិនបានបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
សូមបញ្ជាក់ថា វត្តមាននាវាមុជទឹកអាម៉េរិក USS Kentucky នៅកូរ៉េខាងជើង ជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៨១។ នាវាមុជទឹក បានប្រភេទនេះ អាចកំបាងខ្លួនពីរ៉ាដាសត្រូវ និងអាចបាញ់នុយក្លេអ៊ែរបាន៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com