ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោតថ្ងៃអាទិត្យ៖ សន្តិភាព, រាជានិយម, កសិកម្ម, ដំឡើងបៀវត្សរ៍, និព្វាន, Wifi, ទេសចរណ៍ផ្លូវភេទ..
21, Jul 2023 , 6:51 pm        
រូបភាព
ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧។ សារព័ត៌មានឌីជីថលថ្មីៗ សូមលើកឡើងដោយសង្ខេបពីជំហរ ក៏ដូចជាគោលនយោបាយគណបក្សទាំង១៨ សម្រាប់មិត្តអ្នកអាន ពិចារណា លើជម្រើសដែលខ្លួនពេញចិត្ត។

 
អ្នកបោះឆ្នោតមួយចំនួនច្បាស់ជាមានការសម្រេចចិត្តរបស់ខ្លួនរួចទៅហើយ ប៉ុន្តែសម្រាប់អ្នកដែលមានទាន់មានការសម្រេចចិត្តច្បាស់លាស់អាចសិក្សាបន្ថែមអំពីគណបក្សទាំង១៨នេះ ដោយសារតែថ្ងៃសៅរ៍ ទី២២ ខែកក្កដា គឺជាថ្ងៃ «ស» ពោលគឺមិនមានសកម្មភាពឃោសនានោះឡើយ។
 
លេខរៀងទី១ ក្នុងបញ្ជីពិតជាត្រឹមត្រូវណាស់សម្រាប់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្របស់លោក ម៉ម សូណង់ដូ។ ៨១ឆ្នាំ លោកជាប្រធានបក្សដែលមានវ័យចំណាស់ជាងគេបំផុត និងជាគណបក្សដ៏ចាស់វស្សាមួយដែលចូលរួមប្រកួតប្រជែងជាង២០ឆ្នាំ ប៉ុន្តែមិនធ្លាប់ទទួលបានអាសនៈសភាម្តងណាឡើយ។ «ឆន្ទៈ និងឧត្តមគតិរបស់ខ្ញុំនៅដដែល»។ ម្ចាស់អត្ថបទកំណាព្យ «តើខ្ញុំរស់បានរហូតដល់ពេលណា?» រូបនេះ បានបញ្ជាក់ជំហរយ៉ាងដូច្នេះ ដោយភ្ជាប់ជាមួយសារនយោបាយ «ភាពស្មោះសរ ប្តេជ្ញាចិត្ត និងទទួលខុសត្រូវ»។ 
 
លោក ម៉ម សូណង់ដូ អះអាងថា លោកមិនមែនប្រកួតប្រជែងដើម្បីដណ្តើមអំណាចនោះឡើយ ប៉ុន្តែជាការដណ្តើមធ្វើឱ្យសង្គមល្អប្រសើរ។ លោកមើលឃើញថា រដ្ឋាភិបាលមានគោលនយោបាយល្អ តែការអនុវត្តមិនសូវត្រឹមត្រូវ។ បើសំបុកឃ្មុំឈ្នះឆ្នោត គ្មានឡើយវប្បធម៌សម្របសម្រួល ដោយគ្រប់ករណីព្រហ្មទណ្ឌត្រូវតែឡើងដល់តុលាការ គ្មានឡើយការប្រើប្រាស់លុយកាក់ពីសំណាក់ឧកញ៉ា អ្នកមានលុយដើម្បីបញ្ចប់រឿង។
 
«ជ្រើសរើសមេដឹកនាំថ្មី គំនិតថ្មី ដើម្បីបង្កើតលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយម», «លេខ២ឈ្នះឆ្នោត  កម្ពុជាបង្កើតភាតរភាពរវាងខ្មែរនិងខ្មែរ កុំឱ្យបរទេសខ្ចីដៃខ្មែរដើម្បីញុះញង់ និងលាបពណ៌ដាក់ខ្មែរគ្នាឯង»។ ទាំងនេះជាសារនយោបាយដើម្បីទាក់ទាញអ្នកបោះឆ្នោតរបស់គណបក្សខ្មែរតែមួយរបស់លោក គុជ លី។ 
 
 
ប្រធានគណបក្សរូបនេះ បានលើកឡើងពីវិស័យស្នូលដែលនាំឱ្យសេដ្ឋកិច្ចរីកចម្រើន រួមមានកសិកម្ម ទេសចរណ៍ សំណង់ និងអចនទ្រព្យ។ បើនិយាយពីវិស័យកសិកម្ម គណបក្សខ្មែរតែមួយលើកពីគម្រោងបង្កើតសភាកសិករ តែបើនិយាយពីទេសចរណ៍ លោក គុជ លី បានបង្ហើបពីគម្រោងបង្កើតច្បាប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នោះ គឺការយកខេត្តព្រះសីហនុជាតំបន់ទេសចរណ៍បម្រើសេវាផ្លូវភេទ។ លោកមើលឃើញថា ករណីបង្ក្រាបនៅផ្លូវវេងស្រេង ផ្តល់នូវភាពអយុត្តិធម៌សម្រាប់អ្នកបម្រើសេវា នេះក៏ដោយសារតែរដ្ឋមិនមានច្បាប់ត្រឹមត្រូវការពារពួកគេ ហើយការប្រកបរបរដោយលាក់ខ្លួនតាមហាងម៉ាស្សា ឬសេវាផ្សេងៗ ធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងចំណូលផ្នែកសេដ្ឋកិច្ច។
 
លេខរៀងទី៣ គឺគណបក្សសញ្ជាតិកម្ពុជា។ «បើយើងឈ្នះឆ្នោត អ្នកចាញ់ក៏សុខ អ្នកឈ្នះក៏សុខ»។ នេះជាការអះអាងរបស់លោក សេង សុខេង ដែលជាប្រធានគណបក្ស ដោយលើកឡើងពីការប្រកាន់យកនូវគោលនយោបាយ៤ជាសច្ចភាព គឺសាមគ្គីធម៌ប្រជាជាតិ ធ្វើបុណ្យ រក្សាសីល និងបណ្តុះគ្រាប់ពូជនិព្វាន។
 
 
លោកឪ លោកតាមហាឪ ដែលគណបក្សសញ្ជាតិកម្ពុជា តែងតែលើកឡើងនោះ គឺព្រះសង្ឃ ព្រះគ្រូមហាថេរលោកតាហង្សភ្នំត្បែងមានជ័យ ហង្ស ដារ៉ា អតីតអ្នកនយោបាយ និងជាស្ថាបនិកបក្ស។ ក្រោមការត្រួសត្រាយរបស់ព្រះអង្គ បក្សដែលប្រកាន់យកព្រះធម៌ជាគោលមួយនេះ ធានាសុខសន្តិភាព ទាំងផ្លូវកាយ ផ្លូវចិត្តដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងដូចសម័យខ្មែរមហានគរ។
 
លេខ៤ អង្រួនអ្នកប្រជាធិបតេយ្យឱ្យជួបគ្នាវិញ មានលេខ៤ គ្មានការរំលោភបំពានពីអ្នកមានអំណាច។ នេះជាសារនយោបាយមួយរបស់គណបក្សខ្មែររួបរួមជាតិ ជាមួយនឹងការបង្ហាញភាពជាគំរូសម្រាប់អ្នកនយោបាយជាពិសេសតាមរយៈក្បាលម៉ាស៊ីនបក្ស ដែលធ្លាប់មាននិន្នាការផ្សេងគ្នា គឺលោក ញឹក ប៊ុនឆៃ ជាប្រធាន និងលោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។
 
 
គណបក្សខ្មែររួបរួមជាតិ ថាខ្លួនកំពុងអង្រួនដាស់ខ្មែរពីសណ្តំ ជាពិសេសអំពាវនាវដល់អ្នកដេក អ្នកដួល អ្នកដូរ ឱ្យចូលរួមគាំទ្រខ្លួនដែលជាអ្នកដើរ អ្នកសកម្មដើម្បីដឹកនាំប្រទេស។ «ការរួបរួម គឺធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំជាចម្បង មិនមែនជាការរួបរួម ធ្វើឡើងដើម្បីផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។ នេះជាសារដែលថ្នាក់ដឹកនាំបក្សមួយនេះ តែងតែថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ។
 
លេខរៀងទី៥ គឺគណបក្សកម្លាំងប្រជាធិបតេយ្ ដែលដឹកនាំដោយលោក អ៊ុន វិសិទ្ធគុន។ គណបក្សមានគោលនយោបាយសំខាន់ៗ៩ប្រការ ដែលក្នុងនោះ មានការបង្កើតទីផ្សារបែបទំនើបកម្មសម្រាប់វិស័យកសិកម្ម និងឧស្សាហកម្ម ការអភិវឌ្ឍ ថែរក្សាការពារធនធានធម្មជាតិ រួមទាំងការសន្យាហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី និងសន្តិសុខសង្គមជាដើម។
 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក អ៊ុន វិសិទ្ធគុន បានអះអាង នយោបាយបែបប្រជាធិបតេយ្យរបស់លោក គឺមិនប្រើជម្រើសរិះគន់ និងប្រឆាំងតវ៉ាគ្នាឡើយ ពោលគឺលោក នឹងប្រើជម្រើសជជែកពិភាក្សា និងការស្នើសុំឱ្យមានការដោះស្រាយបញ្ហាជាចម្បង។ ដោយឡែកគោលនយោបាយពង្រឹងអំណាចទាំង៣ឡើងវិញនោះ ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យសន្យាជំរុញឱ្យអង្គនីតិបញ្ញត្ត នីតិប្រតិបត្តិ និងអំណាចតុលាការ កាន់តែរឹងមាំ។
 
ចំពោះគណបក្សកសិករដែលស្ថិតនៅលេខរៀងទី៦ នេះជាលើកទី៤ហើយនៃការចូលរួមប្រកួតនយោបាយ។ ទោះមិនទទួលបានលទ្ធផលល្អកន្លងមកក្តី តែលោក មាស បូពៅ ដែលជាប្រធានគណបក្សបានអះអាងថា គណបក្សលោកធ្លាប់ជួយដោះស្រាយបញ្ហាពលរដ្ឋ ដូចជាករណីដីធ្លី និងបញ្ហាក្រៅប្រព័ន្ធតុលាការ។
 
 
ក្នុងចំណោមទិសដៅ និងយុទ្ធសាស្ត្រ១០ចំណុចរបស់ខ្លួន គណបក្សកសិករ បានលើកឡើងពីការកែប្រែជីវភាពកសិករ លើកទឹកចិត្តជួយបំផុសចលនាដាំដុះ និងចិញ្ចឹមសត្វគ្រប់ប្រភេទ ការរកទីផ្សាលក់ផលិតផលជូនកសិករ ការពារផលប្រយោជន៍ និងទាមទារយុត្តិធម៌ជូនកសិករ។
 
«ស្ត្រីអាចធ្វើបាន»។ នេះជាការជឿជាក់របស់លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី ដែលស្ថិតនៅលេងរៀងទី៧។ ប្រធានគណបក្សរូបនេះ បានបញ្ជាក់ថា គាត់ជោគជ័យក្នុងការជ្រោមជ្រែងគ្រួសារ និងក្នុងជំនួញ ដូច្នេះគាត់ក៏អាចទៅរួចផងដែរក្នុងការដឹកនាំនយោបាយ។
 
 
ក្រៅពីគោលដៅដោះស្រាយបញ្ហាស្ត្រី និងប្រជាកសិករនៅតាមមូលដ្ឋាន ប្រធានគណបក្សស្ត្រីដើម្បីស្ត្រីបានអំពាវនាវអ្នកគាំទ្របក្សប្រឆាំងឱ្យបោះឆ្នោតដល់ខ្លួន ព្រោះបើឈ្នះឆ្នោត គណបក្សនឹងដោះលែងអ្នកទោសនយោបាយទាំងអស់។ លើបណ្តាញសង្គម បក្សស្ត្រីដើម្បីស្ត្រី ធ្វើយុទ្ធនាការបែបកំប្លែងដ៏ទាក់ទាញ ដោយអំពាវនាវឱ្យបោះឆ្នោតដូរ ដូចជាដូរកង់ឡានដែលបែកយ៉ាងដូច្នោះដែរ។
 
«ប្រើប្រាស់ Wifi លំដាប់ 5G ដោយឥតគិតថ្លៃ? ចង់បានកម្មវិធីមិនឱ្យប្រឡងបាក់ឌុបធ្លាក់? ពេលចូលនិវត្តន៍ចង់មានអ្នកនាំទៅទស្សនកិច្ចនៅក្រៅប្រទេស?»។ លោក ក្រវ៉ាញ ដារ៉ន បានទាក់ទាញអ្នកបោះឆ្នោតឱ្យពិចារណាគាំទ្រគណបក្សខ្មែរឈប់ក្របស់លោក។
 
 
ស្ថិតនៅលេខរៀងទី៨ អ្នកនយោបាយដែលមកពីសហរដ្ឋអាម៉េរិករូបនេះ សន្យាដឹកនាំកម្ពុជាតាមបែបប្រជាធិបតេយ្យអាម៉េរិក បើបក្សរបស់លោកឈ្នះឆ្នោត។ លោកធានាថា ខ្មែរទាំងអស់នឹងគ្មានអ្នកក្រ ពោលគឺសុទ្ធតែក្លាយទៅជាអ្នកមាន រួមទាំងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ដែលបានសម្ភាសលោកនាពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។ 
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខរៀងទី៩ ដោយអ្នកគាំទ្ររំពឹងលើព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងការស្តារបក្សរាជានិយមមួយនេះ។ បុត្រាច្បងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ទទួលស្គាល់ថា ទ្រង់នៅក្មេងខ្ចីក្នុងការដឹកនាំនយោបាយ ប៉ុន្តែព្រះអង្គបន្តរៀន ហើយព្យាយាមធ្វើឱ្យបានល្អប្រសើរបំផុតដើម្បីបម្រើប្រជារាស្ត្រ ដែលគាំទ្រគណបក្សព្រះអង្គ។
 
 
នៅលើបណ្តាញសង្គម ជាពិសេស TikTok ព្រះអង្គម្ចាស់ ចក្រាវុធ ក្លាយជាតារាដ៏ល្បីល្បាញរួចទៅហើយ ជាពិសេសព្រះកាយវិការដ៏ទន់ភ្លន់ និងរួសរាយរាក់ទាក់របស់ព្រះអង្គ។ «អណត្តិនេះ សង្ឃឹមលើទ្រង់ហើយ! ជាជម្រើសតែមួយគត់របស់អ្នករាជានិយមពិតប្រាកដ! ទ្រង់សង្ហារណាស់!»។ ទាំងនេះស្ថិតក្នុងចំណោមសារគាំទ្រដ៏សន្ធឹកសន្ធាប់ចំពោះព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
 
ស្ថិតនៅលេខរៀងទី១០ គណបក្សធម្មាធិបតេយ្យ របស់លោកស្រី ពោធិតី សាវត្ថី ជឿថា តាមរយៈសកម្មភាពការងារក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់កន្លងមក គណបក្សខ្លួន នឹងអាចទទួលបានការគាំទ្រក្នុងកម្រិតណាមួយនាការបោះឆ្នោតខាងមុខ។ លោកស្រី សាវត្ថី អះអាងថា បក្សខ្លួនមិនយកលុយទៅទិញទឹកចិត្តពលរដ្ឋ តាមរយៈការចែកអំណោយណាមួយនោះឡើយ។ 
 
 
«លេខ១០ បញ្ចប់បញ្ហា, ផុតទុក្ខា, រួចសង្ខារ»។ នេះជាសារនយោបាយរបស់គណបក្សធម្មធិបតេយ្យ ដែលប្រកាន់យកនូវគោលការណ៍មាតាធិបតេយ្យ ហើយបន្តជូនទឹកភ្នែកអយុត្តិធម៌លើវង់ភក្ត្រពលរដ្ឋខ្មែរចេញឱ្យស្អាត។ ចំណុចដែលគួរឱ្យកត់សម្គាល់ក្នុងចំណោមគោលនយោបាយ១០ចំណុចនោះ គឺពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធអប់រំឱ្យបានល្អប្រសើរ តាមរយៈការដាក់ម៉ោងសម្រាប់ព្រះសង្ឃក្នុងការបង្រៀនសិស្សអំពីសាសនា និងគុណធម៌ រួមទាំងការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់សម្រាប់និស្សិតដើម្បីជួយពួកគាត់ឱ្យបានបញ្ចប់ការសិក្សា។
 
លេខរៀងទី១១ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលដឹកនាំដោយលោក យ៉េង វីរៈ។ គណបក្សអំពាវនាវដល់ពលរដ្ឋម្ចាស់ឆ្នោត ជាពិសេសអ្នកប្រជាធិបតេយ្យ កុំបំផ្លាញសន្លឹកឆ្នោតខ្លួនឯង កុំបំផ្លាញឱកាសខ្លួនឯង កុំបណ្តោយឱ្យខាតសំឡេងប្រជាធិបតេយ្យ៥ឆ្នាំបន្តទៀត ព្រោះនៅមានបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាជម្រើស។
 
 
ក្នុងគោលនយោបាយ១១ចំណុច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងពីការកំណត់អណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ, ការផ្តល់សេវាព្យាបាលឥតគិតថ្លៃ, ការជួយកសិករទទួលបានទឹក ទុន ទីផ្សារល្អ, ការផ្តល់ប្រាក់ឧបត្ថម្ភជូនចាស់ៗ អាយុចាប់ពី៦៥ឆ្នាំចំនួន២៥ម៉ឺនរៀលក្នុង១ខែ និងឧបត្ថម្ភស្ត្រីគ្រប់រូបចំនួន៨០ម៉ឺនរៀលពេលសម្រាលកូន និងផ្តល់ការគាំពារជនពិការដែលគ្មានលទ្ធភាពធ្វើការជាដើម។
 
គណបក្សបំណងពលរដ្ឋ ក្រោមការដឹកនាំរបស់លោក អ៊ិត សារម្យ ឯណោះវិញ គឺស្ថិតនៅលេខរៀងទី១២។ «កសាងមាតុភូមិមួយដែលពលរដ្ឋជាម្ចាស់រស់ក្នុងភាពថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវស្មារតីចូលរួមដោយយើង របស់យើង ដើម្បីជាតិយើង»។ នេះជាគោលនយោបាយចម្បងរបស់គណបក្ស។
 
ក្នុងបន្ទាត់នយោបាយដែលបានកំណត់ គណបក្សបំណងពលរដ្ឋ សន្យាសហប្រតិបត្តការជាមួយគណបក្សដទៃដោយឈរលើស្មារតីផលប្រយោជន៍ជាតិជាធំ ដោយមិនរើសអើងទស្សននយោបាយ និងសាសនាផ្សេងគ្នានោះឡើយ។ គណបក្សក៏បានលើកឡើងផងដែរពីការលើកកម្ពស់សិទ្ធិជាម្ចាស់ប្រទេសរបស់ពលរដ្ឋខ្មែរគ្រប់រូប ការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ និងការលើកទឹកចិត្តបញ្ញាវន្តក្នុង និងក្រៅប្រទេសចូលរួមអភិវឌ្ឍប្រទេសដោយស្មើភាព គ្មានការរើសអើង។
 
លេខរៀងទី១៣ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានលោក ហួន ច័ន្ទថុន ជាប្រធាន។ «ហ៊ានគិត ហ៊ានធ្វើ ហ៊ានប្រឈម»។ នេះជាទ្រឹស្តីចម្បងរបស់គណបក្ស ដែលគោលនយោបាយធំៗចំនួន៥ លើធនធានមនុស្ស, កសិកម្មនិងកសិឧស្សាហកម្ម, ទេសចរណ៍, សេដ្ឋកិច្ចជាតិ និងដំណើរការប្រព័ន្ធយុត្តិធម៌។
 
 
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចសន្យាផ្តល់អត្តប្រយោជន៍ច្រើនដល់ពលរដ្ឋបើខ្លួនឈ្នះឆ្នោត ក្នុងនោះមានការផ្តល់ប្រាក់ឧបត្ថម្ភជនចាស់ជរា២០ម៉ឺនរៀលក្នុង១ខែ, ការផ្តល់ឱ្យសិស្សទទួលបានការសិក្សា៨ម៉ោង និងអាហារ២ពេល និងការរួមចំណែកកាត់បន្ថយការចំណាយលើការសិក្សា ជាដើម។ សម្រាប់លោក ច័ន្ទថុន ការធ្វើនយោបាយ គឺជាការខ្វាយខ្វល់ពីបញ្ហាសង្គម នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយក៏មិនមែនទាល់តែមានទិសដៅដណ្ដើមអំណាចគ្នាដែរ។ 
 
បើធុញទ្រាន់នឹងនយោបាយលាបពណ៌ លោក អ៊ុន ជឹម អំពាវនាវដល់ម្ចាស់ឆ្នោតគូសលេខ១៤ ដើម្បីគាំទ្រគណបក្សឯកភាពជាតិរបស់លោក។ ជាអតីតព្រះសង្ឃពីសហរដ្ឋអាម៉េរិក និងមានបទពិសោធន៍បម្រើការនៅអង្គការក្រៅរដ្ឋាភិបាល ប្រធានបក្សរូបនេះ សន្យាដោះស្រាយបញ្ហាពុករលួយ និងគ្រឿងញៀន ជាចម្បង ហើយចាប់ដៃជាមួយគណបក្សទាំងអស់ដើម្បីផលប្រយោជន៍ជាតិ។
 
 
គណបក្សឯកភាពជាតិខ្មែរ បានដាក់ចេញនូវគោលនយោបាយអាទិភាព ដំឡើងប្រាក់ខែជូនមន្រ្តីរាជការ ទាបបំផុត ២,៥លានរៀល និង កម្មករទាបបំផុត ១,៥លានរៀល ហើយតំណាងរាស្រ្តដែលមិនបម្រើពលរដ្ឋដែលជាម្ចាស់ឆ្នោត នឹងត្រូវដកចេញពីតំណែង។
 
លេខ១៥ គឺគណបក្សខ្មែរអភិរក្ស ដោយលោក រៀល ខេមរិន្ទ្រ ប្រធានគណបក្ស ដែលជាអតីតតំណាងរាស្ត្របក្សប្រឆាំង បានលើកឡើងថា បក្សលោកបានឆក់យកបេះដូងពលរដ្ឋជាច្រើន តាមរយៈគោលនយោបាយ៧ចំណុច ជាពិសេសការពារបូរណភាពទឹកដី និងអធិបតេយ្យភាព។
 
 
«មិនចង់ឈ្នះដោយថោកទាប មិនចង់ចាញ់ដោយអយុត្តិធម៌ ពេញចិត្តនូវអ្វីដែលខ្លួនមាន មិនបំពានអ្នកដទៃ ឈ្នះចាញ់ជារឿងធម្មតា ចិត្តជាកីឡាករ»។ ទាំងនេះជាការលើកឡើងរបស់លោក រៀល ខេមរិន្ទ្រ ដោយលោកជឿជាក់ថា កិត្តិសព្ទដ៏ល្អរបស់លោកក្នុងនាមជាអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ជាចំណុចស្នូលដែលពលរដ្ឋជឿជាក់លើគណបក្សខ្មែរអភិរក្សរបស់លោក។
 
ងាកទៅគណបក្សយុវជនកម្ពុជាឯណោះវិញ លោក ពេជ្រ ស្រស់ ឆ្លងកាត់បទពិសោធន៍នយោបាយ៥ឆ្នាំ ម្ចាស់ឆ្នោតនឹងផ្តល់ឱកាសឱ្យខ្លួន។ «បើសិនពុកម៉ែបងប្អូនគិតពីអនាគតជាតិ និងគិតពីអនាគតសុខទុក្ខបងប្អូន  សូមនាំគ្នាទៅបោះឆ្នោតជូនលេខ១៦»។ ប្រធានគណបក្សវ័យជាង៤០ឆ្នាំរូបនេះ រំពឹងមានឱកាសប្រើប្រាស់សំឡេងរបស់ខ្លួនក្នុងសភា។
 
 
ក្នុងចំណោមគោលនយោបាយអាទិភាព៧ចំណុច គណបក្សយុវជនកម្ពុជា លើកឡើងពីការបញ្ចុះថ្លៃសាំង ជីកសិកម្ម ថ្នាំជំនួយកសិកម្ម, ការគិតគូរប្រាក់ខែមន្ត្រីរាជការ និងកម្មករ, ការបង្កើតមណ្ឌលថែទាំចាស់ជរាគ្មានទីពឹង, ការលុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង រួមទាំងការពិនិត្យឡើងវិញនូវការអនុវត្តច្បាប់អន្តោប្រវេសន៍។
 
នៅលេខរៀងទី១៧ គឺគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលកើតចេញពីក្រុមពលរដ្ឋជនជាតិដើមភាគតិច ហើយដឹកនាំដោយលោក ប្លាង ស៊ីន។ គោលដៅធំនៅភាគឦសាន គណបក្សមួយនេះ សន្យាបម្រើប្រយោជន៍ជាពិសេសសម្រាប់ពលរដ្ឋជនជាតិដើមភាគតិច ដោយផ្តោតលើសិទ្ធិសេរីភាព យុត្តិធម៌សង្គម អត្តសញ្ញាណ វប្បធម៌ ប្រពៃណី កេរ្តិ៍មរតកធនធានធម្មជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការរស់នៅប្រកបដោយនិរន្តរភាព។
 
នៅក្នុងគោលនយោបាយ១០ចំណុច គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា លើកពីការពន្លឿនការបោះបង្គោលព្រំដែន, ការលុបបំបាត់អំពើពុករលួយ, ការបញ្ឈប់ការផ្តល់ដីវិនិយោគឱ្យក្រុមហ៊ុនបរទេសដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ក៏ដូចជាការាលុបបំបាត់ការបំផ្លាញធនធានធម្មជាតិខុសច្បាប់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនជាដើម។
 
ចុងក្រោយគឺគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨។ លេខពៅគេ ប៉ុន្តែជាគណបក្សដ៏មហាចាស់វស្សាជាងគេក្នុងនយោបាយនៅកម្ពុជា ដោយសម្តេច ហ៊ុន សែន ដែលបច្ចុប្បន្នឈានដល់ការដឹកនាំប្រទេសជាង៣៨ឆ្នាំ រំពឹងបន្តទទួលបានការគាំទ្រដ៏ខ្លាំងក្លាបន្ថែមទៀតសម្រាប់នីតិកាលទី៧។ សម្តេចបានលើកឡើងម្តងហើយម្តងទៀតថា សម្តេចនឹងបន្តកាន់តំណែងរហូតទាល់តែសម្តេចលែងចង់ធ្វើ ហើយក្នុងពេលវេលាសមស្របណាមួយ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច នឹងក្លាយជានាយករដ្ឋមន្ត្រីបន្តវេន ទៅតាមការសម្រេចរួចហើយរបស់បក្ស។
 
 
«អរគុណសន្តិភាព! រួមគ្នាការពារសន្តិភាព!»។ ទាំងនេះជាខ្លឹមសារនយោបាយសំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលមានន័យទូលំទូលាយក្នុងការទាក់ទាញកម្លាំងគាំទ្រ ដែលអនុញ្ញាតឱ្យបក្សកាន់អំណាចមួយនេះ បន្តដឹកនាំរដ្ឋាភិបាលក្នុងអណត្តិថ្មី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com