អន្តរជាតិ
យ៉ាងហោចណាស់១៥នាក់បាត់បង់ជីវិត ក្នុងករណីលិចស្រឡាងនៅឥណ្ឌូណេស៊ី
24, Jul 2023 , 2:03 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែកក្កដា កំពុងស្វះស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួន ក្នុងករណីលិចស្រឡាងនៅដែនសមុទ្ររបស់ប្រជុំកោះ Sulawesi។ មនុស្សយ៉ាងហោចណាស់១៥នាក់ បានបាត់បង់ជីវិត ខណៈមនុស្ស ១៩នាក់ផ្សេងទៀត បន្តបាត់ខ្លួន។

 
តាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារជួយសង្រ្គោះ និងស្វែងរកជាតិរបស់ឥណ្ឌូណេស៊ី ក្នុងចំណោមអ្នកដំណើរ៤០នាក់ មនុស្សចំនួន១៩នាក់ កំពុងបាត់ខ្លួន ខណៈ ៦នាក់ត្រូវបានជួយសង្រ្គោះ។ ទន្ទឹមនេះ មនុស្សចំនួន១៥នាក់ផ្សេងទៀត បានបាត់បង់ជីវិត។ ហេតុការណ៍លិចស្រឡាងនេះ កើតឡើងនៅក្បែរកោះ Sulawesi ស្ថិតនៅទិសនិរតីឥណ្ឌូណេស៊ី  ក្នុងពាក់កណ្តាលយប់ចូលថ្ងៃទី២៤ ខែកក្កដា។ 
 
«រាល់ជនរងគ្រោះទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ និងត្រូវបានប្រគល់ជូនគ្រួសារ ខណៈមនុស្សដែលត្រូវបានជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។ មន្រ្តីទីភ្នាក់ងារជួយសង្រ្គោះ និងស្វែងរកក្នុងតំបន់ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៤ ខែកក្កដា។ 
 
ទន្ទឹមនេះ អាជ្ញាធរឥណ្ឌូណេស៊ី កំពុងស្វែងរកមនុស្សបាត់ខ្លួនចំនួន១៩នាក់ និងមូលហេតុនៃការលិចស្រឡាងផង។ ការស៊ើបអង្កេត ត្រូវបែងចែកជាពីរក្រុម ដោយមនុស្សមួយក្រុម ស្វែងរកនៅលើផ្ទៃទឹក និងមួយក្រុមទៀត ត្រូវមុជទឹក រកជនរងគ្រោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សូមបញ្ជាក់ថា ស្រឡាងមួយនេះ បានឆ្លងពីភូមិ Lanto នៅកោះ Buton ទៅភូមិ Lagili លើកោះMuna។ ស្រឡាង ជាមធ្យោបាយដឹកជញ្ជូនដ៏សាមញ្ញមួយនៅឥណ្ឌូណេស៊ី ដែលសម្បូរដោយកោះច្រើនជាង១៧០០០។ ហេតុការណ៍លិចស្រឡាងតែងកើតមានជាញយៗ នៅប្រទេសមួយនេះ ដោយសារតែការផ្ទុកមនុស្ស​ និងសម្ភារច្រើន រួមទាំងខ្វះសម្ភារការពារសុវត្ថិភាពលើស្រឡាង៕  
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com