ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ CPP៖ ពលរដ្ឋសម្រុកទៅបោះឆ្នោត បង្ហាញពីការភ្ញាក់រលឹកខ្ពស់ និងឆ្លើយតបទៅក្រុមប្រឆាំង
23, Jul 2023 , 3:27 pm        
រូបភាព
ពលរដ្ឋសម្រុកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ បង្ហាញពីការភ្ញាក់រលឹកខ្ពស់ ជាពិសេសឆ្លើយតបទៅនឹងការអំពាវនាវបែបអវិជ្ជមានរបស់ក្រុមប្រឆាំងរដ្ឋាភិបាល។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ នៅរសៀលថ្ងៃទី២៣ កក្កដា។


 
លោក សុខ ឥសាន បានកត់សម្គាល់ឃើញថា ការបោះឆ្នោតអាណត្តិនេះ មិនខុសពីអាណត្តិមុនទេ ដោយសារសន្ទុះពលរដ្ឋចូលរួមច្រើនកុះករ ទោះជាមានមតិអវិជ្ជមានជុំវិញការបោះឆ្នោតក្តី។ «ប្រជាពលរដ្ឋទូទាំងប្រទេសមានការភ្ញាក់រលឹកនយោបាយខ្ពស់ គឺពេលព្រឹកឡើង ពលរដ្ឋដើរសំដៅទៅការិយាល័យបោះឆ្នោត ដោយឈរតម្រង់ជួរមានរបៀបរៀបរយ។ ហើយការអញ្ជើញទៅបោះឆ្នោតនេះ គឺប្រព្រឹត្តទៅដោយរលូន មានភាពសប្បាយរីករាយ រាក់ទាក់ សួរសុខទុក្ខគ្នាទៅវិញទៅមក ហើយបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន តាមនីតិវិធី ដែលរៀបចំដោយមន្ត្រីគ.ជ.ប នៅតាមការិយាល័យនីមួយៗ»។ នេះបើតាមលោក សុខ ឥសាន ដែលបានបន្ថែមថា ការបោះឆ្នោតនេះ គ្មានករណីអំពើហិង្សាអ្វី ដែលគួរឱ្យព្រួយបារម្ភទេ។
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សកម្មភាពពលរដ្ឋទៅបោះឆ្នោតនេះ ក៏ជាការឆ្លើយតបទៅក្រុមប្រឆាំងរដ្ឋាភិបាល ដែលអំពាវនាវហាមពលរដ្ឋទៅបោះឆ្នោតដែរ។ «វាសរបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជា គោរពសិទ្ធិទូលំទូលាយរបស់ខ្លួន ដែលស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលបានកំណត់។ ទី២ វាជាការសំពងក្បាលទៅក្រុមប្រឆាំង»។ នេះបើតាមលោក សុខ ឥសាន ដែលបានបន្ថែមថា ពាក្យសម្តីរបស់ក្រុមប្រឆាំងរដ្ឋាភិបាល គ្មានឥទ្ធិពលអ្វី ដែលនាំឱ្យប៉ះពាល់ដល់ការបោះឆ្នោតនោះទេ។
 
ក្រោយបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការនាវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែកក្កដា នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរសព្ទថា ការបោះឆ្នោតមានភាពល្អប្រសើរ និងដំណើរការទៅយ៉ាងរលូន។
 
លោកបានបញ្ជាក់ថា ពលរដ្ឋមានភាពកក់ក្តៅ ពេលចេញទៅបោះឆ្នោត បើទោះបីជាមានមនុស្សមួយចំនួនតូចព្យាយាមបំផ្លាញសន្លឹកឆ្នោតក៏ដោយ។ បញ្ហានេះ លោកអះអាងថា សមត្ថកិច្ចបានកំណត់មុខសញ្ញាអ្នកបង្កបញ្ហារួចហើយ៕
 

Tag:
 សុខ ឥសាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com