ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ ៣ ទៅ៤ សប្ដាហ៍ក្រោយបោះឆោ្នត ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តី
21, Jul 2023 , 6:05 pm        
រូបភាព
ក្រោយការបោះឆ្នោត ពី៣ ទៅ៤ សប្ដាហ៍ ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តី។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកកាសែតនៃទូរទស្សន៍ phoenix ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។



«គេបានដឹងឥឡូវនេះ បេក្ខជននាយករដ្ឋមន្រ្តី គឺមានដល់ទៅ២ គឺបេក្ខជន ហ៊ុន សែន ផង បេក្ខជន ហ៊ុន ម៉ាណែត ផង ។ ចាំមើលប្រជាជនបោះឆ្នោតប៉ុន្មាន? ត្រង់ហ្នឹងអាចដឹង។ ហើយថា មិនត្រូវ នៅតែត្រឹម ៣ ឬ ៤អាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តី ក៏ថាបាន ហើយចាំមើលអ្នកដទៃ គេថាម៉េច? ស៊ីសង បន្ទាប់ពីនោះទៅ ហ៊ុន ម៉ាណែត ធ្វើការបានអត់? ខ្ញុំជឿថា ម៉ាណែត មានលទ្ធផលខ្ពស់ជាងខ្ញុំ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
 
ឆ្លើយតបនឹងសំនួររបស់អ្នកកាសែតទូរទស្សន៍ phoenix ជុំវិញការទិតៀនលោក ហ៊ុន ម៉ាណែត ដែលត្រូវស្នងតំណែងនាយករដ្ឋមន្រ្តីនេះ សម្ដេច ហ៊ុន សែន បានបកស្រាយថា គ្មានអ្នកណាម្នាក់ ដែលចិញ្ចឹមកូនមកហើយ បណ្ដុះបណ្ដាលឱ្យពួកគេក្លាយជាចោរនោះទេ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានពន្យល់ថា កូនមេដឹកនាំនៅជុំវិញពិភពលោក សុទ្ធតែទទួល និងស្នងតំណែងពីជីតា និងឪពុកម្ដាយរបស់ពួកគេ ដូចជា លោក George W Bush អតីតប្រធានាធិបតីអាម៉េរិកទី៤៣ ដែលមានឪពុកជាអតីតប្រធានាធិបតីដែរ គឺលោក George H W Bush ,អតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ិន ហ្ស៊ូអាបេ (មរណភាព កាលពីឆ្នាំ២០២២) ដែលមានជីតា ជាអតីតនាយករដ្ឋមន្រ្តី ហើយឪពុកជាអតីតរដ្ឋមន្រ្តីការបរទេស , នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ក៏មានឪពុកជាអតីតនាយករដ្ឋមន្រ្តី គឺ លោក លី ក្វាន់យូ ជាដើម។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា៖«ពួកអ្នកទិតៀន សូមឱ្យពួកគេទិតៀនទៀតចុះ។ អ្វីដែលសំខាន់ គឺ ហ៊ុន ម៉ាណែត អាចធ្វើនាយករដ្ឋមន្ត្រី បានឬអត់? វាត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា គ្រប់គ្រាន់ហើយ។ គ្មានអ្នកណា មានសិទ្ធិក្នុងការកាត់សិទ្ធិ ហ៊ុន ម៉ាណែត នៅពេលដែល ហ៊ុន ម៉ាណែត អត់មានទោសកំហុសទេ។ មិនមែនបានសេចចក្តីថា កូននាយករដ្ឋមន្រ្តី គ្មានសិទ្ធិធ្វើនយោបាយនោះទេ»។
 
ក្នុងកិច្ចសម្ភាសដដែលនោះ សម្ដេច ហ៊ុន សែន ពន្លយសម្តីដែលគួរឱ្យចាប់អារម្មណ៍ថា សម្ដេច នឹងអាចលែងមានអំណាច ក្រោយការបោះឆ្នោត ដែលហាក់មានន័យថា លោក ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំរដ្ឋាភិបាលជំនួសសម្ដេច។
 
«ឥឡូវ ខ្ញុំកំពុងអង្គុយ ដែលមានអំណាចពេញដៃ តែ១ខែក្រោយទៀត ខ្ញុំអត់មានអំណាចចុះហត្ថលេខា, អត់មានអំណាចដូចថ្ងៃនេះទេ។ ខ្ញុំជាអ្នកលះបង់ធំជាងគេ តែខ្ញុំត្រូវលះបង់ ។ មិនមែនដើម្បីកូនរបស់ខ្ញុំទេ តែធានាថា សន្តិភាពនៅកម្ពុជា ត្រូវធានាដោយអ្នកបន្ត ដែលជាឈាមជ័ររបស់ខ្ញុំ តែត្រូវធ្វើឱ្យត្រូវតាមច្បាប់។ គេ(ហ៊ុន ម៉ាណែត ) នឹងបម្រើប្រជាជនល្អជាងខ្ញុំ។ អ្នកដែលលះបង់ធំជាងគេ គឺអ្នកណា គឺខ្ញុំទេ។ ធ្លាប់អង្គុយធ្វើនាយករដ្ឋមន្ត្រី ឥឡូវមិនមែនជានាយករដ្ឋមន្រ្តី គ្រាន់តែជាឪពុកនាយករដ្ឋមន្រ្តីទេតើ»។ នេះជាការសង្កត់ធ្ងន់របស់សម្ដេច ហ៊ុន សែន។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com