ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋសម្រុកទៅបោះឆ្នោត តាមមណ្ឌលនីមួយៗ នៅថ្ងៃទី២៣ កក្កដា
23, Jul 2023 , 10:28 am        
រូបភាព
ដូចការគ្រោងទុក ! នៅព្រឹកថ្ងៃទី២៣ កក្កដានេះ ពលរដ្ឋនាំគ្នាសម្រុកទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅតាមមណ្ឌលនីមួយៗ ទូទាំងរាជធានី-ខេត្ត យ៉ាងច្រើនកុះករ។



ពលរដ្ឋខ្លះ ក្រោកតាំងពីព្រលឹមទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីជ្រើសរើសបក្សដែលខ្លួនស្រលាញ់ និងគាំទ្រ។ ​តាមមណ្ឌលបោះឆ្នោតនីមួយៗ បើកការិយាល័យពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ ក្រោយបិទបញ្ចប់ការបោះឆ្នោតហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសពីលទ្ធផលបឋម នៅល្ងាចថ្ងៃទី២៣ កក្កដា។

គ.ជ.ប ក៏បានផ្ដល់ប័ណ្ណសម្គាល់ខ្លួន ដល់អ្នកសង្កេតការណ៍បោះឆ្នោត ៧៤៣៤១នាក់ដែរ។ ជាមួយគ្នានេះ ក៏មានអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពី៦០ស្ថាប័ន ក្នុងនោះមានអតីតមេដឹកនាំស្ថាប័នរដ្ឋ និងសភា ពីបណ្តាប្រទេសនានា ដោយសារតែពួកគាត់ចាប់អារម្មណ៍អំពីការបោះឆ្នោតនៅកម្ពុជា ដែលដំណើរការតាមប្រជាធិបតេយ្យ និងផ្អែកតាមនីតិរដ្ឋត្រឹមត្រូវ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ និង​សម្ដេច​ ប៊ុន​  រ៉ានី​ បានទៅ​បោះឆ្នោត​នៅ​ការិយាល័យលេខ​ ១៦៩៧​ ក្នុងសាលា​គរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ។ ក្នុង​ការិយាល័យនេះ​ មាន​អ្នកសង្កេតការណ៍ជាតិ​ និង​អន្តរជាតិ​ ចូលរួម​ច្រើនកុះករ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានបក្សហ៊្វុនស៊ិនប៉ិច និងព្រះមាតា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី  យាងមកឆ្នោតនៅមណ្ឌលវត្តវាលស្បូវ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មុននឹងក្រោយឆ្នោត ព្រះអង្គម្ចាស់ មានព្រះបន្ទូលជាមួយអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិប្រមាណ២០នាទី។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥ នាក់ ខណៈការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួនសរុប ២៣.៧៨៩ ការិយាល័យ៕

Tag:
 នយោបាយ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com